ក្រុងដេត្រូយៈ កម្មករ​ជាង ៣ ៦០០ ​នាក់​ដែលជា​សមាជិក​របស់​សហជីព​កម្មករ United Auto Workers (UAW) ​បាន​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​អាទិត្យ​ប្រឆាំង​នឹង​ក្រុមហ៊ុន Mack Truck ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត AB Volvo របស់​ប្រទេស​ស៊ុយអែត ខណៈ​ដែល​បាតុកម្ម​របស់​សហជីព​នេះ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors បន្ត​ធ្វើឡើង​។

ការធ្វើ​បាតុកម្ម​ថ្មី​នេះ​បាន​ប៉ះពាល់​ដល់​រោងចក្រ​របស់​ក្រុមហ៊ុន Mack Truck នៅ​រដ្ឋ Pennsylvania រដ្ឋ Maryland និង​រដ្ឋ Florida​។ សហជីព​កម្មករ​នេះ​ឲ្យ​ដឹងថា វា​ជា​ការក្រោក​ឈរ​ឡើង​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល អត្ថប្រយោជន៍ និង​ការការពារ​ការងារ​ដោយ​ស្មើភាព​សម្រាប់​សមាជិក​សហជីព​។

លោក Ray Curry លេខាធិការ និង​ហេរញ្ញិក​នៃ​សហជីព UAW បាន​ថ្លែងថា​៖ «​សមាជិក UAW ងើប​ពី​ដំណេក​រៀងរាល់​ថ្ងៃ​ប្រឹងប្រែង​ធ្វើការ​ជាច្រើន​ម៉ោង​រាប់​ចាប់ពី​ការរចនា​រហូត​ដល់​ផលិត​រថយន្ត​ដឹក Mack»​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​សមាជិក​សហជីព UAW រែក​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន Mack ហើយ​ពួកគេ​គ្រាន់តែ​ស្នើសុំ​សេចក្តី​ថ្លៃថ្នូរ ប្រាក់​ឈ្នួល​ស្មើភាព និង​ការការពារ​ការងារ​»​។

មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Mack Truck ឲ្យ​ដឹងថា ពួកគេ​មាន​ការខកចិត្ត ដោយសារ​សេចក្តី​សម្រេច​របស់​សហជីព​ក្នុង​ការដើរ​ចេញ​ពី​ការងារ​។

សហជីព UAW បាន​ចាប់ផ្តើម​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន General Motors កាលពី​ថ្ងៃ​ទី​ ១៦ ខែ​កញ្ញា ដោយ​បង្ក​ឲ្យ​សមាជិក​សហជីព​នេះ​ចំនួន ៤៨ ០០០ ​នាក់​ផ្អាក​ការងារ​។

បាតុកម្ម​នេះ​បន្ត​ធ្វើឡើង ខណៈ​ដែល​ភាគី​ទាំង​ ២ ​ដោះដូរ​សំណើ​កិច្ចសន្យា​ក្នុង​គោលបំណង​ដោះស្រាយ​ជម្លោះ​នេះ​៕ KC