ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អ៊ែរវ៉េ បាន​ចាប់ផ្តើម​ជើង​ហោះហើរ​ដឹក​អ្នក​ដំណើរ​ក្នុង​ស្រុក​ជា​លើក​ដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ ខណៈ​ការហោះហើរ​ទៅ​កាន់​ទិសដៅ​អន្តរជាតិ​នឹង​ចាប់ផ្តើម​នៅ​ចុង​ខែ​កក្កដា​នេះ​។

ជើង​ហោះហើរ KR 801 ដែល​ដឹក​អ្នក​ដំណើរ​សរុប​ ១៤៥ ​នាក់​បាន​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ៩:៥០ ព្រឹក​ម្សិលមិញ​ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប​ទៅ​ដល់​នៅ​ម៉ោង ១០:៣៥ ដោយ​ប្រើ​យន្តហោះ Airbus A319​។

អាកាសចរណ៍​កម្ពុជា អ៊ែរវ៉េ នឹង​ប្រតិបត្តិការ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទៅ​ទីក្រុង​ម៉ាកាវ ពី​ថ្ងៃ​ទី​ ២១ ខែ​កក្កដា​។

លោកស្រី សុខ រ៉ាវី អ្នក​គ្រប់គ្រង​​ទីផ្សារ និង​យីហោ​ក្រុមហ៊ុន កម្ពុជា អ៊ែរវ៉េ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា​ផ្លូវ​ហោះហើរ​ក្នុង​ស្រុក​ដែល​តភ្ជាប់​ភ្នំពេញ សៀមរាប និង​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​ប្រតិបត្តិការ​ជើងហោះហើរ​ប្រចាំ​ថ្ងៃ ខណៈ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ចេញពី​សៀមរាប-ម៉ាកាវ ភ្នំពេញ-ម៉ាកាវ និង​ក្រុង​ព្រះសីហនុ-ម៉ាកាវ នឹង​ប្រតិបត្តិការ​ ៤ ​ដង​ក្នុង​មួយ​សប្ដាហ៍​។ លោកស្រី​បន្ថែម​ថា ក្រុមហ៊ុន​គ្រោង​នឹង​ប្រតិបត្តិការ​ផ្លូវ​ហោះ​ហើយ សៀមរាប-តៃវ៉ាន់ នៅ​ចុង​ខែ​កក្កដា​ផង​ដែរ​។

ដោយ​ទទួល​ស្គាល់​ថា​មាន​កំណើន​ការប្រកួត​ប្រជែង​ខ្លាំង​នៅក្នុង​ឧស្សាហកម្ម​នេះ​នៅក្នុង​ទីផ្សារ​កម្ពុជា​លោកស្រី សុខ រ៉ាវី ថ្លែង​ថា​នៅ​តែ​មាន​កន្លែង​សម្រាប់​កំណើន​នៅក្នុង​សេវា​អាកាសចរណ៍​នៅក្នុង​ប្រទេស​នេះ​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ជឿជាក់​ថា​ឧស្សាហកម្ម​ទេសចរណ៍​នឹង​រក្សា​កំណើន​ប្រកប​ដោយ​ស្ថិរភាព​ដែល​នឹង​ជំរុញ​ឲ្យ​មាន​តម្រូវការ​សេវា​ក្រុមហ៊ុន​ទេសចរណ៍​មាន​គុណភាព​ល្អ​»​។ លោកស្រី​បន្ត​ថា​៖ «​យើង​មាន​យន្តហោះ​មាន​គុណភាព​ល្អ យើង​មាន​ប្រធាន​ក្រុម​ជំនាញ យើង​មាន​បុគ្គលិក​បើកបរ​យន្តហោះ​មាន​ការ​បណ្ដុះ​បណ្ដាល​ល្អ និង​សេវា​ស្ដង់ដារ​។ ដូច្នេះ​យើង​ជឿជាក់​ថា​ក្រុមហ៊ុន​របស់​យើង​នឹង​ប្រតិបត្តិការ​ជោគជ័យ​»​។

ក្រុមហ៊ុន កម្ពុជា អ៊ែរវ៉េ គ្រប់គ្រង​ទាំង​ស្រុង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ PrinceInternational Airlines ដែល​ចុះបញ្ជី​នៅ​ទីក្រុង​ភ្នំពេញ​។

ជាមួយ​នឹង​មូលធន​វិនិយោគ​ដំបូង ២០០ លាន​ដុល្លារ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នេះ​កំពុង​ប្រតិបត្តិការ​ដោយ​ប្រើប្រាស់​យន្តហោះ A319 ចំនួន​ ២ ​គ្រឿង ខណៈ​យន្តហោះ A320 ចំនួន ៣ ​គ្រឿង​ផ្សេង​ទៀត​នឹង​មក​ដល់​នៅ​ចុង​ឆ្នាំ​នេះ​។

លោកស្រី សុខ រ៉ាវី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​នឹង​បង្កើន​ចំនួន​យន្តហោះ A320 ដល់ ២០ ​គ្រឿង​ត្រឹម​ឆ្នាំ​ ២០២០​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រតិបត្តិការ​ជើង​ហោះហើរ​ទៀងទាត់​ទៅ​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ព្រម​ទាំង​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទៅ​អឺរ៉ុប និង​អាស៊ី​។

ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នេះ​នឹង​ធ្វើឲ្យ​ការប្រកួត​ប្រជែង​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ដ៏ចង្អៀត​របស់​កម្ពុជា​កាន់តែ​តានតឹង ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ ៤៤ កំពុង​ប្រតិបត្តិការ​រួច​ទៅ​ហើយ​។

វត្តមាន​របស់​កម្ពុជា​អ៊ែរវ៉េ​នឹង​ធ្វើឲ្យ​ប្រតិបត្តិករ​អាកាសចរណ៍​ចុះ​បញ្ជី​ក្នុង​ស្រុក​បាន​កើន​ដល់​ ៦ ក្រុមហ៊ុន​។

ទោះបី​យ៉ាង​នេះ​ក្តី​លោកស្រី Chloe Lapeyre អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Cambodia Airport បាន​ឲ្យ​ដឹង​ថា កម្ពុជា​គឺជា​កន្លែង​ទាក់ទាញ​អាជីវកម្ម​អាកាសចរណ៍ ដោយសារ​តែ​ប្រទេស​នេះ​មិន​ទាន់​បញ្ចប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដ៏មាន​សក្ដានុពល​របស់​ខ្លួន​។

លោកស្រី​បន្ថែម​ថា ព្រលាន​យន្តហោះ​នេះ​អាច​ទទួល​ជើង​ហោះហើរ​ពី ៧០ ទៅ​ ៩០ ​ជើង​ហោះហើរ​ក្នុង​មួយ​ថ្ងៃ ដែល​កើនឡើង​ប្រហែល ៣០ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។ លោកស្រី​បញ្ជាក់​ថា​៖ «​ផ្លូវ​ហោះហើរ​អន្តរជាតិ​ថ្មីៗ​ជាច្រើន​ត្រូវ​បាន​បើក​តាំងពី​ដើម​ឆ្នាំ​នេះ និន្នាការ​នេះ​គឺជា​កំណើន​ដ៏រហ័ស​លើ​ផ្នែក​អន្តរជាតិ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ដែរ វា​នៅ​តែ​ផ្ដល់​កន្លែង​មួយ​ចំនួន​សម្រាប់​ការអភិវឌ្ឍ​ក្នុង​ស្រុក​»៕LA