ភ្នំពេញៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​បន្តធ្វើ​កិច្ចសហការ​រវាង​រដ្ឋបាល​សារពើពន្ធ និង​សភាពាណិជ្ជកម្ម​ចិន​ (​កម្ពុជា​) ​ដើម្បី​ជំរុញ​ឲ្យ​ការផ្ដល់សេវា​ជូន​អ្នក​ជាប់ពន្ធ​កាន់តែ​មាន​ភាពប្រសើរ​។

ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​ក្រុមការងារ​ភាពជា​ដៃគូ​អគ្គនាយកដ្ឋាន​ពន្ធដារ-សភាពាណិជ្ជកម្ម​ចិន​ (​កម្ពុជា​) កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សា​ការងារ និង​ស្វែងយល់​ពី​បញ្ហា​មួយចំនួន​ដែល​ជា​ចម្ងល់​របស់​វិស័យ​ឯកជន​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រេច​បង្កើត​ឲ្យ​មាន​ក្រុម​ធ្វើ​ការងារ​រួមគ្នា​នេះ​កាលពី​ចុងខែ​សីហា ឆ្នាំ​ ២០១៩ មក​នេះ​ជា​លើក​ទី​ ១ ហើយ​ដែល​ក្រុមការងារ​ភាពជា​ដៃគូ​អគ្គនាយកដ្ឋាន​ពន្ធដារ-សភាពាណិជ្ជកម្ម​ចិន​ (​កម្ពុជា​) បាន​ជួបប្រជុំគ្នា​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ស្វាគមន៍​កិច្ចប្រជុំ​នេះ និង​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​លោក​ក្នុង​ការធ្វើ​កិច្ចសហការ​រវាង​រដ្ឋបាល​សារពើពន្ធ និង​សភាពាណិជ្ជកម្ម​ចិន​ (​កម្ពុជា​) ដើម្បី​ជំរុញ​ឲ្យ​ការផ្ដល់សេវា​ជូន​អ្នក​ជាប់ពន្ធ​កាន់តែ​មាន​ភាពល្អប្រសើរ​។

លោក​បាន​ថ្លែង​ថា​៖ «​កិច្ចសហការ​ដ៏ល្អប្រសើរ​នេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង និង​ជំនឿ​ទុកចិត្ត​របស់​រដ្ឋបាល​សារពើពន្ធ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិនិយោគ​បរទេស ដែល​ធ្វើការ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​»​។

លោក Jing Jun សហប្រធាន​សភាពាណិជ្ជកម្ម​ចិន​ (​កម្ពុជា​) ​បាន​ប្រាប់ថា ជាមួយ​នឹង​ភាព​រីកចម្រើន​របស់​ខ្លួន បច្ចុប្បន្ន​វិស័យ​ឯកជន​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ការប្រកប​អាជីវកម្ម​ផងដែរ​ពិសេស​ទាក់ទង​នឹង​វិស័យ​ពន្ធដារ ដែល​ទាមទារ​ឲ្យ​មាន​ការពន្យល់​បន្ថែម​ពី​អ្នកជំនាញ​ពន្ធដារ​។ លោក​និយាយថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ជា​និច្ចកាល​តែង​យកចិត្ត​ទុកដាក់​លើ​ការលើកឡើង​នូវ​សំណើ​ក៏ដូចជា​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន​ពេលកន្លងមក​»​។

ខ្លឹមសារ​សំខាន់ៗ​ដែល​បាន​លើក​យក​មក​ពិភាក្សា​នាពេល​នោះ​មានដូចជា ការកំណត់​ពន្ធ​ឡើងវិញ ការអនុវត្ត​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ការលើក​ទឹកចិត្ត​ចំពោះ​គម្រោង​វិនិយោគ​ធំៗ ការស្នើសុំ​អត្ថប្រយោជន៍​តាម​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការធ្វើ​សវនកម្ម​ពន្ធដារ ការលើកលែង​លើ​អាករ​បន្ថែម ការអនុវត្ត​ការលើកលែង​អាករ​លើ​តម្លៃបន្ថែម ការអនុវត្ត​យន្តការ​លើកទឹកចិត្ត​ដូចជា​សកម្មភាព​កាត់ដេរ និង​ការស្នើសុំ​វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ​ជាដើម​។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០១៩ ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ពន្ធអាករ​បាន ២៤០៤ ​លាន​ដុល្លារ​ កើន ២៨,៣១ ភាគរយ​ ស្មើនឹង ៥៣០,៥ លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ ចំណូល​ក្នុង​រយៈពេល ១០ ​ខែ​នេះ ​គឺមាន​បរិមាណ​ស្មើនឹង ១០៥,០៦ ភាគរយ​ នៃ​ផែនការ​ប្រមូល​ចំណូល​ប្រចាំឆ្នាំ​ ២០១៩ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​៕ LA