ភ្នំពេញៈ ដំណើរការ​ផ្លូវដែក​ពី​កម្ពុជា​ទៅ​ថៃ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ជា​ផ្លូវការ​ឆាប់ៗ​ក្រោយ​ការចរចា​ថ្នាក់​រដ្ឋមន្ត្រី​រវាង​ប្រទេស​ទាំង​ ២ ​ដំណាក់កាល​ចុងក្រោយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា​។

លោក វ៉ាស៊ឹម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ភាគី​ទាំង​ ២ ​ពិភាក្សា​លើ​ការរៀបចំ​ឡើង​វិញ និង​ពង្រីក​នៃ​ស្ថានីយ​រួម​នៃ​ប្រទេស​ទាំង​ ២​។

លោក​បាន​ថ្លែង​ថា​៖ «​ជំនួប​ពិភាក្សា​នេះ​អាច​និយាយ​ថា​ជា​ដំណាក់កាល​ចុងក្រោយ​មុន​ពេល​រថភ្លើង​អាច​ធ្វើ​ប្រតិបត្តិការ​ទៅវិញ​ទៅមក​បាន ខណៈ​ការតភ្ជាប់​ត្រូវ​បាន​បញ្ចប់​រួចរាល់​ហើយ​»​។ ទោះបី​ជា​យ៉ាងនេះ​ក្តី​លោក​បញ្ជាក់​ថា ពេលវេលា​ជាក់លាក់​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ​។

ការដឹក​ជញ្ជូន​ទំនិញ​តាមរយៈ​ផ្លូវ​រថភ្លើង​មិន​ត្រឹម​តែ​អាច​ជួយ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន និង​ពេលវេលា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​មិន​ធ្វើឲ្យ​ខូចខាត​ដល់​ផ្លូវជាតិ​ផង​ដែរ ខណៈ​បច្ចុប្បន្ន​នេះ​រថយន្ត​ដឹកទំនិញ​ធំ​តែងតែ​ផ្ទុក​ទំនិញ​ធ្ងន់​លើស​ពី​ច្បាប់​កំណត់​យ៉ាង​ច្រើន​។

លោក កេត វិបុល អ្នក​នាំចូល​ក្រដាស និង ស្រោមសំបុត្រ​ពី​ប្រទេស​ថៃ​ ១ ​រូប​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​លោក​បាន​នាំ​ចូល​ទំនិញ​ចន្លោះ​ ១៥ ទៅ​ ២០ តោន ដែល​ត្រូវ​ចំណាយពេល​ចន្លោះ​ពី​ ៣ ទៅ ៤ ​ថ្ងៃ​។

លោក​ថ្លែង​ថា​៖ «​ទំនិញ​របស់​ខ្ញុំ​គិត​ចាប់ពី​ចេញ​ពី​រោងចក្រ​នៅ​ក្រុង​បាងកក​មក​ដល់​រាជធានី​អាច​មាន​រយៈពេល​ ៣-៤ ​ថ្ងៃ​ដោយ​ត្រូវ​ចំណាយ​ថ្លៃ​បង់ពន្ធ និង​ដឹកជញ្ជូន​អស់​ជាង​​ ២ ​ពាន់​ដុល្លារ​»​។ លោក​បន្ត​ថា​ពេល​ប្រតិបត្តិការ​ផ្លូវដែក​កម្ពុជា-ថៃ លោក​នឹង​ពិចារណា ការដឹកជញ្ជូន​តាម​ផ្លូវ​ដែក​វិញ​ដោយ​រំពឹង​ថា​នឹង​ចំណាយ​តិច​ជាង​។

បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​ផ្លូវដែក​ ២ ​ខ្សែ​គឺ​ខ្សែ​ទី​ ១ ចេញ​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​មាន​ចម្ងាយ ៣៨៦ ​គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​ចាប់ពី​ឆ្នាំ​ ១៩២៩ ដល់ ឆ្នាំ​ ១៩៤២ និង​ខ្សែ​ទី​ ២ ចេញ​ពី​ភ្នំពេញ​ទៅ​កំពង់ផែ​សមុទ្រ​ក្រុង​ព្រះសីហនុ​មាន​ចម្ងាយ ២៦៦ ​គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​ពី​ឆ្នាំ​ ១៩៦០ ដល់ ឆ្នាំ​ ១៩៦៩​។

កំណាត់​ផ្លូវដែក​ពី​ខេត្ត​ពោធិ៍សាត់​មក​ភ្នំពេញ​ត្រូវ​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី​ ៤ កក្កដា មាន​ប្រវែង ១៦៦ ​​គីឡូម៉ែត្រ​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ខណៈ​ការតភ្ជាប់​ផ្លូវដែក​នៅ​កម្ពុជា​ទៅ​ថៃ​ត្រូវ​បាន​បញ្ចប់ ១០០ ភាគរយ ប៉ុន្តែ​ការបើក​ដំណើរការ​នឹង​ត្រូវ​សម្រេច​ក្រោយ​ការពិភាក្សា​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ​។ លោក​ថ្លែង​ថា​៖ «​ថ្ងៃ​សុក្រ​នេះ ខ្ញុំ និង​ក្រុម​ការងារ​បច្ចេកទេស​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​របស់​ថៃ និង​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​ចរចា​បញ្ចប់​ការងារ​នេះ​»៕LA