ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្មី​ៗ​នេះ​​បាន​ប្រកាស​ចាប់​ផ្តើម​យុទ្ធនាការ​ពង្រឹង​ឯករាជភាព​វិស័យ​សេដ្ឋកិច្ច​កម្ពុជា ​ដើម្បី​​​ទប់​ស្កាត់​ភាព​ងាយ​​រង​គ្រោះ​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ក្រៅ​​ប្រទេស​​​តាម​​រយៈ​ការ​សម្រួល​​​បែប​បទ​ធ្វើ​ពាណិជ្ជកម្ម និង​លុប​ចោល​នីតិ​វិធី​មួយ​ចំនួន​​​។​

ក្នុង​ចំណោម​ការ​សម្រេច​ចិត្ត​ជា​ស៊េរី​នៃ​​យុទ្ធនា​ការ​ថ្មី​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​​​ក្នុង ជំនួប​សំណេះ​​​​សំណាល​ប្រចាំ​ឆ្នាំ​ជាមួយ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ជាង ៥ ពាន់​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ថា​ លោក​បាន​សម្រេច​លែង​ឲ្យ​​មាន​ស្ថាប័ន​​កាំ​កុង​ត្រូល​ជា​អ្នក​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ​នាំចូល​ទៀត​ហើយ ដោយ​លើក​ឡើង​ថា​ ស្ថាប័ន​​ច្រើន​​នឹង​​​បង្កើត​ទៅ​ជា​ឧបសគ្គ​ដែល​​​​រារាំង​​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​។​

លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា នីតិ​វិធី​គយ​មួយ​ចំនួន​នឹង​ត្រូវ​សម្រួល​ ហើយ​ការ​បង់​លុយ​ក្រៅ​ផ្លូវ​ការ ​នឹង​ត្រូវ​លុប​បំបាត់ ហើយ​បន្ថែម​លើ​នេះ​​កម្រៃ​ស្កេន​​ទំនិញ​នាំ​ចេញ​ ក៏​នឹង​ត្រូវ​បាន​​កាត់​បន្ថយ​ផង​ដែរ​ ដើម្បី​សម្រួល​បន្ទុក​ចំណាយ​របស់​ពាណិជ្ជករ។

លោក​មាន​ប្រសាសន៍​​ថា៖ ​«​​[យើង] ​បើក​យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​របស់​កម្ពុជា [...] មាន​ចំណុច​​​មួយ​ចំនួន ​អាច​​​នឹង​ជួយ​វិស័យ​ធុរកិច្ច​របស់​យើង បើ​ទោះ​បី​ជា​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ ក៏​កម្ពុជា​នៅ​តែ​រស់។ ឧទាហរណ៍ ខ្ញុំ​បាន​​​​​សម្រេច​អម្បាញ់​មិញ​នេះ តាម​​មាត់​ច្រក​​តាម​ព្រំដែន ក្នុង​ការ​នាំចេញ​នាំចូល អត់​មាន​តម្រូវ​ការ​មាន​ស្ថាប័ន​ណា​ ក្រៅ​តែ​ពី​អន្តោ​ប្រវេសន៍ និង​គយ​ទេ។ ឲ្យ​តែ​ ២ ហ្នឹង​ទេ ក្រៅ​ពី​នោះ​ដក​ចេញ​ឲ្យ​អស់។ ទាំង​កាំ​កុង​ត្រូល អី​ដក​​ចេញ​ឲ្យ​អស់»​។

លោក​ថ្លែង​បន្ត​ថា​៖​ «​សូម្បី​តែ​បញ្ហា​ផ្នែក​គយ អា​ផ្នែក​នេះ​ផ្នែក​នោះ ការ​ចំណាយ​លើ​តុ និង​ក្រោម​តុ​ វា​នៅ​មាន ត្រូវ​​កាត់​បន្ថយ​អា​ហ្នឹង​ឲ្យ​អស់ ជម្រះ​​បញ្ជី​វា​ចេញ ដើម្បី​យើង​ពង្រឹង​ស្មារតី​​ឯករាជ្យ​របស់​យើង​ កុំ​ឲ្យ​ផ្អែក​លើ​​អុកស៊ីហ៊្សែន​របស់​គេ»​។

លោក​នាយក​រដ្ឋ​មន្ដ្រី​មិន​បាន​លម្អិត​នោះ​ទេ​ថា​ តើ​នៅ​ពេល​ណា​ដែល​សេចក្ដី​សម្រេច​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​អនុវត្ត។ សហភាព​អឺរ៉ុប (EU) និង​អាមេរិក គឺ​ជា​ទីផ្សារ​សំខាន់​របស់​កម្ពុជា។ កាល​ពី​​ខែ​តុលា​​ ឆ្នាំ​មុន សភា​អឺរ៉ុប​ បាន​ព្រមាន​ថា ​កម្ពុជា​នឹង​បាត់បង់​ការ​ទទួល​​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​​កម្មវិធី «អ្វី​ៗ​គ្រប់​យ៉ាង​​លើកលែង​តែ​អាវុធ (EBA)» របស់​ខ្លួន​សម្រាប់​ការ​​នាំ​ចេញ​ទៅ​កាន់​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​​របស់​ពិភព​លោក​មួយ​នេះ ពោល​គឺ​ជា​ការ​ឆ្លើយ​តប​​​បែប​​ពិន័យ​ចំពោះ​​​​កម្ពុជា​ដែល​ងាក​ចេញ​​ពី​លទ្ធិ​ប្រជាធិបតេយ្យ។​

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ២ ​​រូប​ កាល​ពី​ថ្ងៃ​​​ពុធ​​សប្តាហ៍​មុន​ បាន​ដាក់​សំណើ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​​ឆ្នាំ ២០១​៩ ​ដែល​ទាមទារ​​​ឲ្យ​រដ្ឋាភិបាល​​អាមេរិក​​​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សិទ្ធិ​ពិសេស​​​ក្នុង​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ ​ដែល​បាន​​​ផ្តល់​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​ឲ្យ​ដឹង​កាល​ពី​​ថ្ងៃ​អាទិត្យ​ថា ការ​កាត់​បន្ថយ​ឧបសគ្គ និង​ការ​ចំណាយ​នៅ​តាម​ព្រំដែន​នឹង​ជួយ​ដល់​ក្រុមហ៊ុន​នាំចេញ​​ឲ្យ​​​​កាត់​បន្ថយ​​​​ចំណាយ និង​ពេល​វេលា​។ លោក​បន្ថែម​ថា ក្រៅ​ពី​កាត់​បន្ថយ​កម្រៃ​​ផ្លូវ​ការ​ កម្រៃ​ក្រៅ​ផ្លូវ​ការ​ក៏​ចាំ​បាច់​ត្រូវ​បំបាត់​ផង​ដែរ​។​

លោក​​ថ្លែង​ថា​៖ «​ការ​សម្រេច​នេះ​​ជួយ​​កែ​លម្អ​សមត្ថភាព​ប្រកួត​ប្រជែង​របស់​​កម្ពុជា ប៉ុន្តែ​ខ្ញុំ​​គិត​ថា វា​នៅ​មិន​ទាន់​​​គ្រប់គ្រាន់​នៅ​ឡើយ​ក្នុង​ការ​ប៉ះប៉ូវ​សម្រាប់​ការ​​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ ប្រសិន​បើ​វា​​​ត្រូវ​បាន​គេ​ដក​ចេញ​មែន​​នោះ​»។​

លោក​បាន​លើក​ឡើង​ថា​៖ «​ដើម្បី​ក្លាយ​ជា​​អ្នក​ប្រកួត​ប្រជែង​ពេញ​លេញ​មួយ ​កម្ពុជា​ចាំបាច់​ត្រូវ​តែ​កាត់​បន្ថយ​ការ​​ចំណាយ​បន្ថែម​ទៀត​លើ​ដំណើរ​ការ​​នៃ​ការ​ធ្វើ​អាជីវ​កម្ម​ទាំងមូល​​ រាប់​ចាប់​តាំង​​​ពី​ការ​ចាប់​ផ្ដើម​អាជីវកម្ម​រហូត​​ដល់​ការ​ទទួល​បាន​អគ្គិសនី​ប្រកប​ដោយ​​គុណភាព​ និង​​​តម្លៃ​ទាប​ រួម​ទាំង​ប្រព័ន្ធ​សេវា​ច្បាប់ និង​តុលា​ការ​ប្រកប​ដោយ​គុណភាព​»។​

សេចក្តី​ថ្លែង​ការណ៍​ពី​​សមាគម​រោងចក្រ​កាត់​ដេរ​​កម្ពុជា (GMAC) ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​សម្រេច​ចិត្ត​ថ្មី​របស់​រដ្ឋាភិបាល​  គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​ដ៏​ល្អ​មួយ ដោយ​សារ​តែ​វា​នឹង​ជួយ​​សម្រួល​​ពាណិជ្ជកម្ម និង​បន្ទាប​តម្លៃ​​ធ្វើ​ពាណិជ្ជ​កម្ម​​​។

តាម​ GMAC សម្រាប់​វិស័យ​សម្លៀក​​បំពាក់​កម្ពុជា ​មាន​ស្ថាប័ន​អធិការ​កិច្ច​សំខាន់​ចំនួន​ ២ មក​ពី​រាជ​រដ្ឋាភិបាល គឺ​មន្ដ្រី​គយ និង​មន្ដ្រី​កាំ​កុង​ត្រូល​។​

សេចក្តី​​​ថ្លែង​ការណ៍​របស់​ GMAC បញ្ជាក់​ថា​៖​ «យើង​តែងតែ​បង់​កម្រៃ​សម្រាប់​ការ​អធិការ​កិច្ច​​ទំនិញ​សម្រាប់​គយ និង​កាំកុងត្រូល ដូច្នេះ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការ​ដក​កាំ​កុង​ត្រូល​ចេញ​​​ពី​នីតិ​វិធី​​[ការ​អធិការ​កិច្ច​ទំនិញ​] នឹង​ជួយ​កាត់​បន្ថយ​បន្ទុក​របស់​យើង និង​​កាត់​បន្ថយ​ការ​​ចំណាយ​​លើ​កម្រៃ​នៃ​​ការ​ធ្វើ​អធិការ​កិច្ច​»។​

យោង​តាម GMAC កម្រៃ​សម្រាប់​ការ​ធ្វើ​អធិការ​កិច្ច​របស់​កាំកុងត្រូល មាន​កម្រិត​ខ្ពស់​ជាង​កម្រៃ​សម្រាប់​ការ​ធ្វើ​​អធិការកិច្ច​របស់​គយ ដោយ​ការ​ចំណាយ​លើ​​​កាំកុងត្រូល​មាន​តម្លៃ​ ២៥០ ០០០ រៀល (៦២,​៥ ដុល្លារ) ក្នុង​មួយ​កុង​តឺន័រ (តម្លៃ​​បន្ត​ធ្លាក់​ចុះ​សម្រាប់​​កុងតឺន័រទី ២ និងទី ៣) ខណៈ​​ការ​ចំណាយ​លើ​​គយ​មាន​ត្រឹម​តែ ៦០ ០០០ រៀល (១២,៥ ដុល្លារ) ​ក្នុង​ ១ កុងតឺន័រ​ប៉ុណ្ណោះ។​

GMAC ​បញ្ជាក់​ថា​៖ «​ការ​កែ​ទម្រង់​កាន់​តែ​ច្រើន នឹង​ធ្វើ​​ឲ្យ​តម្លៃ​​ផលិត​របស់​យើង​កាន់​តែ​ទាប ​ហើយ​ប្រសិន​បើ​​ផលិតភាព​ការងារ​របស់​យើង​នឹង​បន្ត​​កើន​ឡើង ឧស្សាហកម្ម​របស់​យើង​នឹង​អាច​រស់​បាន​​ក្នុង​ស្ថានភាព​​ពិបាក​ណា​មួយ​ [ការដក​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម]»។

លោក​ស្រី កែវ មុំ​ អគ្គនាយិកា​​ក្រុមហ៊ុន Ly Ly Food Industry ដែល​នាំចេញ​ទំនិញ​ទៅ​កាន់​ ១១ ប្រទេស​បាន​​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​គួរ​​ដក​តែ​ភារកិច្ច​នៃ​ការ​ធ្វើ​អធិការកិច្ច​របស់​កាំកុងត្រូល​សម្រាប់​តែ​​ការ​នាំចេញ​ទំនិញ​បាន​ហើយ​ ដោយ​សារ​វា​​នឹង​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​ការ​​ផលិត​ក្នុង​ស្រុក និង​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​។​

លោក​ស្រី​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​រក្សា​ទុក​មុខងារ​នៃ​ការ​ធ្វើ​អធិការកិច្ច​​​​​​គុណភាព​ទំនិញ​​នាំចូល និង​ធ្វើ​វា​ឲ្យ​​បាន​​តឹងរ៉ឹង​ដើម្បី​ធានា​សុវត្ថិភាព​អាហារ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​ការ​ផលិត​ក្នុង​ស្រុក​។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «​បើ​រដ្ឋាភិបាល​ជួយ​ដក​នីតិ​វិធី​​អធិការ​កិច្ច​សម្រាប់​​ការ​នាំចេញ​ទំនិញ​​ វា​មាន​ប្រយោជន៍ ហើយ​វា​ជំរុញ​ដល់​ការ​ផលិត​ក្នុង​ស្រុក ដើម្បី​ពង្រឹង​សក្ដានុពល​​របស់​ពួក​គេ»។

លោក​ស្រី​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ប្រសិន​បើ​យើង​កាត់​បន្ថយ​នីតិ​វិធី​អធិការ​កិច្ច​​សម្រាប់​ការ​នាំចូល​ដែរ​នោះ​ វា​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពួក​យើង​ ដោយ​សារ​ទំនិញ​គុណភាព​ទាប និង​​ទំនិញ​ផុត​កំណត់ អាច​​ហូរ​ចូល​​កាន់​តែ​ច្រើន​​​​​ក្នុង​ប្រទេស​របស់​យើង និង​ប៉ះពាល់​ដល់​សុខភាព​របស់​​ប្រជាជន​»​។​

លោក​ស្រី​ថ្លែង​ថា​៖ «​នៅ​ពេល​យើង​នាំ​ចេញ​ទំនិញ​ទៅ​បណ្ដា​ប្រទេស​ជិត​ខាង​​របស់​យើង ពួក​គេ​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​អធិការ​កិច្ច​ទំនិញ​យើង​​​​ច្រើន​យ៉ាង ហើយ​យើង​ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​នីតិ​វិធី​អធិការ​កិច្ច​ជា​ច្រើន​។ ដូច្នេះ​បើ​យើង​ដក​ភារកិច្ច​អធិការ​កិច្ច​សម្រាប់​ទំនិញ​​​នាំចូល​​ យើង​នឹង​ចាញ់​ប្រៀប​​គេ ហើយ​ការណ៍​នេះ​នឹង​ប៉ះពាល់​ដល់​ការ​ផលិត​​ក្នុង​ស្រុក​របស់​យើង​»៕​ LA