ភ្នំពេញៈ កម្ពុជា និង​តួកគី បន្ត​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កើន​ដល់ ១ ០០០ លាន​ដុល្លារ​ នៅពេល​ខាងមុខ ខណៈ​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ចុងក្រោយ​ មានតម្លៃ​តែ​ជាង ៥០០ លាន​ដុល្លារប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេសប៊ុក​ក្រសួងពាណិជ្ជកម្ម​។

ការលើកឡើង​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​លើក​ ២ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​រវាង​កម្ពុជា និង​តួកគី​កាលពី​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ១៨ ខែ​ តុលា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​អង់ការ៉ា​ប្រទេស​ តួកគី​។

នៅក្នុង​កិច្ច​ជំនួប​ទ្វេភាគី​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​លោក Bekir Pakdemirli រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខាប្រមាញ់​តួកគី​ភាគី​ទាំង​ ២ បាន​សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​សក្តានុពល​ពាក់ព័ន្ធ​ដទៃទៀត​នៅក្នុង​គោលបំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ឈាន​ដល់​ ១០០០ លាន​ដុល្លារ​។

តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​ ២០១៤ ដល់ ឆ្នាំ​ ២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​តួកគី​មាន​ប្រមាណ ៥១០ ​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​តួកគី ៤៣៧,៨៤ លាន​ដុល្លារ និង​នាំចូល​ពី​តួកគី​មកវិញ​ក្នុង​តម្លៃ ៧២,១៦ ​លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ​លោក ប៉ាន សូរស័ក្តិ ក៏បាន​ជួប​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​តួកគី លោកស្រី Ruhsar Pekcan ផង​ដែរ ដែល​ក្នុងជំនួប​នោះ​កម្ពុជា​បានស្នើ​ឲ្យ​ក្រុមហ៊ុន Turkish Airlines បើក​ការហោះហើរ​ត្រង់​មក​កម្ពុជា និង​ស្នើសុំ​ភាគី​តួកគី​ផ្តល់​ជំនួយ​បច្ចេកទេស​ម្ហូប​ហាឡាល់​៕