ភ្នំពេញៈ ទីបំផុតកម្ពុជាសម្រេចនាំចូលអំបិល ៣ ម៉ឺនតោនដើម្បីបំពេញសេចក្តីត្រូវការក្នុងប្រទេស ខណៈបរិមាណដែលមាននៅសល់ក្នុងឃ្លាំងស្តុកអាចធានាបានយ៉ាងយូរត្រឹមខែវិចិ្ឆកាប៉ុណ្ណោះ។ នេះបើយោងតាមប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប។
លក្ខណៈអាកាសធាតុមិនអំណោយផលកាលពីរដូវប្រាំងឆ្នាំនេះបានធ្វើឲ្យការផលិតអំបិលរបស់កម្ពុជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា បន្ទាប់ពីកិច្ចប្រជុំរវាងសមាជិកក្រុមប្រឹក្សាភិបាល កាលពីសប្តាហ៍មុន ថ្នាក់ដឹកនាំសហគមន៍បានសម្រេចបញ្ជាទិញអំបិលពីប្រទេសថៃ និងចិនជាង ៣ ម៉ឺនតោនសម្រាប់បំពេញសេចក្តីត្រូវការក្នុងប្រទេសដែលមានប្រហែល ១០ ម៉ឺនតោនក្នុង ១ ឆ្នាំ។
លោកបញ្ជាក់ថា៖ «ពេលនេះក្រុមការងាររបស់សហគមន៍កំពុងសិក្សាពីតម្លៃអំបិលនៅបរទេស ខណៈអំបិលដែលទិញពីបរទេសនោះអាចនឹងមកដល់កម្ពុជាអំឡុងខែតុលាខាងមុខ»។
យោងតាមលោក បារាំង តម្រូវការប្រើប្រាស់អំបិលច្រើនបំផុតនៅកម្ពុជាគឺក្នុងអំឡុងពេលរដូវប្រមូលផលនេសាទ (ធ្វើប្រហុក និងផ្អកជាដើម)។ បច្ចុប្បន្នអំបិលក្នុង ១ ការុង (៥០ គីឡូក្រាម) សហគមន៍លក់ចេញទៅទីផ្សារក្នុងតម្លៃ ១៧ ៦០០ រៀល។
នេះជាលើកទី ២ ហើយដែលកម្ពុជាប្រឈមនឹងកង្វះអំបិលប្រើប្រាស់ ខណៈបញ្ហានេះធ្លាប់កើតម្តងកាលពីឆ្នាំ ២០០៨។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា បរិមាណអំបិលសម្រាប់ប្រើប្រាស់ក្នុងស្រុកនៅឆ្នាំនេះពិតជាមានការខ្វះខាតច្រើនដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផលដែលធ្វើឲ្យការផលិតមិនទទួលបានផល។
លោកបន្តថា អំបិលដែលយើងនៅមានសម្រាប់ប្រើពេលនេះគឺជាអំបិលដែលសល់ពីការផលិតនាពេលកន្លងមកតែប៉ុណ្ណោះ។ លោកថ្លែងថា៖ «ការបញ្ជាទិញអំបិលរបស់សហគមន៍ពីប្រទេសក្រៅ ក្រសួងមិនហាមឃាត់ទេ តែក្រសួងមានលក្ខខណ្ឌចម្បងក្នុងការនាំចូលអំបិលពីក្រៅប្រទេស (ក្នុងករណីខ្វះខាត) គឺត្រូវតែជាអំបិលមានសារជាតិអ៊ីយ៉ូត»។
ផ្ទៃដីកសិដ្ឋានអំបិលទូទាំងខេត្តកំពត និងខេត្តកែបមានជាង ៤ ៦០០ ហិកតា ដែលមានកសិករជាសមាជិកប្រហែល ២០០ គ្រួសារ។ នេះបើយោងតាមលោក ប៊ុន បារាំង។ លោកថ្លែងថា៖ «កសិករមិនអាចប្រមូលអំបិលបានទេនៅឆ្នាំនេះដោយសារទឹកភ្លៀងច្រើនចាប់តាំងពីរដូវប្រាំងរហូតមកដល់ពេលនេះ»។
រដូវប្រមូលផលអំបិលចាប់ពីខែមករាដល់ចុងខែមេសា។
ទិន្នន័យរបស់សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានឲ្យដឹងថា កាលពីឆ្នាំ ២០១៧ សហគមន៍ផលិតអំបិលបានចំនួន ៣,៣ ម៉ឺនតោន និងឆ្នាំ ២០១៦ បានជាង ១០ ម៉ឺនតោន។ រហូតមកដល់ពេលនេះអំបិលក្នុងឃ្លាំងស្តុកសល់ប្រមាណ ២ ម៉ឺនតោនប៉ុណ្ណោះ។
ឧស្សាហកម្មអំបិលរបស់កម្ពុជារកប្រាក់ចំណូលសរុបប្រហែល ២២ លានដុល្លារ កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបានពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕LA