ភ្នំពេញៈ កម្ពុជាបានរំកិលចំណាត់ថ្នាក់ ៣ លេខទាក់ទងនឹងភាពច្នៃប្រឌិតនៅឆ្នាំ ២០១៨ ខណៈរបាយការណ៍ថ្មីមួយស្តីពីសន្ទស្សន៍ភាពច្នៃប្រឌិតពិភពលោក ២០១៨ (GII) បានចាត់ថ្នាក់កម្ពុជាស្ថិតនៅលេខរៀងទី ៩៨ ក្នុងចំណោមប្រទេសដែលត្រូវបានសិក្សាចំនួន ១២៦។
លទ្ធផលនេះបង្ហាញពីការកែលម្អតិចតួចបើធៀបនឹងឆ្នាំមុន។ កាលពីឆ្នាំ ២០១៧ របាយការណ៍របស់ GII បានចាត់ថ្នាក់កម្ពុជាស្ថិតនៅលេខរៀងទី ១០១ ក្នុងចំណោមប្រទេសដែលត្រូវបានសិក្សាសរុប ១២៧ ប្រទេស។
របាយការណ៍ GII ត្រូវបានចេញផ្សាយរួមគ្នាជាមួយសាលាពាណិជ្ជសាស្ត្រ Insead សាកលវិទ្យាល័យ Cornell និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។
ការវាយតម្លៃនេះផ្អែកលើកត្តាផ្សេងៗដែលជាប់ទាក់ទងនឹងការច្នៃប្រឌិតដូចជា ការអប់រំ កម្មវិធីរក្សាសិទ្ធិ ការទទួលយកបច្ចេកវិទ្យា កិច្ចសហការស្រាវជ្រាវឧស្សាហកម្ម លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ការងារផ្អែកលើចំណេះដឹង និងកត្តាផ្សេងៗទៀត។
របាយការណ៍នេះបានកត់សម្គាល់ថា៖ «កម្ពុជាជាប្រទេសថ្មីក្នុងទិដ្ឋភាពនវានុវត្តន៍ពិភពលោក។ នៅក្នុងបណ្តាប្រទេសអាស៊ាន [កម្ពុជា] ជាប់លំដាប់ទី ២ បន្ទាប់ពីប្រទេសសិង្ហបុរីខាងលំហូរចូល និងពិន្ទុ FDI ល្អប្រសើរនៅស្ថានភាពនៃការអភិវឌ្ឍជាចង្កោម»។ របាយការណ៍នេះបន្ថែមថា កម្ពុជានៅតែខ្វះសូចនាករផ្សេងទៀតជាច្រើនដែលត្រូវបានសិក្សា។
ឆ្នាំនេះបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានត្រូវបានផ្ដល់ចំណាត់ថ្នាក់ក្រោមលេខ ១០០ ក្នុងរបាយការណ៍ GII។ ប៉ុន្តែចំណាត់ថ្នាក់របស់ប្រទេសកម្ពុជានៅឆ្នាំនេះគឺទាបបំផុតក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ី ទោះបីជាមីយ៉ាន់ម៉ា និងឡាវមិនត្រូវបានដាក់បញ្ចូលនៅក្នុងរបាយការណ៍នេះក៏ដោយ។
ប្រទេសសិង្ហបុរីទទួលបានពិន្ទុខ្ពស់បំផុតក្នុងចំណោមសមាជិកអាស៊ាន។ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោម ១២៦ ប្រទេស។ ម៉ាឡេស៊ី បានរំកិលឡើង ២ លេខនៅក្នុងឆ្នាំ ២០១៨ ធៀបនឹងឆ្នាំ ២០១៧ ដែលជាប់ចំណាត់ថ្នាក់ទី ៣៥ ខណៈប្រទេសថៃរំកិលឡើង ៧ លេខ និងទទួលបានចំណាត់ថ្នាក់ទី ៤៤ ជារួម៕LA