ភ្នំពេញៈ​​ កម្ពុជា​អាច​នឹង​រង​បញ្ហា​ប្រ​ឈម​​ថ្មី​មួយ​ ដែល​អាច​​​ប៉ះ​ពាល់​​ដល់​​កំ​ណើន​ពា​ណិជ្ជ​កម្ម​ និង​លំ​ហូរ​​វិ​និ​យោគ​ ដោយ​សារ​ក្រុម​ហ៊ុន​​អន្តរ​ជាតិ​​ជា​ច្រើន​អាច​បង្វែរ​ចំ​ណាប់​អារម្មណ៍​ទៅ​​​វៀត​ណាម​កាន់​តែ​ច្រើន​​បន្ទាប់​ពី​​ប្រ​ទេស​នេះ​​បាន​សម្រេច​​​កិច្ច ​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​ជា​ច្រើន​ជា​មួយ​ទី​ផ្សារ​សំ​ខាន់​ៗ​។​​​ នេះ​បើ​យោង​តាម​អ្នក​ជំ​នាញ​ផ្នែក​សេដ្ឋ​កិច្ច​។

បន្ទាប់​ពី​ការ​បញ្ចប់​ការ​ចរ​ចា​ជា​មួយ​ស​ហ​ភាព​អឺ​រ៉ុប ស្ដី​ពី​កិច្ច​ព្រម​ព្រៀង ពា​ណិជ្ជ​កម្ម​សេរី​ (FTA) ​ពី​​ពេល​ថ្មី​ៗ​នេះ ​រដ្ឋា​ភិ​បាល​វៀត​ណាម​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​​ផ្តល់​សច្ចា​ប័ន​​​លើ​​កិច្ច​ព្រម​ព្រៀង​​ពា​ណិជ្ជ​កម្ម​សេរី​ថ្មី​មួយ​ទៀត​​ គឺ​ភាព​ជា​ដៃ​គូ​អន្តរ​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​ (CPTP​P)​។

លោក Hiroshi Suzuki ​​សេដ្ឋ​វិទូ​ជាន់​ខ្ពស់​នៃ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ពា​ណិជ្ជ​កម្ម​​កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា កម្ពុជា ​នឹង​មាន​គុណ​វិ​បត្តិ​មួយ​ចំ​នួន​ ក្នុង​កំ​ណើន​ពា​ណិជ្ជ​កម្ម​ ធៀប​នឹង​ស​មា​ជិក​ CPTPP ជា​ពិ​សេស​ប្រ​ទេស​ វៀត​ណាម​ ដែល​ជា​គូ​ប្រ​ជែង​ក្នុង​ការ​នាំ​ចេញ​ទៅ​ទី​ផ្សារ​អន្តរ​ជាតិ​។​

លោក​បន្ថែម​ថា​ FTA​ រវាង​វៀត​ណាម និង​ EU អាច​​មាន​ផល​ប៉ះ​ពាល់​អ​វិជ្ជ​មាន​មួយ​ចំ​នួន​ដល់​កម្ពុជា​ ខណៈ​ EU កំ​ពុង​ពិ​ចារ​ណា​បញ្ឈប់​ប្រ​ព័ន្ធ​អនុ​គ្រោះ​ពា​ណិជ្ជ​កម្ម EBA ពី​​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ EU ជាច្រើន​ អាច​ពិ​ចារ​ណា​ផ្លាស់​ប្តូរ​​មូល​ដ្ឋាន​ផលិត​ពី​កម្ពុជា​ទៅ​វៀត​ណាម​។​

វិ​ស័យ​ផលិត​កម្ម​កាត់​ដេរ​ និង​​ស្បែក​ជើង​ក៏​អាច​ត្រូវ​បាន​រង​ផល​ប៉ះ​ពាល់​ផង​ដែរ​។​ ​លោក​ថ្លែង​ថា​៖ «​ប្រ​ទេស​ ថៃ ​កំ​ពុ​ង​ពិ​ចារណា​​ការ​ចូល​រួម​កិច្ច​ព្រម​ព្រៀង​​ TPP។ ​ប្រ​សិន​បើ​​ វៀត​ណាម​ និង​ថៃ​​ចូល​រួម​កិច្ច​ព្រម​ព្រៀង​ TPP ហើយ​​កម្ពុជា​មិន​ចូល​ លទ្ធ​ភាព​របស់​កម្ពុជា​ក្នុង​ការ​ចូល​ទៅ​ក្នុង​ចង្វាក់​ផ្គត់​ផ្គង់​អន្តរ​ជាតិ​ អាច​ត្រូវ​រង​ផល​ប៉ះ​ពាល់​ ដោយ​សារ​ប្រ​ទេស​ កម្ពុជា ​មាន​ស្ថាន​ភាព​ផ្សេង​គ្នា​»។ ​

លោក​បន្ត​ថា​៖ «​ដើ​ម្បី​បន្ត​ការ​​ទាក់​ទាញ​​ការ​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស​​​កម្ពុជា​​ចាំ​បាច់​​ក្នុង​ការ​ចាប់​ផ្ដើម​ពិ​ចារ​ណា​​ការ​ចូល​រួម​​ក្នុង​កិច្ច​ព្រម​ព្រៀង​​ TPP ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​​»​។

TPP ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដំ​បូង​ក្នុង​រដ្ឋ​បាល​គ្រប់​គ្រង​របស់​លោក​ប្រ​ធា​នា​ធិប​តី អា​មេ​រិក អូ​បា​ម៉ា ដែល​មាន​ប្រ​ទេស​ចូល​រួម​ ១២​។ តែ​អា​មេ​រិក​បាន​ដក​ខ្លួន​​វិញ​បន្ទាប់​ពី​លោក ដូ​ណាល់ ត្រាំ​ បាន​​ក្លាយ​ជា​ប្រ​ធា​នា​ធិប​តី។

តាម​​រយៈ​កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​ CPTPP នេះ រដ្ឋា​ភិ​បាល​វៀត​ណាម​​បាន​​ឲ្យ​ដឹង​ថា​ពន្ធ​លើ​ការ​នាំ​ចេញ​សម្លៀក​បំ​ពាក់​ជិត​ ៤៣ ​ភាគ​រយ​របស់​ខ្លួន ​ទៅ​​កា​ណា​ដា​ នឹង​ត្រូវ​បាន​​លុប​ចោល​​ភា្លម​ៗ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​នេះ​​ចាប់​ផ្ដើម​អនុវត្ត​ ហើយ​ ១០០​ ភាគ​រយ​នឹង​​លុប​ចោល​​បន្ទាប់​ពី​រយៈ​ពេល​ ៤​ ឆ្នាំ​។

លោក​ស្រី​ Kerstin Brolsma អ្នក​វិ​ភាគ​ពា​ណិជ្ជ​កម្ម​នៅ​ក្រុម​ហ៊ុន​ China Market Research Group (CMR​) មាន​មូល​ដ្ឋាន​នៅ​​ទី​ក្រុង​ស៊ាង​ហៃ​ ​យល់​ឃើញ​ថា ​កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​ថ្មី​ៗ​របស់​វៀត​ណាម​ជា​មួយ​បណ្ដា​ប្រ​ទេស​ និង​ប្លុក​នា​នា​ ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្ពុជា ប៉ុ​ន្តែ​​​លោក​ស្រី​មាន​សុ​ទិដិ្ឋ​និ​យម​ថា​ វា​នឹង​ត្រូវ​បាន​ប៉ះ​ប៉ូវ​ដោយ​ឥទ្ធិ​ពល​​ដែល​កំ​ពុង​កើន​ឡើង​របស់​ប្រ​ទេស​ ចិន​។​

លោក​ស្រី​​ថ្លែង​ថា៖ ​«​ដោយ​សារ​តែ​វៀត​ណាម​ ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ TPP និង​ការ​ងារ​ពង្រីក​ទំ​នាក់​ទំ​នង​ពា​ណិជ្ជ​កម្ម​ពិ​ភព​លោក​របស់​ប្រ​ទេស​នេះ​ បញ្ហា​ប្រ​ឈម​ជា​ច្រើន​អាច​​កើន​ឡើង​សម្រាប់​កម្ពុជា​ ដោយ​សារ​តែ​​ក្រុម​ហ៊ុន​ផលិត​កម្ម​​ ក្រុម​ហ៊ុន​នាំ​ចូល ​​និង​វិ​និ​យោ​គិន​អន្តរ​ជាតិ​ ជា​ពិ​សេស​សមា​ជិក​​ CPTPP ផ្សេង​ទៀត​ ស្វែង​រក​​ឱ​កាស​ថ្មី​នៅ​វៀត​ណាម​»។

លោក​ស្រី​បន្ត​ថា​៖ ​«​ប៉ុន្តែ​ទំ​នាក់​ទំ​នង​សេដ្ឋ​កិច្ច និង​នយោ​បាយ​រវាង​វៀត​ណាម និង​កម្ពុជា ​ព្រម​ទាំង​ការ​វិ​និ​យោគ​​របស់​ចិន​ ជា​ផ្នែក​មួយ​នៃ​ខ្សែ​ក្រ​វាត់​មួយ ផ្លូវ​មួយ​នៅ​​​កម្ពុជា​ នឹង​ជា​យន្ត​ការ​​វិជ្ជ​ មាន​​ ដែល​ធា​នា​ប្រ​ទេស​ កម្ពុជា​ នៅ​តែ​មាន​​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​»។​

លោក​ មីុ ក​ល្យាណ​ ទី​ប្រឹ​ក្សា​ជាន់​ខ្ពស់​ឧត្តម​​ក្រុម​ប្រឹ​ក្សា​ជាតិ ​បាន​លើក​ឡើ​ង​ថា ការ​ក្លាយ​ជា​ស​មា​ជិក​ CPTPP ឬ កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​សេ​រី​ណា​មួយ​ នឹង​ជួយ​ពង្រឹង​ភាព​ប្រ​កួត​ប្រ​ជែង​របស់​កម្ពុជា តែ​យ៉ាង​ណា​ក៏​ដោយ មុន​​នឹង​សម្រេច​ចិត្ត​ចូល​ជា​ស​មា​ជិក​ណា​មួយ​គួរ​មាន​ការ​សិ​ក្សា​ឲ្យ​បាន​ច្បាស់​លាស់​សិន​ពី​ផល​ចំ​ណេញ​ និង​ការ​​ខាត​បង់​ ដើ​ម្បី​បញ្ចៀស​ហា​និ​ភ័យ​នា​នា​។

លោក​បញ្ជាក់​ថា​៖​ «​នៅ​ពេល​​យើង​ចូល​រួម​កិច្ច​ព្រម​ព្រៀង​អ្វី​មួយ យើង​នឹង​ត្រូវ​បង្ខំ​ឲ្យ​អនុវត្ត​​ ​ឬ​ដើរ​តាម​ស្តង់​ដារ​អន្តរ​ជាតិ​​រួម​មួយ»។​

លោក​​បាន​បន្ត​ថា៖ «តែ​វា​អាច​ជា​ការល្អ​ទៅ​វិញ​ទេ​​ ព្រោះ​ថា​​​យើង​​អាច​ត្រូវ​បាន​ពិ​ភព​លោក​គេ​​ទទួល​ស្គាល់​​»៕ LA