ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យវិនិយោគិនអាមេរិកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ។
ការលើកឡើងនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាមួយជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកលើកទី ៧ នៅប្រទេស ថៃ កាលពីថ្ងៃអាទិត្យ។
ក្នុងជំនួបជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាន សូរស័ក្តិ បានអំពាវនាវឲ្យវិនិយោគិអាមេរិកមកវិនិយោគនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។ លោកថ្លែងថា៖ «[យើង] បានជំរុញឲ្យធុរកិច្ចអាមេរិកមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនក៏ដូចជាចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ការអំពាវនាវនេះបានបង្ហាញអំពីចំណង មិត្តភាពកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញបានឲ្យដឹងតាមអ៊ីមែលកាលពីថ្ងៃចន្ទថា កម្ពុជាត្រូវបន្តកំណើនដ៏រឹងមាំរបស់ខ្លួនហើយត្រូវការការវិនិយោគគុណភាពខ្ពស់ និងលទ្ធភាពចូលទីផ្សារថ្មីៗ។
លោកស្រីបន្តថា វេទិកានេះផ្ដល់ដលកម្ពុជានូវធុរកិច្ច និងអ្នកចូលរួមផ្សេងទៀតនូវព័ត៌មានសំខាន់ៗពីគំនិតផ្តួចផ្ដើមរបស់រដ្ឋាភិបាលអាមេរិក ដើម្បីបង្កើនការវិនិយោគក្នុងវិស័យអាទិភាពដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល៕LA