ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលរងនូវការខាតបង់ច្រើនជាងមុននៅត្រីមាសទី ១ ឆ្នាំ ២០១៨ នេះដោយសារការប្រែប្រួលអត្រាប្តូរប្រាក់យ៉េន ដែលជាមូលហេតុចម្បងធ្វើឲ្យប្រាក់ចំណេញមានការថយចុះ។ នេះបើយោងតាមឯកសារដែលផ្ញើទៅកាន់ទីផ្សារមូលបត្រកម្ពុជា។
យោងតាមឯកសារដែលផ្ញើទៅកាន់ផ្សារហ៊ុននេះការខាតបង់សុទ្ធរបស់ប្រតិបត្តិការកំពង់ផែមួយនេះបានកើនឡើង ៣០៥ ភាគរយពីចំនួនប្រហែល ៦៨៣ ពាន់ដុល្លារកាលពីត្រីមាសទី ១ ឆ្នាំមុនដល់ចំនួនប្រហែល ២,៧៦ លានដុល្លារនៅត្រីមាសទី ១ ឆ្នាំនេះ។
ឯកសារដដែលនេះបានឲ្យដឹងទៀតថាប្រាក់ចំណូលបានកើនឡើង ១៩,០៦ ភាគរយដល់ចំនួន ១៤,៥៦ លានដុល្លារធៀបនឹងចំនួន ១២,២៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថាកំពង់ផែទទួលរងការខាតបង់កាន់តែច្រើនដោយសារការ «ខាតពីអត្រាប្តូរប្រាក់យ៉េនមិនទាន់សម្រេចមានការកើនឡើង និងខាតពីការគណនាឡើងវិញលើអត្ថប្រយោជន៍និយោជិតរបស់ក្រុមហ៊ុន Actuaial»។
យោងតាមរបាយការណ៍របស់កំពង់ផែនៅត្រីមាសទី ១ ឆ្នាំនេះកុងតឺន័រដែលបានឆ្លងកាត់កំពង់ផែមានចំនួន ១២១ ០៣១ TEUs កើនឡើង ១៩ ១០៩ TEUs ស្មើនឹង ១៨,៧៥ ភាគរយ បើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០១៧។
តម្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឡើងថ្លៃ ២,៧៦ ភាគរយដល់ ៥ ២២០ រៀលក្នុងមួយហ៊ុននៅពេលបិទការជួញដូរកាលពីម្សិលមិញ ខណៈពេលដែលសន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានកើនឡើង ០,៩៤ ភាគរយដល់ ៣៤៣,៦៧៕