ភ្នំពេញ: កម្ពុជា និងសហរដ្ឋអាមេរិកទីបំផុតសម្រេចនូវកិច្ចសហការគ្នាជាផ្លូវការលើការលើកកម្ពស់ពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្ម (ប៉ាតង់) នៅកម្ពុជា ដោយភាគីទាំង ២ រំពឹងថា ការសហការគ្នានេះនឹងជួយជំរុញការទាក់ទាញវិនិយោគបន្ថែមពីអាមេរិកមកកាន់កម្ពុជា បន្ទាប់ពីកម្ពុជាធ្លាប់អនុវត្តកិច្ចការនេះជាមួយបណ្ដាប្រទេសលូតលាស់ផ្នែកសេដ្ឋកិច្ច។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MoU) តាមរយៈវីដេអូអនឡាញជាមួយលោក Andrei lancu នាយកអង្គភាពប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO)នៅភ្នំពេញកាលពីថ្ងៃពុធ ដោយមានវត្តមានលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលរួមធ្វើជាសាក្សីផង។
លោក ចម ប្រសិទ្ធ បានថ្លែងក្នុងពិធីនោះថាការចុះ MoU នេះជាសក្ខីភាពមួយទៀតនៃការជំរុញភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងទំនុកចិត្តផ្នែកវិនិយោគបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក។
លោកបានបន្តថា នេះជាគំនិតផ្តួចផ្តើមរបស់ក្រសួងដែលបានធ្វើឱ្យកម្ពុជាសម្រេចបានកិច្ចសហប្រតិបត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មរវាងកម្ពុជាជាមួយនឹងប្រទេសមួយចំនួន រួមមាន សិង្ហបុរី ជប៉ុន ចិន កូរ៉េខាងត្បូង និងសហគមន៍អឺរ៉ុបជាដើម។
លោកថ្លែងថា៖ «ភាគីទាំង ២ បានបង្ហាញនូវទឹកចិត្តរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារហូតឈានដល់ចុះហត្ថលេខានាថ្ងៃនេះ ដើម្បីជាផ្នែកមួយរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគពីសហរដ្ឋ អាមេរិកមកកម្ពុជាឱ្យបានកាន់តែច្រើនឡើង ហើយវានឹងផ្តល់ជំនឿទុកចិត្តសម្រាប់ស្នាដៃបច្ចេកវិទ្យា និងរបកគំហើញផ្សេងៗដែលចង់មកផលិតវិនិយោគ និងផ្តល់សេវានៅកម្ពុជាត្រូវបានទទួលកិច្ចការពារនូវកម្មសិទ្ធិបញ្ញាផ្នែកប្រកាសនីយបត្រតក្កកម្មស្ថិតក្នុងសុពលភាពរបស់ខ្លួន»។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈ MoU នេះនឹងជួយពង្រីកទំនាក់ទំនងរវាងប្រទេសទាំង ២ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។
លោកនិយាយថា៖ «សហរដ្ឋអាមេរិកនឹងចុះផ្សាយពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២ តាមរយៈវេបសាយក៏ដូចជាតាមបណ្តាសារព័ត៌មានផ្សេងៗ ដើម្បីឱ្យសាធារណជន និងជាពិសេសតក្កករនៅសហរដ្ឋអាមេរិកឱ្យមកចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់មុខសញ្ញានៃការវិនិយោគរបស់ខ្លួននៅកម្ពុជា»។
លោក Murphy បានឱ្យដឹងថា អាមេរិកគឺជាទីផ្សារនាំចេញឈានមុខគេរបស់កម្ពុជាដោយការនាំចេញកាលពីឆ្នាំ ២០១៩ មានតម្លៃជិត ៥,៤ ពាន់លានដុល្លារកើនឡើងពី ៣ ពាន់លានដុល្លារធៀបនឹងឆ្នាំ ២០១៥។
អាមេរិកបានផ្ដល់ឱ្យកម្ពុជានូវភាពអនុគ្រោះពាណិជ្ជកម្មស្ថិតក្រោមកម្មវិធីប្រព័ន្ធ GSP ដែលផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចនាំទំនិញចូលទៅទីផ្សាររបស់អាមេរិកដោយរួចពន្ធសម្រាប់ផលិតផលជាង ៥ ០០០ មុខ។
ស្ថិតក្រោមប្រព័ន្ធ GSP នេះ ទំនិញធ្វើដំណើរពីកម្ពុជាជិត ១ ពាន់លានដុល្លារត្រូវបាននាំចេញទៅអាមេរិកកាលពីឆ្នាំ ២០១៩៕ LA