ភ្នំពេញៈ ខណៈ​ការ​សងសឹក​គ្នា​រវាង​អាមេរិក និង​ចិន​ទាក់ទង​ទៅ នឹង​ពាណិជ្ជកម្ម​ចេះ​តែ​ឡើង​កម្តៅ ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ទំនង​ជា​ទទួល​បាន​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ពី​មហាអំណាច​ទាំង​ ២ ​នេះ​លើ​ការនាំ​ចេញ​ទៅកាន់​ប្រទេស​ទាំង​ ២​។ នេះ​បើ​តាម​អ្នកវិភាគ​។

​កម្ពុជា​ដែល​ជា​ប្រទេស​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ភាគច្រើន​ទៅ​អាមេរិក និង​ផលិតផល​កសិកម្ម​ភាគច្រើន​ទៅ​ចិន រំពឹង​ថា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការនាំ​ចេញ​កាន់តែ​ច្រើន​ទៅ​ទីផ្សារ​ប្រទេស​ទាំង​ ២ ​នេះ បើ​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​តានតឹង​ទៅៗ​។

ផលិតផល​ទាក់ទង​នឹង​ការធ្វើ​ដំណើរ​របស់​កម្ពុជា​នឹង​អាច​ទទួល​បាន​ការបញ្ជា​ទិញ​កើនឡើង​ខ្លាំង បន្ទាប់ពី​សង្គ្រាម​ពាណិជ្ជកម្ម​​ អាមេរិក-ចិន ​កាន់តែ​ឡើង​កម្តៅ​ស្រប​ពេល​រដ្ឋាភិបាល​អាមេរិក​បាន​ព្រមាន​បន្ថែម​ទៀត​ថា​នឹង​បង្កើន​ពន្ធ​នាំចូល​ជាង​ ២ ​ដង​លើ​មុខ​ទំនិញ​ធ្វើ​ដំណើរ​ដែល​ផលិត​នៅ​ចិន​។ នេះ​បើ​តាម​ការ​ព្យាករ​របស់​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​នេះ​។

ផលិតផល​ទាក់ទង​នឹង​ការធ្វើ​ដំណើរ​គឺជា​ផលិតផល​ដែល​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក ហើយ​មាន​ច្រើន​ប្រភេទ​មុខ​ទំនិញ​ដូចជា​កាបូប​លុយ កាបូបស្ពាយ វ៉ាលិស និង​ផលិតផល​ផ្សេងៗ​ទៀត​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់​មួយ​នៅ​អាមេរិក​ដែល​ជា​ដៃគូ​របស់ GMAC បាន​ជូន​ដំណឹង​មក​ថា ឧស្សាហកម្ម​រោងចក្រ​នៅ​កម្ពុជា​ដែល​ធ្វើ​ផលិតផល​ទាក់ទង​នឹង​ការធ្វើ​ដំណើរ​អាច​ទទួល​បាន​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​។

ក្រុមហ៊ុន​ច្បាប់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នោះ​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​ចេតនា​បង្កើន​ពន្ធ​នាំចូល​លើ​មុខ​ទំនិញ​នាំចូល​ពី​ចិន​ជាច្រើន​មុខ ដែល​រួម​មាន​មុខ​ទំនិញ​ធ្វើ​ដំណើរ​ដែរ ដោយ​ដំឡើង​អត្រាពន្ធ​ពី ១០ ​ភាគរយ​ពី​ពេល​បច្ចុប្បន្ន ដល់ ២៥ ​ភាគរយ​។ ការសម្រេច​នេះ​នឹង​អាច​កើនឡើង​នៅ​អំឡុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៨ នេះ​។

លោក ម៉ូនីកា ថ្លែង​ថា​៖ «​តាមរយៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នេះ ផលិតផល​ទាក់ទង​នឹង​ការធ្វើដំណើរ​ដែល​ផលិត​នៅ​កម្ពុជា អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ឡើង នៅពេល​ដែល​ការបញ្ជា​ទិញ​ពី​ប្រទេស​ចិន​អាច​នឹង​ត្រូវ​កាត់បន្ថយ​ដើម្បី​បញ្ចៀស​កាតព្វកិច្ច​ពន្ធ​ដ៏ធ្ងន់ធ្ងរ​នេះ​»​។

លោក​បន្ត​ថា​៖ «​ផលិតកម្ម​ទាក់ទង​នឹង​ផលិតផល​ធ្វើ​ដំណើរ​នឹង​អាច​ចាកចេញ​ពី​ចិន ហើយ​នឹង​ជា​ឱកាស​រីកចម្រើន​របស់​កម្ពុជា​ផង​ដែរ​»​។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្មីៗ​បាន​គំរាម​ថា​នឹង​បង្កើន​តម្លៃ​ពន្ធ​លើ​ទំនិញ​ចិន​ជាង​ ៦០០០ ​មុខ​ឲ្យ​ដល់ ២០០ ​ពាន់​លាន​ដុល្លារ​ពោល​គឺ​កើន​ពី ១០ ​ភាគរយ​ដល់ ២៥ ​ភាគរយ​។ ទោះបី​ជា​បញ្ជី​នៃ​ការនាំ​ចូល​ដែល​រង​ផលប៉ះពាល់ មិន​រាប់​បញ្ចូល​ស្បែកជើង​ក៏ដោយ ប៉ុន្តែ​វា​បាន​រួម​បញ្ចូល​កាបូប​យួរដៃ ផលិតផល​ធ្វើ​ដំណើរ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​។

លោក Jason Lee អ្នកវិភាគ​នៅ​ក្រុមហ៊ុន China Market Research Group (CMR) ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ាងហៃ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ តាម​អ៊ីមែល​ថា សង្គ្រាម​ពាណិជ្ជកម្ម​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ទាំង​អាមេរិក និង​ចិន ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ និង​តម្លៃ​ទំនិញ​ប្រើប្រាស់​នៅក្នុង​វិស័យ​មួយ​ចំនួន​នឹង​កើនឡើង​។

លោក​បន្ថែម​ថា ​វា​អាច​ជា​អត្ថប្រយោជន៍​សម្រាប់​បណ្ដា​ប្រទេស​នាំ​ចេញ ដូចជា​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​កាតព្វកិច្ច​ពន្ធ​កើតឡើង​ពិតមែន ក្រុមហ៊ុន​ផលិត​ទំនិញ​ធ្វើ​ដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កាតព្វកិច្ច​ពន្ធ​នោះ និង​ទាក់ទាញ​មូលធន​កាន់តែ​ច្រើន ដើម្បី​វិនិយោគ​លើ​ការធ្វើ​បច្ចុប្បន្នភាព​ផលិតផល និង​ផលិតផល​ជាច្រើន​ប្រភេទ​»​។

លោក​បន្ត​ថា​៖ «​ចំពោះ​ខ្ញុំ ខ្ញុំ​នឹង​រំពឹង​ថា​នឹង​មាន​ការបញ្ជា​ទិញ​ពី​អាមេរិក​ពី​កម្ពុជា ប៉ុន្តែ​មិន​ច្រើន​ទេ ខណៈ​លោក ត្រាំ កំពុង​មាន​បំណង​កាន់តែ​ខ្លាំង​ក្នុង​ការកែលម្អ​ទីផ្សារ​ទំនិញ​ធ្វើ​ដំណើរ​របស់​អាមេរិក និង​ការបង្កើត​ឱកាស​ការងារ​នៅក្នុង​វិស័យ​នេះ​»​។

កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៦ អាមេរិក​បាន​ដាក់​ទំនិញ​ធ្វើ​ដំណើរ​ ២៨ ​មុខ​ដែល​បាន​ផលិត​នៅ​កម្ពុជា​នៅ​ក្នុង​បញ្ជី​ទទួល​បាន​ការអនុគ្រោះ​ពន្ធគយ (GSP) ដែល​អនុញ្ញាត​ឲ្យ​ទំនិញ​ធ្វើ​ដំណើរ​ដែល​ផលិត​នៅ​កម្ពុជា​ចូល​អាមេរិក​ដោយ​រួច​ពន្ធ​។ ចាប់​តាំងពី​ពេល​នោះ​មក​វិស័យ​ទំនិញ​ធ្វើ​ដំណើរ​មើល​ឃើញ​សក្ដានុពល​ដ៏ធំ​។

ខណៈ​ការនាំ​ចេញ​ទំនិញ​ធ្វើ​ដំណើរ​ដូចជា​វ៉ាលិស និង​កាបូប​យួរដៃ​ពី​កម្ពុជា ទៅ​អាមេរិក​មាន​តម្លៃ​តែ​ជាង ៥០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​មុន​ឆ្នាំ ២០១៦ តួលេខ​របស់ GMAC បាន​បង្ហាញ​ថា​ទំហំ​នាំ​ចេញ​បាន​កើនឡើង​ដល់ ១៦០ ​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​បន្ទាប់ពី​ទទួល​បាន GSP​។

ទិន្នន័យ​ពាណិជ្ជកម្ម​ចុងក្រោយ​ពី​រដ្ឋាភិបាល​អាមេរិក​ឲ្យ​ដឹង​ថា ទំនិញ​មកពី​កម្ពុជា​ក្នុង​ចន្លោះ​ខែ​មករា និង​ខែ​មិថុនា​មាន​សរុប ១,៧២ ​ពាន់​លាន​ដុល្លារ កើនឡើង ២៦ ​ភាគរយ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៦​។

ទោះបី​យ៉ាង​នេះ​ក្តី​ក៏​មាន​ក្តីបារម្ភ​ពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាមួយ​អាមេរិក​ដោយសារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ ​កំពុង​ល្អក់កករ​ដោយសារ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​។

បើ​បញ្ហា​នយោបាយ​នឹង​រីក​រាលដាល​ដល់​ពាណិជ្ជកម្ម សុទិដ្ឋិនិយម​ខាង​លើ​របស់​កម្ពុជា​អាច​ផ្លាស់ប្តូរ​អវិជ្ជមាន​។

មាន​ការ​បារម្ភ​ថា ការនាំ​ចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​អាច​ប៉ះពាល់​អវិជ្ជមាន​បើ​អាមេរិក​សម្រេច​ត្រួតពិនិត្យ​ប្រព័ន្ធ GSP ឡើង​វិញ ដោយសារ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​ត្រូវ​បាន​អាមេរិក​ពណ៌នា​ថា គ្មាន​យុត្តិធម៌ និង​មិន​ត្រឹមត្រូវ​៕ LA