ភ្នំពេញៈ ធនាគារ កាណាឌីយ៉ា ជាធនាគារឈានមុខគេទី ២ របស់កម្ពុជាបើគិតពីទ្រព្យសកម្ម បានប្រកាសថា ខ្លួនបម្រុងទុកកញ្ចប់ហិរញ្ញប្បទាន ១៥០ លានដុល្លារជាប្រភពមូលនិធិថ្មី សម្រាប់សហគ្រាសធុនតូច និងមធ្យម (SME)។ នេះបើយោងតាមការបញ្ជាក់របស់មន្ដ្រីប្រតិបត្តិធនាគារនេះកាលពីថ្ងៃពុធ។
លោក Charles Vann អនុប្រធានប្រតិបត្តិរបស់ធនាគារ កាណាឌីយ៉ា បានឲ្យដឹងកាលពីម្សិលមិញថា កញ្ចប់ហិរញ្ញប្បទាន ដែលធនាគារទើបតែបញ្ចេញនេះនឹងគិតអត្រាការប្រាក់ ៧,៨៨ ភាគរយក្នុងមួយឆ្នាំ ដែលលោកលើកឡើងថា ជាកម្រិតទាបបំផុត បើធៀបនឹងអត្រាការប្រាក់របស់គ្រឹះស្ថានកម្ចីផ្សេងទៀត។
លោកថ្លែងថា៖ «វាមិនខុសគ្នាច្រើនទេ ពីប្រភេទកម្ចីដែលមានស្រាប់របស់យើង ប៉ុន្តែគ្រាន់តែយើងមិនដែលលៃទុកកញ្ចប់ហិរញ្ញប្បទានច្រើនដូចនេះពីមុនមក សម្រាប់វិស័យជាក់លាក់មួយនេះ»។
លោកបន្ថែមថា៖ «យើងមើលឃើញកំណើនរឹងមាំនៃ SME នៅកម្ពុជា ហើយពួកគេត្រូវការកម្ចីសម្រាប់ការពង្រីកអាជីវកម្ម ដូច្នេះយើងបានសម្រេចចិត្តក្នុងការបម្រុងកញ្ចប់កាន់តែធំសម្រាប់កម្ចី SME»។
ធនាគារ កាណាឌីយ៉ា រកបានប្រាក់ចំណេញសុទ្ធប្រហែល ៨០,៧៨ លានដុល្លារ កាលពីឆ្នាំ ២០១៧។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ប្រាក់បញ្ញើសរុប នៅធនាគារនេះ បានកើនឡើងដល់ ៣,៣ ពាន់លានដុល្លារ កាលពីចុងឆ្នាំ ២០១៧ ខណៈកម្ចីមានចំនួន ២,៥ ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០១៧។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំមុនបានសន្យាថា នឹងចាប់ផ្ដើមធនាគារថ្មី ដោយមានមូលធនដំបូង ១០០ លានដុល្លារ ដើម្បីផ្ដល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME)។ ប៉ុន្តែចាប់តាំងពីការប្រកាសរហូតមកដល់ពេលនេះ ព័ត៌មានវិវឌ្ឍន៍នៃការចាប់ផ្តើមធនាគារនេះមិនត្រូវបានបង្ហាញនោះទេ៕LA