ភ្នំពេញៈ កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត​ បាន​ប្តេជ្ញា​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ខណៈ​ជំរុញ​ឲ្យ​មាន​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា​។

ប្រទេស​ទាំង​ ២ ​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នៅពេល​ឆាប់ៗ បន្ទាប់ពី​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​កម្ពុជា​ជាមួយ​ឯកអគ្គរាជទូត​អារ៉ាប់ប៊ី សាអ៊ូឌីត ប្រចាំ​វៀតណាម-កម្ពុជា​។

ក្នុងជំនួប​ជាមួយ​ឯកអគ្គ​រាជទូត​អារ៉ាប់ប៊ីសាអ៊ូឌីត​ប្រចាំ​វៀតណាម-កម្ពុជា​ កាលពី​ថ្ងៃ​ពុធ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ឯកភាព​ជាមួយ​ភាគី​អារ៉ាប៊ីសា អ៊ូឌីត ​ថា ​នឹង​រៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​គ្នា​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

លោក ថោង ខុន បាន​ឲ្យ​ដឹងថា​តាមរយៈ MoU នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការហោះហើរ​ត្រង់​ពី​អារ៉ាប់ប៊ី សាអ៊ូឌីត​ មក​កម្ពុជា និង​ការតភ្ជាប់​ការធ្វើ​ដំណើរ​ទេសចរណ៍​តាម​នាវា​សមុទ្រ​មកកាន់​ក្រុងព្រះសីហនុ​ផងដែរ​។

លោក ជុក ជំនោរ អ្នក​នាំពាក្យ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​អារ៉ាប់ប៊ីសាអ៊ូឌីត​អាច​នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក​ថ្លែងថា​៖ «​ក្នុងជំនួប​នោះ​ថ្នាក់ដឹកនាំ​ទាំង​ ២ បាន​យល់ព្រម​គ្នា​ជាគោលការណ៍​រួចហើយ ដូច្នេះ MoU អាច​នឹង​កើតឡើង​ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង ២ ​ជួប​គ្នា​នៅពេល​ណាមួយ​»​។

ខណៈ​អារ៉ាប់ប៊ី សាអ៊ូឌីត ជា​ប្រទេស​ដែល​មាន​ប្រជាជន​គោរព​សាសនា​អ៊ិស្លាម​នោះ​លោក ជំនោរ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​តាម​សណ្ឋាគារ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​ធំៗ​នៅ​កម្ពុជា​សុទ្ធ​តែមាន​រៀបចំ​កន្លែង​សម្រាប់​ត្រៀម​ទទួល​ទេសចរ​អ៊ិស្លាម​។

លោក Saud F.M Suwelim ឯកអគ្គរាជទូត​អារ៉ាប៊ី សាអ៊ូឌីត​ ប្រចាំ​វៀតណាម-កម្ពុជា បាន​ឲ្យ​ដឹងថា​នឹង​យក​សំណើ​ទាំងនេះ​ទៅកាន់​រាជរដ្ឋាភិបាល​របស់​លោក​បន្ត​ទៀត​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយថា ការស្វែងរក​គោលដៅ​ទេសចរណ៍​ពី​ប្រទេស​ថ្មីៗ​ឲ្យ​ចូលមក​កម្ពុជា​គឺជា​ការប្រាថ្នា​ចង់បាន​របស់​វិស័យ​ឯកជន​គ្រប់ផ្នែក ព្រោះ​នៅពេល​មាន​កំណើន​ភ្ញៀវទេសចរ គ្រប់​វិស័យ​ទាំងអស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​។

លោក​បាន​បន្តថា បើ​ប្រទេស​កម្ពុជា​អាច​មាន​ការភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​នៅ​តំបន់​អារ៉ាប់​កាន់តែ​ច្រើន​នោះ គឺជា​ការល្អ​ណាស់​ព្រោះ​ភ្ញៀវ​អារ៉ាប់​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ភ្ញៀវ​លំដាប់​អ្នកមាន ឬ​ប្រភេទ VIP​។

លោក​បន្តថា​៖ «​កម្ពុជា​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការយក​ភ្ញៀវ​ពី​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ព្រោះ​កម្ពុជា​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ដែល​ពួកគេ​ចូលចិត្ត​»​។

ទោះយ៉ាងណា​លោក​លើកឡើង​ថា កម្ពុជា​ក៏ត្រូវ​តែ​រៀបចំ​ខ្លួន​ឲ្យ​បានល្អ​ផងដែរ សម្រាប់​ទទួលភ្ញៀវ​ដែលមាន​សក្តានុពល​ពី​ប្រទេស​នៅ​តំបន់​ប្រេង​ទាំងអស់​នេះ​។

របាយការណ៍​ស្ថិតិ​ពី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​បង្ហាញថា នៅ​រយៈពេល ៧ ​ខែ​ដំបូង​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៣,៨៤ ​លាន​នាក់​ កើនឡើង ១១,១ ​ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ភ្ញៀវ​អារ៉ាប៊ីសា អ៊ូឌីត ​មាន​ចំនួន ២២៤ ​នាក់ កើនឡើង​ពី​ចំនួន​ ១៧៨ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្នុង ១ ​សប្តាហ៍​ កម្ពុជា​ទទួល​បាន​ជើងហោះហើរ​អន្តរជាតិ ៨៣០ ដែល​មកពី​គោលដៅ​ចំនួន ៨៦ ពី​ប្រទេស​ចំនួន​ ១២៕