
កម្ពុជា-ថៃបើកច្រកថ្នាក់តំបន់ចំនួន ៣ ឡើងវិញរួមមាន ច្រកព្រំដែនអូរអន្លក់ ស្ថិតនៅស្រុកកំរៀង និងច្រកអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក។ រូបថត REAKSMEY ID CARD VIA FACEBOOK
ភ្នំពេញៈ កម្ពុជា និងថៃបានឯកភាពគ្នាបើកឱ្យដំណើរការច្រកទ្វារព្រំដែនថ្នាក់តំបន់ចំនួន ៣ កន្លែងក្នុងខេត្តបាត់ដំបងឡើងវិញ ដើម្បីសម្រួលដល់ការដោះដូរទំនិញទ្វេភាគី។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា ប្រទេសទាំង ២ បានបើកដំណើរការសកម្មភាពដឹកទំនិញឆ្លងកាត់ច្រកព្រំដែនថ្នាក់តំបន់ទាំង ៣ នេះកាលពីថ្ងៃអង្គារ ទី ២៣ ខែមីនា។
លោកឱ្យដឹងថា ច្រកទ្វារថ្នាក់តំបន់ទាំង ៣ រួមមាន ច្រកព្រំដែនអូរអន្លក់ ស្ថិតនៅស្រុកកំរៀង និងច្រកអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹកជាប់ទៅនឹងស្រុកសយដាវ ខេត្តចាន់បុរី (ថៃ) និងច្រកទ្វារ ៤០០ ស្ថិតក្នុងស្រុកសំឡូត ជាប់នឹងស្រុកបរ៉ៃ ខេត្តត្រាត។
លោកថ្លែងថា៖ «យើងបើកច្រកនេះគឺអនុញ្ញាតឱ្យកសិផលរបស់កសិករខ្មែរដែលផលិតបានដូចជា ដំឡូងមី ស្វាយកែវរមៀត និងពោតក្រហម អាចដឹកជញ្ជូនទៅប្រទេសថៃ។ ការបើកឱ្យមានចរាចរណ៍នេះនឹងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនតាមរយៈបើកទីផ្សារឱ្យគាត់»។
លិខិតរបស់អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ចុះថ្ងៃទី ១៩ ខែមីនា បានបញ្ជាក់ថា ច្រកព្រំដែននេះដាក់ឱ្យដំណើរការសម្រាប់ការដោះដូរទំនិញគ្នាតែប៉ុណ្ណោះ ដោយអនុញ្ញាតឱ្យតែរថយន្តក្នុង ១ គ្រឿង មានមនុស្ស ២ នាក់ និងតម្រូវឱ្យគោរពតាមវិធានការការពារជំងឺកូវីដ ១៩។
លិខិតបញ្ជាក់ថា៖ «ទីតាំងដោះដូរទំនិញ និងលើកដាក់ទំនិញត្រូវធ្វើក្នុងបរិវេណច្រកទ្វារព្រំដែននីមួយៗ។ ការដឹកទំនិញឆ្លងកាត់ច្រកទ្វារគឺចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច»។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាន ៧ ២៣៦ លានដុល្លារ កាលពីឆ្នាំ ២០២០ ធ្លាក់ចុះ ២៣,១៧ ភាគរយធៀបនឹងឆ្នាំ ២០១៩៕ LA