
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ កម្ពុជា-រុស្សី គ្រោងនឹងបើកការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ ខណៈពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២។
ការលើកឡើងនេះត្រូវធ្វើឡើងដោយលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ ដែលបានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងការពិនិត្យលទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្ស៊ី នាពេលអនាគត។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
លោក អាណាតូលី បូរ៉ូវីក បានសង្កត់ធ្ងន់ថា ការរីករាលដាលវីរុសកូរ៉ូណាបាននិងកំពុងបង្កការរាំងស្ទះដល់ការប្រើប្រាស់ ការបញ្ជាទិញ និងការដឹកជញ្ជូនទំនិញទូទាំងសកលលោក និងបានចូលរួមចំណែកយ៉ាងធំក្នុងការធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្សី មានសម្ទុះកើនឡើងតិចតួចក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២០ នេះ។
តាមរយៈការជជែកទ្វេភាគីនោះប្រមុខការទូតរុស្ស៊ីរូបនេះ ក៏បានសម្តែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់វិធានការទប់ស្កាត់មេរោគកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលមកទល់ពេលនេះគ្មានជនរងគ្រោះណាម្នាក់នៅកម្ពុជាបានបាត់បង់ជីវិតដោយសារមេរោគនេះទេ។
លោក សុខ សុភ័ក្ត្រ បានលើកឡើងពីអ្វីដែលកម្ពុជាទើបសម្រេចបានដូចជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ និងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ទើបបញ្ចប់។
លោកបន្ថែមថា មិនតែប៉ុណ្ណោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ កន្លងទៅនេះកំពុងរួមចំណែកបន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន +១ (ជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ និងហុងកុង) ដែលនឹងផ្តល់ទីផ្សារយ៉ាងធំទូលាយដល់ផលិតផលកម្ពុជា។
លោកថា៖ «ក្នុងបរិការណ៍នេះ កម្ពុជាត្រូវការការវិនិយោគបន្ថែមទៀតពីសហព័ន្ធរុស្ស៊ី ពិសេសផ្នែកម៉ាស៊ីនធុនស្រាល និងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។ ក្នុងស្មារតីនេះ កម្ពុជាបង្ហាញបំណងសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-រុស្សី ឲ្យបានឆាប់តាមដែលអាចធ្វើបាន»។
លោក សុខ សុភ័ក្ត្រ ក៏បានស្នើភាគីរុស្ស៊ីអញ្ជើញធុរជន និងវិនិយោគិនកម្ពុជាចូលរួមកម្មវិធីនានារបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ីនាពេលខាងមុខ ដើម្បីទទួលបានកាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគផ្តល់ដោយសហព័ន្ធរុស្ស៊ី។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីដៃគូជាកិច្ចការអាទិភាព ក្នុងបរិបទនៃការធ្វើពាណិជ្ជកម្មសកល ហើយកម្ពុជានិងរុស្ស៊ីគឺជាដៃគូពាណិជ្ជកម្មសំខាន់មានប្រវត្តិយូរលង់ជាមួយគ្នា។
លោកថ្លែងថា៖ «ទៅថ្ងៃខាងមុខ បើយើងមាន FTA ទ្វេភាគីទៀត វានឹងជួយជំរុញតួលេខពាណិជ្ជកម្មសរុបឲ្យមានកំណើនកាន់តែខ្ពស់»។
តាមក្រសួងពាណិជ្ជកម្មទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្ស៊ី ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២០ នេះមានតម្លៃសរុប ៤៥,១៥ លានដុល្លារ កើន ៤,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមានតម្លៃ ៤៣,២១ លានដុល្លារ។ ក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅប្រទេសរុស្ស៊ីមានតម្លៃ ៣៨, ៧៥ លានដុល្លារ ធ្លាក់ចុះ ៤,៥៨ ភាគរយពីចំនួន ៤០,៧ លានដុល្លារ ចំណែកការនាំចូលទំនិញពីរុស្ស៊ីមានតម្លៃ ៦,៤ លានដុល្លារ កើនឡើង ១៥៥,៦ ភាគរយពីចំនួន ២,៥ លានដុល្លារ៕ LA