ភ្នំពេញ: មន្ត្រីជំនាញនៃគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន នឹងបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីពន្លឿនកិច្ចសហការគ្នារៀបចំស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ ១៩ ដែលបានវាយប្រហារលើសេដ្ឋកិច្ចសកលលោក។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលនឹងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិនដើម្បីពិភាក្សារនៃការសហការគ្នាស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ១៩ នៅថ្ងៃ ១៦ ខែមិថុនា។
ការថ្លែងនេះធ្វើឡើងក្នុងប្រជុំផ្ទៃក្នុងគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែមួយ «កម្ពុជា-ចិន» នៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ។
លោកបានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការភាគីកម្ពុជានេះនឹងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការកម្ពុជាតាមរយៈ Video Conference ពិភាក្សាជាមួយភាគីចិនដែលដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។
លោកថ្លែងថា៖ «កិច្ចប្រជុំនេះនឹងពិភាក្សាគ្នាលើរបៀបវារៈថា តើកិច្ចសហការរវាងកម្ពុជា-ចិនកន្លងមកមានលក្ខណៈយ៉ាងណា? ហើយទៅពេលអនាគតនឹងបន្តសហការគ្នាយ៉ាងណាបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយពីវិបត្តិកូវីដ ១៩?»។
កម្ពុជា-ចិនត្រូវបានរំពឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) នៅខែនេះ បន្ទាប់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីពាក់កណ្តាលខែឧសភាបានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពីការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីចរចា FTAs នេះដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងធ្វើពិពិធកម្មពាណិជ្ជកម្មរបស់កម្ពុជា។
លោកបាននិយាយថាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីគឺចាំបាច់ណាស់ដើម្បីធ្វើសមាហរណកម្មប្រទេសទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ លោកថា៖ «កិច្ចព្រមព្រៀងទាំងនេះមានគោលបំណងពង្រីក និងបើកចូលទៅកាន់ទីផ្សារខាងក្រៅសម្រាប់ការនាំចេញដ៏ធំទូលាយរបស់កម្ពុជា»។
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា គណៈកម្មការអន្តរក្រសួងដែលទទួលបន្ទុកចរចាជាមួយភាគីចិន កំពុងតែដំណើរការចរចាជាមួយគ្នា ហើយលទ្ធផលនៃកិច្ចប្រជុំនឹងត្រូវផ្សព្វផ្សាយតាមក្រោយ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ក្នុងឱកាសនេះ រដ្ឋាភិបាលទាំង ២ អាចនឹងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិនបន្តទៀត ហើយភាគីទាំង ២ ក៏ពិភាក្សារកដំណោះស្រាយស្តារសេដ្ឋកិច្ចរបស់កម្ពុជាក្រោយជំងឺកូវីដ ១៩ ផងដែរ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ការជជែកគ្នានេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនមួយកម្រិតទៀត ប្រសិនបើយើងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ»។
លោកបន្តថា បើទោះជាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញផលិតផលកសិកម្មមួយចំនួនទៅកាន់ទីផ្សារប្រទេសចិន រួមមាន អង្ករ ស្វាយ ម្រេច កៅស៊ូ ស្វាយចន្ទី ជាដើម។
លោកនិយាយថា៖ «ប្រទេសចិន បានមើលឃើញថាកម្ពុជាជាកន្លែងស្តុកទំនិញសម្រាប់នាំចេញទៅកាន់ប្រទេសជាសមាជិកក្នុងតំបន់អាស៊ាន តែយើងត្រូវសម្រិតសម្រាំងមុខទំនិញសំខាន់ៗសម្រាប់ជាតម្រូវការរបស់ប្រទេសរបស់យើងដែរ»។ LA