ភ្នំពេញៈ កម្ពុជា និង​អារ៉ាប៊ីសាអ៊ូឌីត កំពុង​ស្វែងរក​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ឲ្យ​បាន​កាន់តែ​ច្រើន ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​នៅ​មាន​ទំហំ​តូច​នៅឡើយ​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​កាលពី​ឆ្នាំ​ ២០១៨ មាន​តម្លៃ​ត្រឹមតែ ១២,៧៧ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត ប្រចាំ​កម្ពុជា​ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ​ប្រទេស ​វៀតណាម កាលពី​ចុងសប្តាហ៍​មុន លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើឲ្យ​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត ជួយ​កៀរគរ​វិនិយោគិន និង​ប្រជាជន​របស់​ខ្លួន​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​បាន​កាន់​ច្រើន ពិសេស​ការ​បណ្តាក់ទុន​លើ​វិស័យ​មួយ​ចំនួន​នៅ​កម្ពុជា​ដូចជា ទេសចរណ៍​បែប​ធម្មជាតិ និង​វប្បធម៌ និង​វិស័យ​ផលិត​ជាច្រើន​ទៀត​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ស្នើឲ្យ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ចំនួន​ ២ ​ផង​ដែរ​គឺ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចការពារ​វិនិយោគ​ទៅវិញ​ទៅមក ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ប្រទេស​ទាំង​ ២​។

ឯកអគ្គរាជទូត​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត លោក Saud F.M. Al Suwelim បាន​និយាយថា ជាមួយ​នឹង​ទំនាក់ទំនង​ល្អ​នេះ​លោក​សង្ឃឹមថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត ​នឹង​កាន់តែ​ល្អប្រសើរ​។

លោក​បន្តថា​៖ «​ដោយសារ​កម្ពុជា​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​កសិកម្ម​នោះ អារ៉ាប៊ីសាអ៊ូឌីត ក៏​មាន​បំណង​នាំចូល​ផលិតផល​កសិកម្ម​ដូចជា​អង្ករ ដំឡូងមី ជ័រកៅស៊ូ ម្រេច និង​វត្ថុធាតុដើម​មួយចំនួន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​របស់ខ្លួន​ផងដែរ​»​។

លោក Saud F.M. Al Suwelim ក៏បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​គាំទ្រ​ចំពោះ​ផែនការ​ក្នុងការ​នាំចូល​ផលិតផល​ប្រេង​ (​សាំង​) ហ្គាស និង​ទំនិញ​ប្រើប្រាស់​ដទៃ​ទៀត​ពី​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត មក​កាន់​ប្រទេស ​កម្ពុជា ខណៈ​អារ៉ាប៊ីសាអ៊ូឌីត ក៏​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ពី​កម្ពុជា​ដែរ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ម្សិលមិញ​បាន​និយាយថា អារ៉ាប៊ីសាអ៊ូឌីត​ជា​ប្រទេស​អ្នកមាន ដូច្នេះ​ប្រសិន​បើ​កម្ពុជា​អាច​ធ្វើ​ទំនាក់ទំនង​ផ្នែក​ជា​ពាណិជ្ជកម្ម​ជាមួយ​បាន​ច្រើន​គឺជា​ការល្អ​។ វិស័យ​កសិកម្ម ផលិតផល​កាត់ដេរ និង​ឧស្សាហកម្ម​ផលិត​ម្ហូបអាហារ ហាឡាស់ គឺជា​អាទិភាព​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​នាំចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

លោក​ថ្លែង​ថា​៖ «​កម្ពុជា​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​ប្រភេទ​ទៅ​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត​»​។ លោក​បន្តថា ការបង្កើន​ទីផ្សារ​ជាមួយ​ប្រទេស​កាន់តែ​ច្រើន​នឹង​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​មាន​ឯករាជ្យ​ផ្នែក​ទីផ្សារ​សម្រាប់​ផលិតផល​របស់ខ្លួន ដោយ​មិនចាំបាច់​ត្រូវ​ឆ្លងកាត់​ប្រទេស​ទី​ ២៕