ភ្នំពេញៈ កម្ពុជា​ស្នើ​ឲ្យ​ជប៉ុន​បង្កើន​ការវិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា​ពិសេស​ការបង្កើត​តំបន់​ទេសចរណ៍​សម្រាប់​និវត្តជន ជប៉ុន​។

នៅក្នុង​ជំនួប​ជាមួយ​អគ្គរាជទូត​ប្រទេស​ជប៉ុន​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា លោក Hidehisa Horinouchi កាលពី​ថ្ងៃ​ចន្ទ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើង​ពី​ភាពរីកចម្រើន​លើ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជប៉ុន​។

លោក​ថ្លែងថា​៖ «​សូម​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​វិនិយោគិន​ជប៉ុន​ជួយ​បង្កើន​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា ដូចជា​ការវិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ការបង្កើត​តំបន់​ទេសចរណ៍​ថ្មីៗ ពិសេស​សម្រាប់​ទេសចរ​ជប៉ុន​ដែល​កំពុង​ចូលនិវត្តន៍​ជាច្រើន​នាក់​»​។ លោក ថោង ខុន ក៏​បាន​ស្នើ​ឲ្យ​ជប៉ុន​បន្ត​ជួយ​កសាង​ផ្លូវ​ចូលទៅ​កាន់​សហគមន៍​ទេសចរណ៍​សំខាន់ៗ​នៅ​កម្ពុជា​ផងដែរ​។

លោក Hidehisa Orinouchi បាន​និយាយថា ជប៉ុន​ប្តេជ្ញា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា និង​សន្យា​នាំយក​សំណើ​ទាំងអស់នេះ​ទៅ​ប្រាប់​ដល់​រដ្ឋាភិបាល​របស់​ខ្លួន​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ដ៏ល្អ​មួយ​សម្រាប់​ជនជាតិ​ជប៉ុន ពិសេស​តំបន់​ប្រាសាទ​ក្នុង​ខេត្ត​សៀមរាប​។ លោក​បន្ត​ថា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជប៉ុន​កាន់តែ​ច្រើន ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​បន្ថែម​គឺជា​ការចាំបាច់​។

លោក​បន្តថា​៖ «​ទោះបី​កម្ពុជា​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ជប៉ុន​រួចហើយ​ក៏ដោយ ក៏​កម្ពុជា​ចាំបាច់​ត្រូវតែ​ខិតខំ​ពង្រីក​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត​។ រដូវ​ត្រជាក់​នៅ​ប្រទេស​ជប៉ុន​តែង​ធ្វើឲ្យ​មនុស្ស​ចាស់​ពិបាក​រស់នៅ ហេតុនេះ​កម្ពុជា​ត្រូវតែ​ខិតខំ​បន្ថែម​ទៀត​ក្នុងការ​រៀបចំ​គោលនយោបាយ ដើម្បី​ប្រែក្លាយ​ជា​ផ្ទះ​ទី​ ២ ​សម្រាប់​និវត្តជន​ជប៉ុន​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយថា ជប៉ុន​គឺជា​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​លក្ខណៈ​ធម្មជាតិ និង​វប្បធម៌​ជា​អ្វីដែល​កម្ពុជា​មាន​។ លោក​ថ្លែង​ថា​៖ «​ដោយសារ​ប្រទេស​កម្ពុជា​មាន​ធម្មជាតិ​អំណោយផល​ខ្លាំង មិនមាន​គ្រោះធម្មជាតិ​ធំៗ ដូច្នេះ​ប្រសិន​បើ​យើង​អាច​អភិវឌ្ឍ​បាន​ល្អ​នោះ​នឹង​អាច​ទាក់ទាញ​ជនជាតិ​ជប៉ុន ពិសេស​អ្នក​ចូលនិវត្តន៍​ជប៉ុន​ឲ្យ​ចូល​មក​រស់នៅ​កម្ពុជា​បាន​ច្រើន​ជាមិនខាន​»​។

បើ​តាម​លោក ហូ វណ្ឌី កាលពី​ឆ្នាំ​ ២០០៥-២០០៧ ចំនួន​ភ្ញៀវទេសចរ​ជប៉ុន​បាន​ជាប់​លេខ ១ ក្នុង​នាម​ជា​អ្នក​មក​ទស្សនា​កម្ពុជា​ច្រើន​ជាងគេ​។

លោក​បន្ត​ថា​៖ «​ភ្ញៀវទេសចរ​ជប៉ុន​ទៅ​ដល់​កន្លែង​ណា​តែងតែ​ផ្តល់​នូវ​ភាព​វិជ្ជមាន​ជាច្រើន​សម្រាប់​អ្នក​នៅក្នុង​តំបន់​គឺ​គាត់​នឹង​បង្កើត​ធនធាន​មនុស្ស វប្បធម៌ គុណភាព​សម្រាប់​ជីវិត និង​បរិស្ថាន​ជាដើម​»​។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​ ២០១៨ ភ្ញៀវទេសចរ​ជប៉ុន​ដែល​មក​ទស្សនា​កម្ពុជា​មាន​ជាង ២១ ​ម៉ឺន​នាក់ កើន​ ៣,៥ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧​។

នៅ​ឆមាស​ទី​ ១ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៣,៣ ​លាន​នាក់​កើនឡើង ១១,២ ​ភាគរយ បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ក្នុងនោះ​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​មាន​ចំនួន​ជាង​ ១០ ​ម៉ឺន​នាក់ កើនឡើង ៣ ​ភាគរយ​បើ​ធៀប​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨៕ LA