ភ្នំពេញៈ ជា​មួយ​នឹង​ក្តី​បារម្ភ​ថា ​ប្រជាជន​កម្ពុជា​កំពុង​ធ្លាក់​ចូល​ក្នុង​បំណុល​កាន់​តែ​ជ្រៅ​ ដោយសារ​តែ​កម្រិត​​​បំណុល​​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)​ កាន់​​តែ​ខ្ពស់ ​អ្នក​នៅ​ក្នុង​​ឧស្សាហកម្ម​នេះ ​និង​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ​កម្រិត​បំណុល​បច្ចុប្បន្ន​របស់​ប្រជាជន​កម្ពុជា​ ស្រប​គ្នា​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​។

លោក​ អ៊ិន ​ចាន់នី ​ប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​​កាល​​ពី​​ថ្ងៃ​ម្សិលមិញថា នៅ​ពេល​​ដែល​ឥណទាន​វិនិយោគ​​កាន់​​តែ​ធំ​វា​ជា​សញ្ញា​ល្អ​សម្រាប់​ដំណើរការ​សេដ្ឋកិច្ច។

លោក​បន្ត​ថា​ ទំហំ​ឥណទាន​ក្នុង​ស្រុក​របស់​កម្ពុជា​នៅ​មាន​អត្រា​ទាប​នៅ​ឡើយ​បើ​ធៀប​នឹង​​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​​តំបន់​។ ​លោក​ថ្លែង​​ថា៖​ «​ប្រទេស ​ជប៉ុន​ មាន​ទំហំ​ឥណទាន​​ប្រមាណ​ ២០០ ​ភាគរយ បើ​ធៀប​ទៅ​នឹង​ទំហំ​ GDP»។​​

តាម​លោក ​អ៊ិន ​ចាន់នី ​គិត​ត្រឹម​ចុង​ឆ្នាំ ​២០១៨ ​អត្រា​​បំណុល​ របស់​ប្រជាជន​ខ្មែរ​មាន​​ប្រមាណ ​៩០ ​ភាគរយ ​នៃ​ GDP ​ប៉ុណ្ណោះ​។​​ លោក​បន្ត​​ថា ជា​​ធម្មតា​បំណុល​​មាន ​២ ​ប្រភេទ​ គឺ​​ឥណទាន​​យក​ទៅ​ប្រើប្រាស់​ធម្មតា ​(Consumer Loans) និង​ឥណទាន​​សម្រាប់​​ជា​ការ​វិនិយោគ (Productive Loans​)​​។

លោក​ថ្លែង​ថា៖ ​«​ឥណទាន​នៅ​​កម្ពុជា​ភាគ​ច្រើន​បំផុត​ជា​ឥណទាន​​សម្រាប់​ការ​វិនិយោគ ដើម្បី​​បង្កើត​មុខ​របរ​ថ្មី​ និង​ពង្រីក​​មុខ​របរ​។ នេះ​ជា​​​ឥណទាន​​ល្អ ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ច្រើន​សម្រាប់​កំណើន​​សេដ្ឋកិច្ច​»។

របាយការណ៍​ចុង​ក្រោយ​បំផុត​បាន​ពី​ការិយាល័យ​ឥណទាន​​​កម្ពុជា (CBC) បាន​ឲ្យ​ដឹង​ថា តុល្យភាព​បំណុល​សរុប ​នៃ​​ឥណទាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ បាន​កើន​ឡើង​ដល់​ ៦,៧ ​ពាន់​លាន​ដុល្លារ ​នៅ​ត្រឹម​ចុង​ខែ​មីនា ​កើន​ឡើង ​៧,​៤ ​ភាគរយ ​ធៀប​នឹង​ចុង​ខែ​ធ្នូ​។

CBC បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​​កម្ពុជា​ប្រហែល​ ១,១៤ ​លាន​​នាក់ ​បាន​ដាក់​ពាក្យ​សុំ​ឥណទាន​ប្រើប្រាស់​​កាល​គិត​ត្រឹម​​ចុង​ខែ​មីនា​ កើន​ឡើង​ ៥,៣ ​ភាគរយ ​ធៀប​នឹង​ចុង​ខែ​ធ្នូ។​

លោក​ ង៉ែត ​ជូ ​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន ​Emerging Markets Consulting ​និង​ជា​​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ ​បាន​​យល់​ស្រប​នឹង​ការ​លើក​ឡើង​​របស់​លោក ​ចាន់នី​ ខណៈ​តម្រូវ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​​ដែរ​​។

លោក​បាន​​ថ្លែង​ថា៖​ «​កំណើន​​ឥណទាន​ក្នុង​ស្រុក​​​គឺ​ជា​​រឿង​ល្អ តែ​ក៏​ទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​​ទៅ​លើ​គុណភាព​ផង​ដែរ​»។ លោក​បន្ត​ថា៖ ​«​ប្រសិន​បើ​យើង​រក្សា​គុណភាព​បាន​ល្អ​ទៅ​មុខ​នោះ​ វា​នឹង​មិន​មាន​បញ្ហា​អ្វី​​ទេ​»​។​

ឥណទាន​ដែល​កំពុង​មាន​កំណើន​​ខ្ពស់​នៅ​កម្ពុជា​​​ គឺ​ក្នុង​ផ្នែក​វិស័យ​អចលនទ្រព្យ​ និង​សំណង់​។​ នេះ​បើ​តាម​លោក ​ង៉ែត​ ជូ។

របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ឆ្នាំ ​២០១៨ ​បាន​បញ្ជាក់​ថា ការ​ផ្តល់​កម្ចី​​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​​​កម្ពុជា​​រួម​បញ្ចូល​គ្នា​ទាំង​​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ បាន​កើន​ឡើង ​១៩ ​ភាគរយ ​​ដល់​ ២៤,​៥ ​ពាន់​លាន​ដុល្លារ ​ត្រឹម​ចុង​​ឆ្នាំ ​២០១៨ ក្នុង​នោះ​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ​ មាន​ចំនួន ​១៩,​៤ ពាន់​លាន​ដុល្លារ កើន​ឡើង​​ ​២០ ​ភាគរយ ​​ធៀប​នឹង​ចុង​ឆ្នាំ ​២០១៧​ ខណៈ​​កម្ចី​ពី​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ ​មាន​ចំនួន​សរុប​ ៥,៤ ពាន់​លាន​ដុល្លារ​។​

សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ «រឹងមាំ​» ​ទោះបីជា​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​​ព្យាករ​ថា នឹង​ទាប​បន្តិច​​នៅ​​ឆ្នាំ​នេះ​​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៨​ ក៏​ដោយ​។​ នេះបើ​​តាម​របាយការណ៍​ធនាគារ​ពិភព​លោក​ដែល​ចេញ​​ផ្សាយ​កាល​ពី ខែ​មេសា​។​

ការ​ព្យាករ​បង្ហាញ​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង ​៧ ​ភាគរយ​ ​ក្នុង​ឆ្នាំ ​២០១៩ ​ទាប​ជាង​អត្រា ៧,៥ ​ភាគរយ ​ដែល​​ទទួល​បាន​កាល​ពី​ឆ្នាំ​ ២០១​៨។​

ទោះបី​យ៉ាង​នេះ​ក្តី ​លោក ជូ ​លើក​​ឡើង​ថា រដ្ឋាភិបាល​ក៏​គួរ​តែ​​ធ្វើ​និយតកម្ម​ច្បាប់​ទាំង​ឡាយ​​ណា​ទាក់ទង​នឹង​វិស័យ​ធនាគារ​ឲ្យ​បាន​កាន់​តែ​មាន​ភាព​​តឹងរ៊ឹង​ចៀសវាង​ហានិភ័យ​នៃ​បន្ទុក​បំណុល​ ជា​ពិសេស​​ជួយ​លើក​កម្ពស់​ក្នុង​​ការ​អប់រំ និង​ផ្តល់​​ចំណេះ​ដឹង​ពី​​ហិរញ្ញវត្ថុ​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​សម្រាប់​ប្រជាជន​ខ្មែរ​។

លោក​ថ្លែង​ថា៖ «ដោយសារ​កម្ពុជា​មិនមែន​ជា​ប្រទេស​ផលិត ​ដូច្នេះ​ប្រសិន​បើ​ឥណទាន​​សម្រាប់​ទំនិញ​ប្រើប្រាស់​កើន​ច្រើន​នោះ វា​នឹង​ជះ​ឥទ្ធិពល​​អវិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ជា​មិន​ខាន»​៕LA