ភ្នំពេញ៖ កម្ពុជា និង​ប៉ា​គីស្ថាន ​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ ដោយសារ​តែ​ប្រទេស​ទាំង ២ នៅ​មាន​សក្តានុពល​ច្រើន​ក្នុង​ការ​ទាញ​​យក​ផលប្រយោជន៍ ​ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។​

លោក M. FAHAD UR REHMAN ភារធារី​នៃ​ស្ថានទូត​ប៉ាគីស្ថាន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​ បាន​ជួប​ពិភាក្សា​ការងារ​ភារធារី​បាន​លើក​ឡើង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក MIR ZAFARULLAH KHAN JAMALI បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០០៤ ហើយ​ក្នុង​អំឡុង​ពេល​នោះ ការ​បំពេញ​ទស្សនកិច្ច​នេះ ប្រទេស​​ទាំង ២ បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ផង​ដែរ​។

លោក​ថា បន្ទាប់​ពី​ការ​បំពេញ​ទស្សនកិច្ច​នេះ ​១ ឆ្នាំ គឺ​នៅ​ឆ្នាំ ​២០០៥ ប៉ាគីស្ថាន​បាន​បើក​ដំណើរការ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​។

លោក​ ភារធារី​ បាន​ថ្លែង​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ប៉ាគីស្ថាន នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។ ហេតុ​ដូច្នេះ ក្នុង​ជំនួប​​ថ្ងៃ​នេះ មាន​គោល​បំណង​ចម្បង​ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង ធុរកិច្ច​រវាង​ធុរជន កម្ពុជា​-​ប៉ាគីស្ថាន ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​»​។

លោក ងួន ម៉េងតិច បាន​ទទួល​ស្វាគមន៍​ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ រវាង​ស្ថាប័ន​ទាំង ២ ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ធុរកិច្ច​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង និង​ពិនិត្យ​លទ្ធភាព​រៀបចំ​ព្រឹត្តិការណ៍ ជំនួប​ពាណិជ្ជកម្ម​រួមគ្នា ជាពិសេស​កា​រភ្ជាប់​ទំនាក់ទំនង​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២៕