ភ្នំពេញៈ មជ្ឈមណ្ឌលប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ត្រូវបានបង្កើតឡើងលើកដំបូងកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបម្រើជាមជ្ឈមណ្ឌលច្រកចេញចូលតែមួយសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍កម្ពុជា និងថៃ ជាពិសេសនឹងក្លាយជាកាតាលីករក្នុងការចូលរួមអនុវត្ត «យុទ្ធសាស្ដ្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣»។
CBC ដែលត្រូវបានផ្តួចផ្ដើមដោយស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក គឺជាការចាប់ផ្ដើមដំបូងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ដ្រ ដើម្បីជាការលើកកម្ពស់ការទូត សេដ្ឋកិច្ច និងជាស្ពានចូលរួមចំណែកដល់គោលនយោបាយសេដ្ឋកិច្ច និងការទូតរបស់រដ្ឋាភិបាលទៅកាន់បណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់ និងលើពិភពលោក។
លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំនៅទីក្រុងបាងកកបានឱ្យដឹងនៅក្នុងមហាសនិ្នបាតលើកដំបូងតាមអនឡាញនៃការដាក់ឱ្យដំណើរការ CBC ក្នុងប្រទេសថៃថា ស្ថានទូតប្រចាំទីក្រុងបាងកកតែងចូលរួមក្នុងសហគមន៍ពាណិជ្ជកម្មនៅប្រទេសថៃ ដើម្បីផ្សព្វផ្សាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញក្រុមវិនិយោគិនបរទេស។ ជាមួយនឹងទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយបណ្ដាប្រទេសជិតខាងដូចជាប្រទេសថៃ វាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចនាំយកអត្ថប្រយោជន៍សេដ្ឋកិច្ច សន្ដិភាព សន្ដិសុខ និងស្ថិរភាពទៅវិញទៅមក។
លោកថ្លែងថា៖ «យើងមានភាពម៉ឺងម៉ាត់ និងតែងដាក់កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីគាំទ្រក្រុមហ៊ុនទាំងឡាយដែលមានបំណងពង្រីកប្រតិបត្តិការរបស់ពួកគេមកប្រទេសកម្ពុជាដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្លាំងពលកម្មតម្លៃទាប ពន្ធ និងគោលនយោបាយលើកទឹកចិត្តដែលបានផ្ដល់ដោយរដ្ឋាភិបាល»។
លោកថ្លែងថា៖ «តាមរយៈការមកដល់នៃក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា ខ្ញុំសង្ឃឹមថា ភាពជាដៃគូរបស់សហគមន៍ពាណិជ្ជកម្មកម្ពុជា និងថៃ នឹងត្រូវពង្រឹងបន្ថែមទៀត សម្រាប់អត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង ២។ ខ្ញុំក៏ជំរុញឱ្យវិស័យឯកជនប្រទេសទាំង ២ ចូលរួមយ៉ាងសកម្មក្នុងយន្តការនេះ ដើម្បីប្រើប្រាស់កិច្ចសហប្រតិបត្តិការប្រកបដោយសក្ដានុពលពាណិជ្ជកម្មរបស់ពួកគេដល់កម្រិតខ្ពស់បំផុត»។
លោក សម្បត្តិ សុធា ប្រធាន CBC ដែលទើបជ្រើសតាំងថ្មីបានឱ្យដឹងថា CBC នឹងមិនគ្រាន់តែសំដៅលើការជំរុញការធ្វើពាណិជ្ជកម្ម ការជួញដូរ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីការផ្លាស់ប្តូរវប្បធម៌ និងវិស័យទេសចរណ៍ផងដែរ។
លោកបានបញ្ជាក់ថា៖ «គំនិតនៃការបង្កើត CBC នៅប្រទេសថៃបានក្លាយជាការពិតចំពោះខ្ញុំ។ យើងមានទាំងភាពខ្លាំង និងភាពខ្សោយ ប៉ុន្តែយើងអាចប្រើប្រាស់ពួកគេដើម្បីអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងរបស់យើង»។
លោកបានបន្ថែមថា៖ «ដូចយើងទាំងអស់គ្នាដឹងហើយថា CBC មានគោលបំណងក្នុងការក្លាយអ្នកផ្តល់សេវាច្រកចេញចូលតែមួយសម្រាប់ក្រុមហ៊ុន ដែលចង់ចាប់ផ្ដើមអាជីវកម្មនៅកម្ពុជា។ បេសកកម្មរបស់យើងក៏ជាការដឹកនាំដែលធ្វើឱ្យកើតមានឡើងពិតៗ។ នៅពេលយើងរួមកម្លាំងទាំងអស់របស់យើងជាដៃគូ យើងនឹងកាន់តែខ្លាំងដើម្បីប្រឈមនឹងសកលភាវូបនីយកម្មនេះ»។
លោក Teerawat Jitijak អនុប្រធានទើបនឹងជ្រើសតាំងថ្មីដែលគ្រប់គ្រងពាណិជ្ជកម្មជាច្រើនក្នុងប្រទេសថៃបានឱ្យដឹងថា ការបង្កើត CBC នឹងក្លាយជាអ្នកផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តក្នុងចំណោមពាណិជ្ជកររបស់ប្រទេសទាំង ២។ លោកបន្តថា៖ «យើងពិតជារីករាយក្នុងការធ្វើជាផ្នែកមួយនៃ CBC ដោយសារវានឹងបម្រើជាស្ពានមួយក្នុងការនាំយកពាណិជ្ជករ និងវិនិយោគិនប្រទេសថៃ ដើម្បីទំនាក់ទំនងដោយផ្ទាល់ជាមួយភាគីកម្ពុជា»។
យោងតាមលោក អ៊ូក សោភ័ណ្ឌ ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសវិនិយោគិនធំជាងគេទី ៩ នៅកម្ពុជា ដែលស្រូបយកប្រហែល ១ ពាន់លានដុល្លារនៅចន្លោះឆ្នាំ ១៩៩៤ និងចុងត្រីមាសទី ៣ ឆ្នាំ ២០១៧។
លោកបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនជាង ១ ០០០ មកពីប្រទេសថៃបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា។ ក្រុមហ៊ុនទាំងនោះមានដូចជាក្រុមហ៊ុន BJC BigC Group of Companies ក្រុមហ៊ុន Siam Cement Group (SCG) ក្រុមហ៊ុន Charoen Porkphand Group ក្រុមហ៊ុនប្រតិបត្តិករ CP All Public Company ដែលគ្រោងបើកហាងលក់ 7-Eleven នៅប្រទេសកម្ពុជា។
លោកលើកឡើងថា៖ «ជាមួយនឹងការដាក់ឱ្យដំណើរការ CBC កម្ពុជាក៏នឹងបើកដំណើរការដូចគ្នានេះដែរនៅក្នុងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់គឺ ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសច្រើនទៀតនៅពេលអនាគតដ៏ខ្លីខាងមុខ»៕ LA