ភ្នំពេញ: ប្រទេស​កម្ពុជា ​រំពឹង​ថា​ខ្លួន​នឹងមាន​ឱកាស​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​នៅក្នុង​ប្រទេស​ហុងគ្រី​ដែល​ស្ថិតនៅ​តំបន់​អឺរ៉ុប​កណ្តាល ព្រមទាំង​មាន​ឱកាស​ទាក់ទាញ​វិនិយោគិន​មកពី​ប្រទេស​នេះ បន្ទាប់ពី​ភាគី​ទាំង​ ២ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​កសិពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ៣ ខែ​វិច្ឆិកា ក្នុង​អំឡុងពេល​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​នៅ​ភ្នំពេញ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោក Peter Szijjarto រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី​ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក សាខុន បាន​ថ្លែងថា វិស័យ​កសិកម្ម​ហុងគ្រី​បាននិង​កំពុង​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ដែល​មាន​ចំណែក​ប្រមាណ​ ៨ ​ភាគរយ​នៃ GDP ហើយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដាំដុះ ការកែច្នៃ​ផលិតផល​កសិកម្ម និង​ការគ្រប់គ្រង​ទឹក​កំពុង​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ប្រទេស​នេះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ការចុះ​ MoU ​នេះ​នឹង​នាំមក​នូវ​ការអភិវឌ្ឍ​ជា​ផ្លែផ្កា​ទ្វេ​ឡើង​លើ​វិស័យ​កសិកម្ម និង​កសិពាណិជ្ជកម្ម​នៅ​ប្រទេស​ទាំង​ ២ ​នាពេល​អនាគត ហើយ​ភាគី​កម្ពុជា​នឹង​អនុវត្ត​ខ្លឹមសារ​ MoU ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ និង​ទទួល​បាន​ប្រសិទ្ធផល​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ និង​ប្រជាជន​កម្ពុជា​»​។

លោក​បន្ថែមថា ប្រទេស​កម្ពុជា​មាន​វិស័យ​សំខាន់ៗ​ចំនួន​ ៣ ​សម្រាប់​វិនិយោគិន​ហុងគ្រី​មក​បណ្តាក់​ទុនវិនិយោគ​នៅពេល​អនាគត​រួមមាន ផលិតកម្ម​ទឹកដោះ និង​ការកែច្នៃ​សាច់ វារីវប្បកម្ម និង​ការដាំ​ដំណាំ និង​សុវត្ថិភាព​ចំណីអាហារ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​មាន​សក្តានុពល​វិនិយោគ​លើ​ផលិតកម្ម​ដំណាំ​សម្រាប់​នាំចេញ​មាន​ដូចជា​ដំណាំ​ស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និង​ផលិតកម្ម​វារីវប្បកម្ម ជាដើម​»​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Signature of Asia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​ ១០ ខែ​ដើម​ឆ្នាំនេះ ក្រុមហ៊ុន​របស់​លោក​បាន​នាំចេញ​អង្ករ​ក្រអូប​ចន្លោះ​ពី ៥០០ ​ទៅ​ ៦០០ ​តោន​ទៅកាន់​ទីផ្សារ​ប្រទេស​ហុងគ្រី​។

លោក​បញ្ជាក់​៖ «​តាមរយៈ​ MoU ​នេះ​នឹង​ផ្តល់ឱកាស​ឱ្យ​យើង​បន្ថែមទៀត​សម្រាប់​វិស័យ​កសិកម្ម​របស់​យើង​។ ទីផ្សារ​នៅ​ហុងគ្រី​ធំ​គួរសម​ដែរ​សម្រាប់​អង្ករ​កម្ពុជា​ដែល​បាន​បញ្ជា​ទិញ​ក្នុង​ចំនួន​ថេរ​»​។

លោក ធួន ស៊ីណាន អតីត​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ស្ថាន​ពាណិជ្ជកម្ម (Trading House) កម្ពុជា-ហុងគ្រី​បាន​ឱ្យ​ដឹងថា ការចុះ​ MoU ​នេះ​គឺជា​ការបោះជំហាន​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ហុងគ្រី​ក្នុង​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា នេះ​ជា​ការចាប់ផ្តើម​មួយ​ល្អ​បំផុត ព្រោះ​ប្រទេស​ហុងគ្រី​គឺជា​ប្រទេស​មហាអំណាច​ផ្នែក​កសិកម្ម​មួយ​នៅ​តំបន់​អឺរ៉ុប​កណ្តាល ហើយ​ប្រសិន​បើ​កម្ពុជា​អាច​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គាត់​នោះ​គាត់​នឹង​ជួយ​ជំរុញ​កសិកម្ម​យើង​ឱ្យ​រីកចម្រើន​ខ្លាំង ពិសេស​ពាក់ព័ន្ធ​សុវត្ថិភាព​ចំណីអាហារ​។

លោក​បន្តថា​៖ «​ខ្ញុំ​ជឿថា​នេះ​ជា​ឱកាស​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​មួយ​ចំនួន​នឹង​នាំចេញ​ទៅកាន់​ប្រទេស​នេះ​រួមមាន ម្រេច ល្ង សណ្តែក ហើយ​ផលិតផល​កសិកម្ម​កម្ពុជា​ជាច្រើន​ទៀត​ដែល​គាត់​ចាប់អារម្មណ៍ ប្រសិន​បើ​យើង​ពង្រឹង​គុណភាព និង​តម្លៃ​មិន​ខ្ពស់​»​។

បើ​តាម​លោក វេង សាខុន ក្នុង​រយៈពេល​ ១០ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​ប្រទេស​ហុងគ្រី ​ចំនួន​ ១ ៨៣៩ ​តោន និង​ថ្នាំជក់​បាន ១១៨ ​តោន​៕ LA