ភ្នំពេញ: កម្ពុជា និង​ឥណ្ឌូនេស៊ី​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​រវាង​ប្រទេស​ទាំង​ ២ ​ដែល​ជា​ការការពារ​ពាណិជ្ជករ​របស់​ប្រទេស​នីមួយៗ​ពី​ការដក​ពន្ធ​ត្រួតគ្នា និង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែ​ មករា ឆ្នាំ​ ២០២១ ​តទៅ​ដោយ​សង្ឃឹមថា វា​នឹង​ជំរុញ​ការវិនិយោគ​ទ្វេភាគី​បន្ថែម​ទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការកិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ បាន​ឱ្យ​ដឹងថា កាលពី​ថ្មីៗ​នេះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​បាន​ជូនដំណឹង​ជា​ផ្លូវការ​មក​រដ្ឋាភិបាល​កម្ពុជា​ពី​ការបញ្ចប់​សព្វគ្រប់​នៃ​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន​ដែល​នាំឱ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ដោយ​អនុលោម​តាម​មាត្រា​ ២៩ ស្តីពី​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ភាគី​ទាំង​ ២ ​នឹង​ជូនដំណឹង​ជា​ផ្លូវការ​ទៅវិញ​ទៅមក​ស្តីពី​ការបញ្ចប់​សព្វគ្រប់​នូវ​នីតិវិធី​ផ្ទៃក្នុង​របស់​ប្រទេស​រៀងៗ​ខ្លួន ដែល​នាំឱ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ធរមាន និង​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ​ ២០២១ តទៅ​។

មន្ត្រី​នៃ​នាយកដ្ឋាន​នីតិកម្ម​គោលនយោបាយ​សារពើពន្ធ និង​សហប្រតិបត្តិការ​ពន្ធដារ​អន្តរជាតិ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់​តែ​មាន​ភាពល្អប្រសើរ​ឡើង​ថែមទៀត​។

លោក​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​សម្រួល​ដល់​កិច្ចការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ហើយ​វា​ក៏​នឹង​ជួយ​ជំរុញ​ការវិនិយោគ​របស់​ប្រទេស​នេះ​មក​កម្ពុជា​ផងដែរ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ដើម្បី​ការពារ​ក្រុម​វិនិយោគិន​មិន​ឱ្យ​ដក​ពន្ធ​ទ្វេដង ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ការបង់ពន្ធ​លើ​ប្រាក់ចំណូល​នៅ​ទីកន្លែង​ណា​ដែល​បុគ្គល ឬ​ក្រុមហ៊ុន​បង្កើត​ប្រាក់ចំណេញ​។

លោក​បន្តថា ការបង់ពន្ធ​ច្រើន​ហួស​នៅ​ប្រទេស​កំណើត​របស់​អ្នក​ជាប់ពន្ធ​នឹង​ត្រូវ​បាន​កាត់បន្ថយ​ក្នុង​រូបភាព​ជា​ការលើកលែង ឬ​ឥណទាន​ពន្ធ​។

លោក​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ឱ្យ​ប្រតិបត្តិករ​ឥណ្ឌូនេស៊ី​មិន​បាច់​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​ត្រួតគ្នា ហើយ​វា​ក៏​នឹង​ជួយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ផងដែរ​»​។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ដល់​ជាង​ ៧៩២ ​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​កើនឡើង ៤៥,៧៥ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ មាន​តម្លៃ ៥៤៣ ​លាន​ដុល្លារ​។ តម្លៃ​នាំ​ចេញពី​កម្ពុជា​ប្រហែល ២២,៣២ លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​ កើនឡើង​ ៣,៩៦ ​ភាគរយ​ ធៀប​នឹង ២០១៨ ខណៈ​ការនាំ​ចូល​មាន​តម្លៃ​ ៧៧០ ​លាន​ដុល្លារ​ កើនឡើង​ ៤៧,៤៦ ​ភាគរយ​៕ LA