ភ្នំពេញៈ កម្ពុជា និង​សាធារណរដ្ឋ​ឆែក​ កាលពី​ថ្ងៃ​សុក្រ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ធនធាន​រ៉ែ ដើម្បី​ជា​ការបើកផ្លូវ​សម្រាប់​វិនិយោគិន​ជនជាតិ​ឆែក​ក្នុង​ការចូលមក​វិនិយោគ​នៅ​កម្ពុជា​។

MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ក្រសួង​រ៉ែ និង​ថាមពល និង​លោក Pavel Kavina អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​ធនធាន​រ៉ែ​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​សាធារណរដ្ឋ​ឆែក​។

លោក យស មុនីរ៉ាត់ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា MoU នេះ​គឺ​ការបើកផ្លូវ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ធនធាន​រ៉ែ រវាង​ប្រទេស​ ​កម្ពុជា​ ជាមួយ​សាធារណរដ្ឋ​ឆែក​មុន​នឹង​ឈាន​ទៅ​ដល់​ការចុះ​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត​។

លោក​បន្ត​ថា​ ឆែក​ជា​ប្រទេស​រីកចម្រើន​មាន​អ្នកជំនាញ និង​ក្រុមហ៊ុន​វិនិយោគ​នៅក្រៅ​ប្រទេស​ច្រើន ហេតុនេះ​កម្ពុជា​រំពឹង​ថា​វា​នឹង​អាច​ជួយ​ទាក់ទាញ​វិនិយោគិន​ឆែក​ឲ្យ​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​តាមរយៈ MoU នេះ​យើង​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញ​វិនិយោគិន​ឆែក​ឲ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ពិសេស​លើ​វិស័យ​ធនធាន​រ៉ែ​»​។

ចំណុច​សំខាន់ៗ​ក្នុង MoU នោះ​មានដូចជា ការកសាង​សមត្ថភាព​មន្ត្រី ការអភិវឌ្ឍ​វត្ថុធាតុដើម​ធនធាន​រ៉ែ អាជីវកម្ម​រ៉ែ​បៃតង និង​ការប្រើប្រាស់​ធនធាន​រ៉ែ​បៃតង ការផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​អាជីវកម្ម​រ៉ែ ការផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការវាយតម្លៃ​សក្តានុពល​ធនធាន​រ៉ែ និង​ការសិក្សា​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ និង​ការអភិវឌ្ឍ​ធនធាន​រ៉ែ​។

នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឆែក​ពី​ថ្ងៃទី​ ១៣ ដល់​ទី​ ១៤ ខែ​តុលា​៕LA