សានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Uber ​កាល​ពី​ចុង​សប្តាហ៍​មុន​បាន​ចេញ​ផ្សាយ​តួលេខ​ប្រាក់​ចំណេញ​ដែល​បង្ហាញ​ថា ការ​ខាតបង់​​បាន​ថយ​ចុះ​នៅ​ត្រីមាស​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​​​កំណើន​ប្រាក់​ចំណូល​​​បាន​ថមថយ​ ស្រប​ពេល​​ដែល​​​​ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​តាក់ស៊ី​ជិះ​ឈាន​មុខ​គេ​មួយ​នេះ​​​រៀបចំ​ខ្លួន​សម្រាប់​ការ​បោះ​​ផ្សាយ​លក់​​​មូលបត្រ​ជា​សាធារណៈ​​លើក​ដំបូង (IPO)។ ​

ការ​ខាតបង់​ក្នុង​រយៈ​ពេល ​៣ ​ខែ​ចុង​ក្រោយ​នៅ​ឆ្នាំ​មុន មាន​​​ប្រហែល​ ៨៦៥ ​លាន​​ដុល្លារ ធៀប​នឹង​ការ​ខាតបង់​ ១,១ ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ ​២០​១៧។

ក្រុមហ៊ុន ​Uber បាន​រាយការណ៍​ប្រាក់​ចំណូល​​ ៣ ​ពាន់​លាន​ដុល្លារ កើន​ឡើង ​២៥​ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០​១៧។​

ក្រុមហ៊ុន Uber ​នៅ​តែ​ជា​ក្រុមហ៊ុន​ឯកជន​នៅ​ឡើយ ​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​​​​បង្ហាញ​​​ព័ត៌មាន​ប្រាក់​ចំណេញ​មួយ​ចំនួន​របស់​ខ្លួន​ជា​ទៀង​ទាត់​។​

លោក​ Dara Khosrowshahi ប្រធាន​ប្រតិបត្តិ​​ដែល​កំពុង​គ្រប់គ្រង​​ក្រុមហ៊ុន​​បង្កើត​​ថ្មី​តម្លៃ​ខ្ពស់​មួយ​នេះ​ឆ្ពោះ​​ទៅ​រក​ការ​ដាក់​​លក់​ភាគហ៊ុន​​​​លើក​ដំបូង​​នៅ​ឆ្នាំ​នេះ​ បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​កាន់​តែ​មាន​តម្លាភាព​ ខណៈ​ដែល​លោក​ស្វែងរក​ការ​ស្ដារ​ឡើងវិញ​នូវ​ទំនុក​ចិត្ត​​លើ​ថ្នាក់​​ដឹក​នាំ​របស់​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​ខ្នាត​​ពិភព​លោក​​នេះ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​រលក​រឿង​អាស្រូវ​ជា​ច្រើន​​។​

ប្រាក់​ចំណូល​សម្រាប់​​រយៈ​ពេល​ពេញ​ ១ ឆ្នាំ បាន​កើន​ឡើង​ ៤៣ ​ភាគរយ​ដល់​ ១​១,៣ ​ពាន់​លាន​ដុល្លារ ដោយ​ការ​ខាតបង់​ប្រចាំ​ឆ្នាំ​របស់​​ក្រុមហ៊ុន​​បាន​​ថយ​ចុះ​ ១៥ ភាគរយ​​មក​​នៅ​ត្រឹម​ ១,៨ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​​ក្រុមហ៊ុន​បង្កើត​ថ្មី​មួយ​នេះ។​

ក្រុមហ៊ុន Uber ប្រតិបត្តិការ​អាជីវកម្ម​ហៅ​តាក់ស៊ី​ជិះ​របស់​ខ្លួន​​​ក្នុង​ប្រទេស​ជា​ច្រើន និង​បាន​ពង្រីក​ចូល​ក្នុង​​វិស័យ​ថ្មី​ៗ ដែល​រួម​មាន​ការ​​ដឹក​ជញ្ជូន​អាហារ ម៉ូតូ​ស្គូធឺ​​អគ្គិសនី និង​កង់។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​​មើល​ឃើញ​ថា​​ជា​​ក្រុមហ៊ុន​ឈាន​មុខ​គេ​​ក្នុង​ចំណោម​ក្រុមហ៊ុន​បង្កើត​ថ្មី​នានា​ដែល​គាំទ្រ​ដោយ​ការ​វិនិយោគ​រួម ដោយ​មាន​ការ​សន្និដ្ឋាន​ថា តម្លៃ​របស់​ក្រុមហ៊ុន​នេះ​មាន​​ប្រហែល ​៧០​ ពាន់​លាន​ដុល្លារ​។​

លោក Nelson Chai ​​ប្រធាន​​ផ្នែក​ហិរញ្ញវត្ថុ​របស់​​ក្រុមហ៊ុន Uber បាន​ឲ្យ​ដឹង​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ឆ្នាំ​មុន គឺ​ជា​ឆ្នាំ​ដ៏​រឹងមាំ​បំផុត​របស់​យើង ​ហើយ​​ត្រីមាស​ទី​៤​ បាន​បង្កើត​កំណត់​ត្រា​មួយ​ផ្សេង​ទៀត​​»៕ AFP/LA​