តើ​អ្នកស្រី​បាន​ចាប់ផ្តើម​អាជីវកម្ម​នេះ​យ៉ាង​ដូម្តេច​?

រស់នៅក្នុង​សហគមន៍​កសិកម្ម​ជាច្រើន​ជំនាន់ ការធ្វើ​កសិកម្ម​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង​។ ខ្ញុំ​បានចាប់ផ្តើម​ធ្វើស្រែ​រដូវ​ប្រាំង​កាលពី​ ១០ ​ឆ្នាំមុន នៅលើ​ដីស្រែ​តូច​មួយ​ដែល​ឪពុកម្តាយ​ខ្ញុំ​បាន​ឱ្យ​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​។ យូរៗ​ទៅ​ការ​ធ្វើស្រែ​របស់​ខ្ញុំ​ត្រូវបាន​ពង្រីក​រហូតដល់​ ១០ ​ហិកតា ដែល​អាច​ផលិត​ស្រូវ​បាន​ចំនួន​ ១០០ ​តោន​ជា​រៀងរាល់ឆ្នាំ​។

ដោយ​ទទួលបាន​កម្ចី​ហិរញ្ញប្បទាន​កសិកម្ម​ពី​មីក្រូហិរញ្ញវត្ថុ​អម្រឹត ខ្ញុំ​អាច​ពង្រីក​អាជីវកម្ម​កសិកម្ម​របស់​ខ្ញុំ​យ៉ាង​ឆាប់រហ័ស ក្រោយ​មក​ទៀត​ក៏បាន​ធ្វើ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ទឹកសាប ហើយ​ថ្មីៗ​នេះ​ចូល​ទៅ​ក្នុង​អាជីវកម្ម​សម្បុក​ត្រចៀកកាំ​ ១ ​ទៀត​។

តើ​អ្នកស្រី​អាច​ប្រាប់​យើង​អំពី​វិធីសាស្ត្រ​ធ្វើ​កសិកម្ម​ដែល​អ្នកស្រី​អនុវត្ត​បាន​ឬទេ​? តើ​វា​បាន​ជួយ​ដល់​គុណភាព​ទិន្នផល​យ៉ាង​ដូចម្តេច​?

វិធីសាស្ត្រ​ធ្វើ​កសិកម្ម​បច្ចុប្បន្ន​ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​ការធ្វើ​ស្រែចម្ការ​របស់​ខ្ញុំ គឺ​មិន​ខុសគ្នា​ខ្លាំង​ពី​ការអនុវត្ត​វិធីសាស្ត្រ​ដាំដុះ​បែប​ធម្មតា​ប៉ុន្មាន​ទេ​។ ភាពខុសគ្នា​តែមួយ​គឺថា​យើង​ធ្វើ​ការពិសោធ​ជាប្រចាំ​ជាមួយ​វិធីសាស្ត្រ​ថ្មីៗ រួមបញ្ចូល​ការអនុវត្ត​វិធីសាស្ត្រ​បែប​ទំនើប​នៅក្នុង​ដំណើរ​ការដាំដុះ​។

រាប់​ចាប់ផ្តើម​ពី​ការជ្រើសរើស​ពូជ ខ្ញុំ​បាន​ធ្វើ​ពិសោធ​ជាមួយ​ប្រភេទ​ពូជ​ផ្សេងៗ​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ស្វែងរក​ពូជ​ដែល​សមស្រប​បំផុត​សម្រាប់​ការដាំដុះ​នៅ​ស្រែចម្ការ​របស់ខ្ញុំ​។ បន្ទាប់ពី​សាកល្បង​នៅតាម​ដីស្រែ​រួច ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ជ្រើសរើស​ពូជ​អូអឹម ៥៤៥១ ពីព្រោះ​វា​ងាយស្រួល​ដាំ​ដុះ នឹង​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​ទៅនឹង​បរិស្ថាន​ក្នុង​ស្រុក​ក៏ដូចជា​ធន់​នឹង​ជំងឺ​ផ្សេងៗ ដែល​ជា​លទ្ធផល​ធ្វើឱ្យ​យើង​ទទួល​បាន​ទិន្នផល​កាន់តែ​ខ្ពស់ និង​តម្លៃ​កាន់តែ​ប្រសើរ​នៅលើ​ទីផ្សារ​។

ខណៈ​ដែល​ការជ្រើសរើស​ពូជ​គឺមាន​សារៈសំខាន់​ហើយ​នោះ ការរៀបចំ​ដី​ក៏​ជា​ដំណាក់កាល​ដ៏សំខាន់​មួយ​ដែរ ចំពោះ​ការដាំដុះ​ដែល​រួមចំណែក​ដល់​ការកែលម្អ​គុណភាព និង​ផលិតកម្ម​ដំណាំ​។ រៀបចំ​ដី​ធ្វើឱ្យ​កម្រិត​គុណភាព​ដី​អាចជួយ​ឱ្យ​សំណាប​លូតលាស់​បាន​ស្រួល ដី​រាបស្មើ ការពារ​កណ្តុរ​មិនឱ្យ​បំផ្លាញ​ដំណាំ​។ បនា្ទប់មក ត្រូវ​សាបព្រោះ​គ្រាប់ពូជ​ដោយ​ប្រើ​ម៉ាស៊ីន​សាបព្រោះ ដើម្បី​ធានាថា ស្រូវ​មិន​ដុះ​គរ​លើ​គ្នា​ក្រាស់​ពេក ឬ​ស្តើង​ពេក ដែល​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ស្រូវ​។

បន្ទាប់មក​ផ្នែក​សំខាន់​បំផុត គឺ​ការគ្រប់គ្រង​ស្មៅ និង​ការដាក់​ជី​។ ថ្នាំ​សម្លាប់​ស្មៅ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ការរីកលូតលាស់​របស់​ស្មៅ ហើយ​ជី​ត្រូវបាន​ដាក់​ជា​ ៣ ​ដំណាក់កាល​ផ្សេងៗ​គ្នា ដើម្បី​ជួយ​ដល់​ការលូតលាស់ និង​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​។

ប្រមាណ​ ៩០-៩៥ ​ថ្ងៃ ស្រូវ​ចាប់ផ្តើម​ទុំល្មម​អាច​ប្រមូលផល​បាន​។ នៅ​ដំណាក់កាល​នេះ ឈ្មួញ​នឹង​មកដល់​ស្រែ​របស់ខ្ញុំ​ដើម្បី​ចរចា​តម្លៃ ហើយ​ពួកគេ​នឹង​ទិញស្រូវ​ដោយផ្ទាល់​នៅឯ​ស្រែ​ផ្ទាល់​តែម្តង​បន្ទាប់ពី​ប្រមូល​ផល​រួច​ភ្លាមៗ​។

តើ​ភាពជឿនលឿន​ក្នុង​វិស័យ​កសិកម្ម​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម​របស់​អ្នកស្រី​ដែរឬទេ​? តើ​អ្នកស្រី​យល់ថា​ការផ្លាស់ប្តូរ​អ្វីខ្លះ​ដែលមាន​ឥទ្ធិពល​ធំ​បំផុត​?

វិស័យ​កសិកម្ម​មាន​ការវិវឌ្ឍ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​កន្លងមកនេះ​។ វា​បាន​ធ្វើឱ្យ​ជីវិត​កសិករ​កាន់តែ​មាន​ភាពងាយស្រួល ជាពិសេស​អ្នក​ដែលមាន​ស្រែចម្ការ​ធំៗ​។ ជាមួយ​នឹង​ប្រព័ន្ធធារាសាស្ត្រ​ទំនើប កសិករ​អាច​ផ្គត់ផ្គង់​ទឹក​ដល់​ស្រែចម្ការ​របស់​ពួកគេ​បាន​គ្រប់គ្រាន់ ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក​ដែលមាន​ប្រសិទ្ធភាព និង​ចំណាយ​តិច​។

ខ្ញុំ​ជឿថា ការជ្រើសរើស​ពូជ​ចម្រុះ​គឺ​តំណាង​ឱ្យ​ការជឿនលឿន​ដ៏សំខាន់​មួយ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​។ ពូជ​ដំណាំ​សម័យ​ទំនើប​គឺមាន​ភាពងាយស្រួល​ដាំដុះ ងាយ​សម្រប​ខ្លួន​ទៅនឹង​បរិស្ថាន​ជុំវិញ ធន់​នឹង​ជំងឺ និង​ផ្តល់​ទិន្នផល​ខ្ពស់​។

លើសពី​នេះ​ទៀត ការប្រើប្រាស់​ឧបករណ៍​ដាំដុះ និង​គ្រឿងចក្រ​កសិកម្ម​ទំនើប​បានធ្វើឱ្យ​ការងារ​របស់​យើង​មាន​ភាពងាយស្រួល​ធ្វើ​ស្រែចម្ការ​ពេញ​ ១ ​រដូវ​ដាំដុះ ការ​ភ្ជួរ​រាស់ ការធ្វើ​ថ្នាលសំណាប ការគ្រប់គ្រង​ស្មៅ ការដាក់​ជី និង​ការប្រមូលផល​។

វា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការធ្វើ​ស្រែចម្ការ​របស់​យើង ដោយ​មិន​ត្រឹមតែ​ជួយ​សន្សំសំចៃ​ពេលវេលា​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​កាត់​បន្ថយថ្លៃ​ពលកម្ម ក៏ដូចជា​ជួយ​ពង្រឹង​គុណភាព និង​បរិមាណ​ផលិតផល​ដែល​បាន​ផលិត​ផងដែរ​។

សហគមន៍ និង​ប្រជាជន​របស់​យើង​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ ដែល​យើង​ជួបប្រទះ​នៅក្នុង​ជីវិត និង​អាជីវកម្ម​។ ហើយ​ជា​ការថ្លែង​អំណរគុណ​ដល់​ឃុំ​កំណប់ សម្រាប់​ការលើកទឹកចិត្ត និង​ការគាំទ្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​មាន​គម្រោង​សាងសង់​កន្លែង​ចម្រាញ់​ទឹកស្អាត​ខ្នាតតូច​ឡើង ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​គ្រួសារ​នៅក្នុង​សហគមន៍​។

លើសពីនេះ​ទៀត ទឹកស្អាត​ដែល​ផលិត​បាន​នឹងត្រូវ​រក្សាទុក​នៅក្នុង​ស្រះ​សិប្បនិម្មិត​ទំហំ ១,៥ ហិកតា ដើម្បី​ចែកចាយ​ដល់​គ្រួសារ​នីមួយៗ​នៅក្នុង​ភូមិ​ទាំង​ ៦ ​នៃ​ឃុំ​កំណប់​។ គម្រោង​នៅ​សហគមន៍​នេះ​ត្រូវ​បាន​រំពឹងថា នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខ នៅពេល​មាន​ការយល់ព្រម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។

តើ​ជំនាញ​អ្វីដែល​ស្ត្រី​ត្រូវការ​ដើម្បី​ក្លាយជា​អ្នកជំនួញ​ ឬ​សហគ្រិន​ជោគជ័យ​?

អ្វីៗ​គ្រប់យ៉ាង​គឺ​ចាប់ផ្តើម​ពី​អ្នក​! ជំហាន​ដំបូង​ និង​សំខាន់បំផុត​ដើម្បី​ក្លាយជា​អ្នកជំនួញ​ស្ត្រី​ជោគជ័យ​គឺ​ត្រូវ​យល់​ឱ្យ​ច្បាស់​អំពី​ក្តី​សុបិន​របស់​អ្នក ហើយ​ជឿជាក់​លើ​វា​។ ដំណើរ​របស់​អ្នកនឹង​ប្រឈម​ជាមួយ​បញ្ហា និង​ឧបសគ្គ​ផ្សេងៗ ដូច្នេះ​ត្រូវ​ចងចាំ​ថា គ្មាន​ជោគជ័យ​ណា​កើតឡើង​ដោយ​គ្មាន​ការតស៊ូ​នោះទេ​។

នៅក្នុង​ការរៀបចំ អ្នក​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនោះ ហើយ​សូមកុំ​បោះបង់​គោលដៅ​របស់​អ្នក សូម្បីតែ​ពេលដែល​អ្នក​ចាប់ផ្តើម​សង្ស័យ​ខ្លួនឯង​ក៏ដោយ​។ ប្រសិន បើ​អ្នក​បោះបង់ចោល​នៅពេល​ជួប​ការលំបាក នោះ​អ្នក​នឹង​លះបង់​ម្តង​ហើយ​ម្តងទៀត ហើយ​អ្នកនឹង​មិនអាច​សម្រេច​អ្វី​បាន​ទាំងអស់​។ វា​ពិបាក​ប៉ុន្តែ​មិនមែន​មិនអាច​ទៅរួច​នោះទេ​។ ការប្តេជ្ញាចិត្ត ការតស៊ូ និង​ជំនឿ​លើ​ខ្លួនឯង គឺជា​អ្វីដែល​អ្នកត្រូវការ​។

ក្រៅពីនេះ អ្នកជំនួញ​ស្ត្រី​ដែល​ទទួល​ជោគជ័យ គួរតែ​ចេះ​គិត​ពិចារណា​ជាមុន ស្វែងយល់​ពី​ព័ត៌មាន​លម្អិត និង​ចេះ​រៀបចំ​ផែនការ​។ ការគ្រប់គ្រង​ការរៀបចំ​ថវិកា និង​ជំនាញ​ទំនាក់ទំនង​ក៏​ចាំបាច់​ផងដែរ​ដើម្បី​ទទួល​បាន​ជោគជ័យ​៕