ប៉ៃលិនៈ​ កសិករ​នៅ​ខេត្ត​ប៉ៃលិន​បាន​បន្ត​ពង្រីក​ការ​ដាំដុះ​ដើម​មៀន​ ពួក​គេ​មើល​ឃើញ​​ពី​ការ​ទទួល​បាន​ផល​ច្រើន​ពី ផ្លែ​ឈើ​នេះ​។​ នេះ​បើ​យោង​តាម​អនុប្រធាន​​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​។​

លោក ​អ៊ឹ​ម ​សុភឿន​ អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ផ្លែ​មៀន​ត្រូវ​បាន​ចាត់​ទុក​ជា​​ផលិតផល​​កសិកម្ម​ដ៏​សំខាន់​នៅ​ក្នុង​ខេត្ត​នេះ​។​

តួលេខ​បាន​ពី​​មន្ទីរ​កសិកម្ម​ខេត្ត​ បាន​​បង្ហាញ​ថា ​កសិករ​​បាន​បង្កើន​ការ​ដាំដុះ​ដើម​មៀន​ដល់​ ៣ ៩៨៣,​៥ ​ហិកតា​កាល​​ពី​ឆ្នាំ ២០១៨​ កើន​ឡើង​ ២៤,​៤ ​ភាគរយ​ធៀប​នឹង​ ៣ ២០១ ​ហិកតា​កាល​ពី​ឆ្នាំ ​២០១៧​។ របាយ​ការណ៍​នេះ​បង្ហាញ​ថា កាល​ពី​ឆ្នាំ​មុន​ ទិន្នផល​សរុប​បាន​​កើន​ឡើង​ដល់​ ៣ ៩៩៧ ​តោន​ ​ដែល​​លក់​ក្នុង​តម្លៃ ​១ ដុល្លារ​ក្នុង ​១ ​គីឡូក្រាម​។​ ​

លោក​បាន​ថ្លែង​ថា​៖ «​បើ​ធៀប​នឹង​ផ្លែ​ឈើ​ផ្សេង ​ផ្លែ​មៀន​រក​ប្រាក់​ចំណូល​បាន​ប្រសើរ​ជាង​ផ្លែឈើ​ផ្សេង​ទៀត​»​។ លោក​បន្ត​​ថា​៖ «​ប៉ុន្តែ​ បច្ចុប្បន្ន​ផ្លែឈើ​នេះ​​នៅ​តែ​​នាំចេញ​ក្រៅ​ផ្លូវ​ការ​ទៅ​​ប្រទេស​ថៃ ខណៈ​ទិស​ដៅ​ចុង​ក្រោយ​​គឺ​ប្រទេស ​ចិន​»។

លោក​ អ៊ឹ​ ​សុភឿន​ ​បាន​ឲ្យ​ដឹង​ថា ភូតគាម​អនាម័យ​នៅ​តែ​ជា​បញ្ហា​ប្រឈម​​សម្រាប់​ផ្លែ​ឈើ​នេះ ​ដើម្បី​ទាក់ទាញ​​ក្រុម​វិនិយោគិន​ផ្ទាល់​ចូល​មក​វិនិ​យោគ​។ ​លោក​បញ្ជាក់​ថា​៖ «​​ប្រសិន​បើ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន យើង​​នឹង​ទាក់ទាញ​ក្រុម​វិនិយោ​គិន​ជា​ច្រើន​ និង​បន្ថែម​ចង្វាក់​តម្លៃ​កាន់​តែ​ច្រើន​»។​

លោក​ អ៊ុន​ ថេង​ អនុ​ប្រធាន​សហករណ៍​ផលិតផល​ផ្លែ​មៀន​ប៉ៃលិន ​បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​ជា​តម្លៃ​រក្សា​ស្ថិរភាព​រហូត​ដល់​​ពេល​នេះ​ក៏​ដោយ​ ក៏​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​នេះ​គឺ​ទីផ្សារ ​និង​អាកាស​ធាតុ​។​ ​​

លោក​ថ្លែង​ថា​៖ «​យើង​រក​​ប្រាក់​ចំណេញ​បាន​ល្អ អ្នក​ទិញ​របស់​យើង​​គឺ​ ប្រទេស​ ចិន​ ដែល​​តាម​រយៈ​ប្រទេស ​ថៃ ដូច្នេះ​វា​មាន​ការ​បារម្ភ​បន្តិច​បន្តួច​ សម្រាប់​ពួក​យើង​ ប្រសិន​បើ​ព្រំដែន​ត្រូវ​បាន​បិទ​ នៅ​ពេល​នោះ​យើង​នឹង​ប្រឈម​នឹង​វិបត្តិ​»។

លោក​​​បន្ត​ថា​៖ «​ប្រសិន​បើ​យើង​អាច​គ្រប់គ្រង​ទីផ្សារ​ប្រកប​ដោយ​ស្ថិរភាព និង​មាន​ទឹក​ស្រោចស្រព​ត្រឹមត្រូវ​សម្រាប់​កសិដ្ឋាន​ យើង​​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ និង​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​របស់​យើង​»​​​។​

សហករណ៍​​ផលិតផល​ផ្លែ​មៀន​ប៉ៃលិន​ មាន​​សមាជិក ​២៣៦ ​គ្រួសារ ដែល​កាន់កាប់​ផ្ទៃដី​ ៩៩០ ហិកតា។ កាល​ពី​ឆ្នាំ​មុន សហករណ៍​នេះ​​ផលិត​​ផ្លែមៀន​បាន ​៣ ៥០០ ​តោន ​និង​រំពឹង​ថា នឹង​ផលិត​បាន​រហូត​ដល់​ ៧ ០០០ ​តោន​ សម្រាប់​ឆ្នាំ​នេះ​។​ ​លោក​លើក​ឡើង​ថា​៖ «​អ្នក​ទិញ​ជា​ជនជាតិ​ចិន​បាន​បង្កើត​ការិយាល័យ​​រួច​ហើយ ដើម្បី​ទិញ​ពី​ពួក​យើង​ទាំង​អស់​​ក្នុង​តម្លៃ​ល្អ​»។​

លោក ស្រេង​ ស្រៀង​ កសិករ​ដាំ​មៀន​មួយ​រូប ដែល​មាន​ផ្ទៃដី​ដាំដុះ​ ៧,​៥ ​ហិកតា​ សប្បាយ​រីករាយ​ជា​មួយ​ទីផ្សារ​បច្ចុប្បន្ន​ ដោយ​ថ្លែង​ថា លោក​នឹង​ប្រមូល​​​ផល​បាន​ ២៧ ​តោន​ នៅ​ក្នុង​រដូវ​ប្រមូល​ផល​នេះ ខណៈ​ឆ្នាំ​មុន​លោក​ទទួល​បាន ​១៨ តោន។​ ​

លោក​បញ្ជាក់​ថា​​៖ «​ចម្ការ​​មៀន ផ្ដល់​​ប្រាក់​ចំណេញ​ច្រើន​ជាង​ផ្លែ​ឈើ​ផ្សេង​ ប្រសិន​បើ​យើង​អនុវត្ត​តាម​ការ​ណែនាំ និង​​បច្ចេក​ទេស​ដាំដុះ ​បន្ទាប់​មក​យើង​ទទួល​បាន​​ផលិតផល​ និង​ប្រាក់​ចំណេញ​ខ្ពស់​»។

លោក​បន្ត​​ថា​៖ «​ខ្ញុំ​រីករាយ​នឹង​តម្លៃ​​​ពេល​នេះ​ វា​​មិន​ត្រូវ​ការ​រយៈ​ពេល​​​យូរ​នោះ​ទេ ពេល​នេះ​​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​​លើ​ទឹក ដោយ​សារ​​វា​ជា​រដូវ​ប្រាំង​»​៕LA