ភ្នំពេញៈ ​កម្ពុជា​រំ​ពឹង​ថា ​នឹង​ទាក់​ទាញ​​វិ​និ​យោ​គិន​កាន់​តែ​ច្រើន​​មក​ពី​ប្រ​ទេស​ តួក​គី​ ខណៈ​​ប្ដេ​ជ្ញា​ថា​ នឹង​បង្កើន​ពា​ណិជ្ជ​កម្ម​ទ្វេ​​ភា​គី​ជា​មួយ​ប្រ​ទេស​ តួក​គី ​ឲ្យ​ដល់​​ជាង​​ ៥០០​ លាន​​ដុ​ល្លារ​។ នេះ​បើ​យោង​តាម​​​សេ​ច​ក្ដី​ប្រ​កា​ស​​ព័ត៌​មាន​របស់​​ក្រ​សួង​ការ​បរ​ទេស​​​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​។​

ការ​សន្យា​នេះ ​ត្រូវ​បាន​ធ្វើ​ឡើ​ង​ ខណៈ​​​លោក​នា​យក​រដ្ឋ​មន្ដ្រី​ ហ៊ុន ​សែន ​នឹង​ធ្វើ​ដំ​ណើរ​ទស្ស​ន​​កិច្ច​រយៈ​ពេល​ ៣ ថ្ងៃ​ ទៅ​​​​តួក​គី​ នៅ​សប្ដាហ៍​នេះ​ ដើ​ម្បី​ពង្រឹង​ទំ​នាក់​ទំ​នង​​កិច្ច​ស​ហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ ២​​។​

កម្ពុជា ​និង​តួក​គី​ បាន​សន្យា​​ពី​មុន​ថា ​នឹង​បង្កើន​ពា​ណិជ្ជ​កម្ម​ទ្វេ​ភា​គី ៣ ​ដង​ ដល់​ ៥​០០ ​លាន​​ដុ​ល្លារ​ត្រឹម​ឆ្នាំ ២០២០​។​

​លោក​នា​យក​រដ្ឋ​មន្ដ្រី ​ហ៊ុន ​សែន ​នឹង​ទៅ​ដល់​ទី​ក្រុង​អីុស្ដង់​ប៊ុល ​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​ ​ដោយ​សន្យា​ថា ​នឹង​ទាក់​ទាញ​​វិ​និ​យោ​​គិ​ន​​កាន់​តែ​ច្រើន​​​​ពី​តួក​គី ​ដើ​ម្បី​អា​ច​សម្រេច​បាន​ទំ​ហំ​ពា​ណិ​ជ្ជ​​កម្ម ៥០០ លាន​ដុ​ល្លារ​។

ក្នុង​អំ​ឡុង​ដំ​ណើរ​ទស្សន​កិច្ច​នេះ ​លោក ​ហ៊ុន​ សែន​ នឹង​​មាន​កិច្ច​ប្រ​ជុំ​ទ្វេ​ភា​គី​​ជា​មួយ​​លោក​ប្រ​ធា​នា​ធិ​ប​តី​តួក​គី Recep Tayyip Erdogan ដើ​ម្បី​ពិ​ភា​ក្សា​ និង​លើក​កម្ពស់​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​ទ្វេ​ភា​គី​ រវាង​ប្រ​ទេស​ទាំង​ ២​។​

ប្រ​ទេស​ទាំង​ ២ នឹង​ចុះ​​អ​នុ​ស្ស រ​ណៈ​នៃ​ការ​យោគ​យល់(MoU) លើ​វិ​ស័យ​ទេស​ចរណ៍ ការ​វិ​និ​យោគ កសិ​ក​ម្ម ​កិច្ច​ស​ហ​ប្រតិ​បត្តិ​ ការ​វប្ប​ធម៌​ ការ​អប់​រំ ​កី​ឡា ធន​ធាន​ទឹក​ និង​ការ​ដោះ​មីន​ផង​ដែរ​​។​

យោង​តាម​សេច​ក្ដី​ប្រ​កាស​ លោក​ ហ៊ុន ​សែន​ នឹង​ថ្លែង​សុន្ទ​រក​ថា​ នៅ​ក្នុង​ការ​បើក​វេទិ​កា​ធុរ​កិច្ច កម្ពុជា និង​ តួក​គី ដើ​ម្បី​ទាក់​ទាញ​ពា​ណិជ្ជ​ករ​​តួក​គី​​មក​វិ​និ​យោគ​​នៅ​កម្ពុជា​។​

ចាប់​តាំង​ពី​ឆ្នាំ ២​០០២ ​ទំ​នា​ក់​ទំ​នង​សេដ្ឋ​កិច្ច​របស់​តួក​គី ជា​មួយ​​កម្ពុជា​ បាន​កើន​ឡើង​ ដោយ​​ពា​ណិជ្ជ​កម្ម​កើន​ឡើង​​ពី​ប្រ​ហែល​ ៥ ​​លាន​ដុ​ល្លារ​ក្នុង​ ១ ​​​ឆ្នាំ​កាល​ពី​ឆ្នាំ​ ២០០៥​ ដល់​ ១២៤ ​លាន​ដុ​ល្លារ​កាល​ពី​ឆ្នាំ​ ២០១៤។ នេះ​បើ​យោង​តាម​តួ​លេខ​​បាន​ពី​ក្រ​សួង​ពា​ណិជ្ជ​កម្ម​កម្ពុជា​។​

ទិន្ន​ន័យ​ដដែល​បាន​​បង្ហាញ​ថា ​ប្រ​ហែល​ ៩០​ ភា​គ​រយ​នៃ​តួ​លេខ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​​ការ​នាំ​ចេញ​​របស់​កម្ពុជា​ទៅ​​​តួក​គី​ ដែល​​ភាគ​ច្រើន​​ជា​វាយ​ន​ភណ្ឌ​។​

កន្លង​មក ​ក្រុម​ហ៊ុន​​​​តួក​គី បាន​​បង្ហាញ​ពី​ការ​ស្វែង​រក​​ដៃ​គូ​ក្នុង​ស្រុក​ នៅ​កម្ពុជា​ សម្រាប់​ពា​ណិជ្ជ​កម្ម​ខាង​ទំ​និញ​អ​គ្គិ​ស​នី ​ដែល​ជា​វិ​ស័យ​មួយ​​ក្នុង​ចំ​ណោ​ម​វិ​ស័យ​នាំ​ចេញ​ឈា​ន​មុខ​គេ​របស់​​ប្រ​ទេស​តួក​គី​៕​LA