ភ្នំពេញៈ កម្ពុជា និង​ទីម័រ​ខាងកើត​បាន​បេ្តជ្ញា​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​រួមគ្នា​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​កាន់តែ​ច្រើន​។

ការប្តេជ្ញា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ជាមួយ​លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ទីម័រ​ខាងកើត​តាមរយៈ​វីដេអូ​អនឡាញ​កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

លោក សុខុន បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ភាគី​ទាំង ២ បាន​ពិភាក្សាគ្នា​ពី​បញ្ហា​ទ្វេភាគី​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍​រួម​ដោយ​ឯកភាព​គ្នា​ថា នឹង​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ និង​អភិវឌ្ឍ​ធនធានមនុស្ស​។

លោក សុខុន បានឱ្យ​ដឹងថា​៖ «​រដ្ឋមន្ត្រី​ការបរទេស​ទាំង ២ ​កត់សម្គាល់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​នៅ​មាន​កម្រិត​ទាប​នៅឡើយ និង​បាន​ឯកភាព​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង ២ ពិនិត្យ​លទ្ធភាព​នៃ​ការបង្កើន​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ ​ដែលមាន​ស្រាប់​»​។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ប្រទេស​ទីម័រ​ខាងកើត មាន​ប្រមាណ ៣០ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។ នេះ​បើតាម​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រាប់​បណ្តាញ​ព័ត៌មាន FreshNews​។

ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ ២១២ ៨៨០ ដុល្លារ​ទៅកាន់​ទីផ្សារ​ទីម័រ​ខាងកើត​កាលពី​ឆ្នាំ​ ២០១៨ ហើយ​កម្ពុជា​បាន​នាំចូល​ទំនិញ​វិញ​ក្នុងតម្លៃ ៥ ៣០០ ​ដុល្លារ​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់ Trading Economics ដកស្រង់​ទិន្នន័យ​ពី​អង្គការ​សហប្រជាជាតិ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឱ្យដឹង​ទៀតថា រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ បាន​លើក​ទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ភាគី​ទាំង ២ ឱ្យ​ពន្លឿន​ការចរចា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​ ៣ ដូចជា កិច្ចសហប្រតិបត្តិការ​វិស័យ​ទេសចរណ៍ កិច្ចសហប្រតិបត្តិការ​ទូទៅ វិស័យ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ជាតិ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យដឹង​ក្នុងជំនួប​ជាមួយ​លោក Ermenegildo Kupa Lopes កាលពី​ខែមិថុនា ឆ្នាំ​ ២០២០ ​ថា កម្ពុជា​បាន​ត្រៀម​អង្ករ​រួចរាល់​ហើយ​ចំនួន ៣០ ០០០ ​តោន ​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ទីម័រ​ខាងកើត​។

កាលពី​ឆ្នាំមុន ទីម័រ​ខាងកើត​បាន​ស្នើ​ទិញ​អង្ករ​ពី​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការខ្វះខាត​ស្បៀង​ដោយសារ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​បរិមាណ​ទេ​។

ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ ៦៩០ ៨២៩ តោន​ ទៅ​ទីផ្សារ​អន្តរជាតិ​ដោយមាន​តម្លៃ​ជិត ៥៣៩ ​លាន​ដុល្លារ កើន ១១,៤០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ។ នេះ​តាម​ទិន្នន័យ​ក្រសួងកសិកម្ម​។ ប្រទេស​ចំនួន ៦ នៅក្នុង​តំបន់​អាស៊ាន​បាន​នាំ​អង្ករ​ពី​កម្ពុជា ៨៦ ៨៩៩ តោន​ ដែល​ស្មើនឹង ១២,៥៨ ​ភាគរយ​នៃ​ការនាំចេញ​សរុប​៕ LA