ភ្នំពេញ: ការនាំចេញកង់របស់កម្ពុជាទៅទីផ្សារអឺរ៉ុបបានឈរនៅចំណាត់ថ្នាក់ទី ១ នៅឆមាសទី ១ ឆ្នាំនេះ បើទោះបីជាការនាំចេញនេះបានធ្លាក់ចុះតិចតួចក្តី ខណៈដែលឋានៈអនុគ្រោះពន្ធលើការនាំចេញកង់នេះអាចប្រឈមនឹងការបាត់បង់។ នេះបើយោងតាមគេហទំព័រ Bike-EU.com។
គេហទំព័រ Bike-EU.com ដែលជាគេហទំព័រឯកទេសផ្នែកឧស្សាហកម្មកង់បានឲ្យដឹងថា ការនាំចេញកង់របស់កម្ពុជាទៅទីផ្សារអឺរ៉ុបបានធ្លាក់ចុះ ៤ ភាគរយ ដែលជាការធ្លាក់ចុះដំបូងក្នុងរយៈពេលជាច្រើនឆ្នាំដោយក្នុងរយៈពេល ៦ ខែដំបូងនេះ កង់ចំនួន ៨៣៥ ០០០ គ្រឿង ត្រូវបាននាំចេញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ហើយទំហំនាំចេញនេះបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញកង់ធំជាងគេទៅកាន់ទីផ្សារនេះ។
កោះតៃវ៉ាន់បានស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ដោយនាំចេញបានចំនួន ៥៤៦ ០០០ គ្រឿង ស្របពេលដែលប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ ដែលបាននាំចេញចំនួន ៤៣៥ ០០០ គ្រឿង កើនឡើងជិត ១៦ ភាគរយ។
គេហទំព័រនេះបានឲ្យដឹងថា៖ «ជាថ្មីម្តងទៀតមានការគំរាមកំហែងថា កម្ពុជាអាចនឹងបាត់បង់ឋានៈនាំចេញដោយរួចពន្ធរបស់ខ្លួនសម្រាប់ការនាំចេញកង់ទៅកាន់រដ្ឋសមាជិករបស់សហភាពអឺរ៉ុប»។
គេហទំព័រដដែលបានឲ្យដឹងថា៖ «ឋានៈនោះកំពុងអនុញ្ញាតឲ្យក្រុមហ៊ុនដែលប្រតិបត្តិការនៅកម្ពុជាមានប្រៀបរួចពន្ធនាំចូល ១៤ ភាគរយ ធៀបនឹងក្រុមហ៊ុនដែលមិនមានឋានៈអនុគ្រោះបែបនេះ»។
កាលពីខែកុម្ភៈឆ្នាំនេះ សហភាពអឺរ៉ុបបានជូនដំណឹងជាផ្លូវការដល់កម្ពុជាអំពីការចាប់ផ្តើមដំណើរការមួយដែលអាចបង្កឲ្យកម្ពុជាបាត់បង់ឋានៈអនុគ្រោះពាណិជ្ជកម្មរបស់ខ្លួន ដោយសារការកត់ត្រាបញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋខ្សោយ។
របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថាកាលពីឆ្នាំ ២០១៨ កម្ពុជាបាននាំចេញកង់សរុបចំនួន ១,៥២ លានគ្រឿង ទៅទីផ្សារអឺរ៉ុបដែលមានតម្លៃ ៣៣១ លានដុល្លារ ហើយនៅឆ្នាំ ២០១៧ គេហទំព័រ Bike-EU.com បានរាយការណ៍ថា កង់ដែលនាំចេញពីកម្ពុជាមានចំនួនជាង ១,៤២ លានគ្រឿង កើនឡើង ៩ ភាគរយ ពីចំនួន ១,២៩ លានគ្រឿងកាលពីឆ្នាំ ២០១៦។
បើយោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជាការនាំចេញទំនិញទៅទីផ្សារអឺរ៉ុបបានធ្លាក់ចុះ ៣,១៤ ភាគរយ ក្នុងរយៈពេល ៦ ឆ្នាំ ២០១៩ នេះមកនៅត្រឹមជាង ២ ១៩០ លានដុល្លារ ធៀបនឹង ២ ២៦១ លានដុល្លារ ដែលបាននាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំនិញដែលនាំចេញទៅកាន់ទីផ្សារអឺរ៉ុបរួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ អង្ករក្នុងរយៈពេល ៦ ខែនេះ៕ LA