ភ្នំពេញៈ កម្ពុជា​ស្នើ​ជប៉ុន​ឲ្យ​បង្កើន​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​បន្ថែម​ទៀត​ពី​តាម​បណ្តា​ទីក្រុង និង​ខេត្ត​របស់​ប្រទេស​ ជប៉ុន​ មក​កាន់​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដើម្បី​​រួមចំណែក​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ និង​ចំនួន​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង​ ២​។

ក្នុងឱកាស​ចូលរួម​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន (Japan Travel Fair) លើក​ទី​ ៣ នៅ​ផ្សារ Aeon សែនសុខ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើក​ពី​ក្តីបំណង​របស់លោក​ក្នុង​ការចង់​ឲ្យ​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ផ្សេងៗ​ទៀត​របស់​ប្រទេស ​ជប៉ុន មកកាន់​រាជធានី​ភ្នំពេញ ពិសេស​មកកាន់​ខេត្ត​សៀមរាប​ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែល​ទទួល​បាន​ការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​​ភ្ញៀវទេសចរ​ជប៉ុន​។

លោក​បន្តថា ភ្ញៀវទេសចរ​ជប៉ុន​នៅតែ​ជា​ប្រភព​ទីផ្សារ​មួយ​ដ៏សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​ចំនួន​ភ្ញៀវទេសចរ​ជប៉ុន​មក​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​ ៧ ក្នុងចំណោម​ទីផ្សារ​ធំ​ទាំង ១០ របស់​កម្ពុជា​ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​​ជនជាតិ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​។

លោក​ថ្លែងថា​៖ «​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ប្រចាំថ្ងៃ​រវាង​ទីក្រុង​តូក្យូ​ភ្នំពេញ-តូក្យូ ដោយ​ក្រុមហ៊ុន ANA បាន​ដំណើរការ​ដោយ​ជោគជ័យ​អស់​រយៈពេល​ប្រមាណ ៣ ឆ្នាំ​មក​នេះ​មិន​ត្រឹមតែ​ផ្តល់នូវ​ជម្រើស​ដ៏ល្អ និង​កាន់តែ​ងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ជប៉ុន និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​ពង្រឹង​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំង​ ២ ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ផង​»​។

លោក​បន្តថា តាមរយៈ​ការបង្កើន​ការហោះហើរ​ត្រង់នេះ​វា​ក៏​នឹង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេស​ទី​ ៣ បាន​ច្រើន​ផងដែរ​។

បើតាម​លោក ថោង ខុន ការសម្រេច​បាន​កំណើន​ជា​បន្តបន្ទាប់ ពិសេស​ភ្ញៀវទេសចរ​ជប៉ុន​គឺ​ដោយសារ​កម្ពុជា​មាន​ការអនុវត្ត​គោលនយោបាយ​បើកចំហ​ជើងមេឃ និង​ការសម្រួល​ការធ្វើ​ដំណើរ​ជាច្រើន ពិសេស​សម្រាប់​ជប៉ុន​មាន​ដូចជា​ការផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់ (On Arrival) ទិដ្ឋាការ​អេឡិចត្រូនិក (E-Visa) ទិដ្ឋាការ Multiple Visa ជាដើម​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការតភ្ជាប់​ជើងហោះហើរ​ត្រង់​នឹង​ផ្តល់​ភាព​វិជ្ជមាន​កាន់តែ​ច្រើន​ដល់​វិស័យ​ទេសចរណ៍ ព្រោះ​ការហោះហើរ​ត្រង់នេះ​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង​ ២ នោះទេ តែ​វា​ថែម​ទាំង​អាច​នាំយក​ភ្ញៀវទេសចរ​ពី​ប្រទេស​ទី​ ៣ មក​បន្ថែម​ទៀតផង​។

លោក​មានប្រសាសន៍​ថា​៖ «​ក្នុងនាម​វិស័យ​ទេសចរណ៍ យើង​ពិតជា​ស្វាគមន៍​ខ្លាំង ព្រោះ​តាមរយៈ​នេះ​វា​មិន​ត្រឹម​តែ​អាចជួយ​បង្កើន​ចំនួន​ភ្ញៀវទេសចរ​ជប៉ុន​មក​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​បង្ក​ភាពងាយស្រួល​ដល់​ប្រជាជន​ខ្មែរ ដែល​ចង់​ធ្វើដំណើរ​ទៅ​ជប៉ុន​ឲ្យ​មាន​កំណើន​ផងដែរ​»​។

លោក​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សក្តានុពល​គ្រប់គ្រាន់​ក្នុង​ការទទួល​ភ្ញៀវទេសចរ​ពី​ប្រទេស​ជប៉ុន​។

ទោះយ៉ាងណា​លោក ស៊ីណាន ក៏​ជំរុញ​ឲ្យ​កម្ពុជា​បង្កើន​កន្លែង​ទេសចរណ៍​ថ្មីៗ​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែមទៀត ខណៈ​កន្លង​មក​ភ្ញៀវ​ជប៉ុន ភាគច្រើន​ចូលចិត្ត​មក​ទស្សនា​តែ​តំបន់​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​ខេត្ត​សៀមរាប​តែប៉ុណ្ណោះ​។

បើតាម​លោក ស៊ីណាន ភ្ញៀវទេសចរ​ជប៉ុន​គឺជា​ភ្ញៀវ​ដែល​កម្ពុជា​ប្រាថ្នា​ចង់​បាន ខណៈ​ការ​ស្នាក់នៅ​ជា​មធ្យម​របស់​ពួកគេ​មាន​រយៈពេល​លើសពី ៣ ​ថ្ងៃ​។

ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ​ ២០១៦ មក កម្ពុជា​ និង​ជប៉ុន​បាន​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​ប្រចាំថ្ងៃ​ជាមួយ​គ្នា​ដែល​ចេញពី​រវាង​ទីក្រុង​តូក្យូ-ភ្នំពេញ ដោយ​ក្រុមហ៊ុន ANA​។

របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​បង្ហាញថា ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ ភ្ញៀវទេសចរ​ជប៉ុន​ដែល​ធ្វើដំណើរ​មក​កម្ពុជា​មាន​ចំនួន ១៤៩ ៤៧០ ​នាក់​កើនឡើង ២,៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នៅ​ឆ្នាំ​​ ២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ជាង ២១ ម៉ឺន​នាក់ កើនឡើង ៣,៥ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ខណៈ​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​មាន​ប្រហែល ២ ម៉ឺន​នាក់​។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​ជើងហោះហើរ​អន្តជាតិ​ពី​គោលដៅ​ចំនួន ៨៦ ក្នុង​ប្រទេស​ចំនួន​ ១២​។ ជា​មធ្យម​ក្នុង ១ សប្តាហ៍​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួល​បាន​ជើងហោះហើរ​អន្តរជាតិ​ចំនួន ៤១៤ ជើង អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​មាន​ចំនួន ៣៤៩ ជើង និង​ខេត្ត​ព្រះសីហនុ​មាន ៦៧ ​ជើង​៕ LA