ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​​បាន​បដិសេធ​សំណើ​សុំ​នាំ​ជ្រូក​ចូល​ពី​ប្រទេស ​វៀតណាម ​របស់​ក្រុមហ៊ុន​ CP Vietnam ខណៈ​ប្រទេស ​វៀតណាម ​កំពុង​ប្រឈម​នឹង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​កំពុង​ផ្ទុះ​ខ្លាំង។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​​ និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ចន្ទ ទី ​២៤​ តំណាង​ក្រុមហ៊ុន​ស៊ីភី​វៀតណាម ​បាន​ស្នើ​ទៅ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​សុំ​អនុញ្ញាត​នាំ​​ជ្រូក​ពី​វៀតណាម​មក​កម្ពុជា ប៉ុន្តែ​លោក​រដ្ឋមន្ត្រី បាន​បដិសេធ​សំណើ​នេះ ព្រោះ​ស្ថានភាព​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ផ្ទុះ​ខ្លាំង​នៅ​វៀតណាម។

លោក​ថ្លែង​ថា​៖ «​ដោយសារ​យើង​បិទ​ការ​នំាចូល​ជ្រូក​ពី​ប្រទេស វៀតណាម​ ហើយ​គាត់​ចង់​ឲ្យ​មាន​ការ​នំាចូល​ជ្រូក​របស់​គាត់ ជ្រូក​ស៊ីភី​របស់​គាត់ គាត់​ធានា​​ថា​អត់​មាន​ជំងឺ​ទេ​ ប៉ុន្តែ [យើង] មិន​អនុញ្ញាត»។

បើ​តាម​លោក​ តាន់ ផាន់ណារ៉ា ​​ពេល​បច្ចុប្បន្ន​ខេត្ត​របស់​​វៀតណាម​ចំនួន ​៦០​ ក្នុង​ចំណោម​ខេត្ត​ទាំង​អស់ ​៦៣ បាន​​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។

លោក​ ស្រ៊ុន​ ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​ម្សិលមិញ​ថា​ ចាប់​តាំង​ពី​ក្រសួង​កសិកម្ម​បិទ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស ​វៀតណាម ​​មក​កម្ពុជា​បាន​នំាចូល​ជ្រូក​តែ​​ពី​ប្រទេស ​ថៃ ប៉ុណ្ណោះ។

លោក​បន្ត​ថា៖ «យើង​ត្រូវ​តែ​ចិញ្ចឹម​ឡើង​វិញ ​សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំៗ​ក្នុង​ស្រុក​នៅ​មាន​ចិញ្ចឹម​ប្រមាណ ៧០ ភាគរយ​ តម្រូវការ​ក្នុង​ស្រុក​យើង​ខ្វះ​ប្រមាណ ៣០ ភាគរយ​ទៀត​ ដែល​​ពេល​នេះ​ត្រូវ​បាន​នាំចូល​ទាំង​ស្រុង​ពី​ប្រទេស​ ​ថៃ»។

យោង​តាម​លោក ស្រ៊ុន​ ពៅ សព្វ​ថ្ងៃ​តម្លៃ​ជ្រូក​រស់​នំាចូល​ពី​ប្រទេស ​ថៃ បាន​ឡើង​ដល់​ជាង ​១ ម៉ឺន​រៀល ​ក្នុង​មួយ​គីឡូក្រាម​​​ ដោយ​កម្ពុជា​បាន​នំាចូល​ចន្លោះ​ពី​ ១ ៥០០ ក្បាល​​ទៅ ២ ០០០ ក្បាល ក្នុង​មួយ​ថ្ងៃ។ លោក​បន្ត​ថា​ តម្រូវ​​​ការ​សាច់​ជ្រូក​ក្នុង​ស្រុក​ប្រមាណ​ ៥ ០០០ ក្បាល​ក្នុង​​មួយ​ថ្ងៃ។

លោក លី ឡាវីល​ នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន M''s Pig របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី ​គ្រុប បាន​ឲ្យ​ដឹង​ថា លោក​សាទរ​​ចំពោះ​ការ​ច្រាន​ចោល​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។ លោក​​បាន​បញ្ជាក់​ថា​៖ «​ប្រទេស​ដែល​មាន​ជំងឺ​ប៉េស្ត​​​​ជ្រូក​អាហ្រិក​ហើយ ប្រទេស​ណា​ក៏​គេ​អត់​ឲ្យ​នំាចូល​ដែរ​ វៀតណាម​គួរ​យល់​ខ្លួន​ឯង​ មិន​អាច​ចេះ​តែ​ស្នើ​មក​ប្រទេស​​ណា​គេ​មិន​​អនុញ្ញាត​ទេ​»។

លោក​ ឡាវីល យល់​ថា ដើម្បី​ដោះស្រាយ​ការ​ខ្វះខាត​តម្រូវ​ការ​ក្នុង​ស្រុក​ ក្រសួង​ត្រូវ​ទប់​ស្កាត់​ការ​នំាចូល​ពី​វៀតណាម​នៅ​ពេល​នេះ​ តែ​គួរ​នំាចូល​ពី​ប្រទេស​ ​ថៃ ​ជំនួស​វិញ​។

លោក​ ផាន់ណារ៉ា បញ្ជាក់​ថា​ គ្រាន់​តែ​អគ្គនាយកដ្ឋាន​លោក​បាន​បង្រ្កាប​បទ​​ល្មើស​ខុស​ច្បាប់​នៃ​ការ​នំាចូល​ជ្រូក​ពី​វៀតណាម​ចំនួន ៣០ ករណី​ ស្មើ​នឹង ៦០០ ក្បាល ចាប់​តំាង​ពី​មាន​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគិរី ​កាល​ពី​អំឡុង​ខែ ​មីនា​ ឆ្នាំ​នេះ​៕ LA