ភ្នំពេញ: រដ្ឋាភិបាលប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើងនៅកម្ពុជាតាមរយៈការគាំទ្រ និងបន្តសហការកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការការងារអន្តរជាតិ (ILO)។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយនឹងលោកស្រី Ha Nguyen Hong នាយិកាកម្មវិធី BFC កាលពីថ្ងៃពុធ។
លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងលើកស្ទួយវិស័យឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង និងប្តេជ្ញាជួយជំរុញឲ្យរោងចក្រផលិតសម្ភារធ្វើដំណើរចូលរួមក្នុងកម្មវិធី BFC នេះផងដែរ។
លោកថ្លែងថា៖ «ក្រសួងពាណិជ្ជកម្ម បានទទួលការឯកភាពពីរដ្ឋាភិបាល ដើម្បីបន្តអនុវត្តកម្មវិធី BFC រយៈពេល ៣ ឆ្នាំទៀតចាប់ពីឆ្នាំ ២០២០-២០២២ ហើយត្រៀមចុះអនុស្សរណៈយោគយល់គ្នានៅខែតុលា»។
លោក កំាង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា កម្មវិធី BFC ពិតជាជួយឲ្យវិស័យកាត់ដេរមានភាពរីកចម្រើនតាមរយៈការលើកកម្ពស់សិទ្ធិកម្មកររោងចក្រ។
លោកបន្តថា៖ «យើងក៏ជាផ្នែកមួយនៃហត្ថលេខី [កម្មវិធី BFC] ដែលនឹងបន្តកិច្ចសហការដ៏មានតម្លៃ»។ លោកបន្តថា៖ «នេះជាអ្វីដែលយើងបានធ្វើរួមគ្នាដោយជោគជ័យរយៈពេល ១៨ ឆ្នាំមកហើយ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ ហើយយើងក៏បន្តពង្រឹងកិច្ចសហការកម្មវិធីបន្ថែមទៀត»។
កម្មវិធី BFC មានគោលបំណងកែលម្អលក្ខខណ្ឌការងាររបស់កម្មកររោងចក្រកាត់ដេរនៅកម្ពុជា ដែលមានការត្រួតពិនិត្យដោយឯករាជ្យ ដើម្បីស្វែងរកដំណោះស្រាយតាមការផ្តល់វគ្គបណ្តុះបណ្តាល និងយោបល់។
ទោះយ៉ាងនេះក្តី លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថា កម្មវិធី BFC នេះមិនទាន់ធ្វើឲ្យវិស័យឧស្សាហកម្មវាយនភណ្ឌល្អប្រសើរនៅឡើយទេ ខណៈនៅមានរោងចក្រមួយចំនួនមិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលមានន័យថា BFC គ្មានឥទ្ធិពលអ្វីទៅដាក់សម្ពាធនិយោជកទេ។
លោកបន្តថា៖ «បើយើងចង់ឲ្យរោងចក្រមួយមានលក្ខខណ្ឌការងារល្អលុះត្រាតែមានការធ្វើអធិការកិច្ចការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអ្នកកាន់ដាវអាជ្ញាសឹក ដាក់កំហិត ឬផាកពិន័យទៅកាន់រោងចក្រសហគ្រាសដែលធ្វើមិនបានត្រឹមត្រូវស្របតាមបទដ្ឋានការងារ»។
លោកស្រី Ha Nguyen Hong ប្រធានកម្មវិធី BFC បានសន្យាថា នឹងជួយផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដល់អ្នកវិនិយោគដើម្បីផ្តល់ទំនុកចិត្តដល់ពួកគេមកបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើងនៅកម្ពុជា។
នៅឆមាសទី១ ឆ្នាំនេះមានរោងចក្រស្បែកជើង និងរោងចក្រផលិតកាបូបថ្មីចំនួន ៣៤ ត្រូវបានបើកក្នុងនោះមានរោងចក្រស្បែកជើងចំនួន ២ ប៉ុណ្ណោះ។ ចំនួននេះកើនឡើងចំនួន ១៥ រោងចក្រពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
បើទោះបីយ៉ាងនេះក្តីរបាយការណ៍បង្ហាញថា ក្នុងអំឡុងពេលដូចគ្នានេះក៏មានរោងចក្រកាត់ដេរចំនួន ១០ ត្រូវបានបិទទ្វារផងដែរ។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិក កម្ពុជាបាននាំចេញទំនិញទៅអាមេរិក ចាប់ពីខែមករា ដល់ខែមីនាឆ្នាំនេះមានតម្លៃជាទឹកប្រាក់ ១,១២ ពាន់លានដុល្លារកើនឡើង ២៤ ភាគរយ ពីចំនួន ៩០៣ លានដុល្លារ កាលពីរយៈពេលដូចគ្នាឆ្នាំ ២០១៨៕