ភ្នំពេញ: ការខូចខាត​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​បង្កឡើង​ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេល​ថ្មីៗ​នេះ និង​ការកកស្ទះ​ចរាចរណ៍​នាពេល​បច្ចុប្បន្ន បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​កំពង់ផែ​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​។

ក្នុង​ពិធី​បើកការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ថា​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ទៅ​ខេត្ត​ព្រះសីហនុ រដ្ឋាភិបាល​មាន​គ្រោង​ធ្វើការ​ពង្រីក​ផ្លូវជាតិ​លេខ ៤ បន្ថែម​ទៀត​ដែល​គម្រោង​ចំណាយ ១១០ លាន​ដុល្លារ ​ជា​កម្ចី​ពី​ធនាគារពិភពលោក​។

លោក​ថ្លែង​ថា​៖ «​កាលពី​មុន​យើង​បើកឡាន​កុងតឺន័រ​ពី​ភ្នំពេញ​មក​ព្រះសីហនុ​ប្រើពេល​ ៥ ​ម៉ោង​ ឥឡូវ​ការធ្វើដំណើរ​ឡើង​ដល់​ ៨ ម៉ោង​ទៅ ១០ ​ម៉ោង​នេះ​ ជា​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើនណាស់​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ឃើញ​ថា មាន​ឡាន​ខ្លះ ទំនិញ​ខ្លះ​មិន​បាន​ឡើង​កប៉ាល់​ទេ កប៉ាល់​ចេញ​ចោល​ដោយសារ​ការកកស្ទះ​មិនអាច​ទៅ​ទាន់​ពេលវេលា ករណី​នេះ​ជា​ការខាតបង់​ដល់​ថវិកាជាតិ​»​។

តាម​លោក ស៊ុន ចាន់ថុល ក្រសួង​នឹង​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​គម្រោង​នេះ​នៅ​ខែវិច្ឆិកា និង​បើក​ការដ្ឋាន​ស្តារ​ផ្លូវ​លេខ​ ៤ នៅ​ឆ្នាំ​ ២០២០ ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការខូចខាត​ផ្លូវ​នៅក្នុង​ក្រុង​ព្រះសីហនុ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​ដឹកជញ្ជូន​ទំនិញ​ពី​ភ្នំពេញ​ទៅ​កំពង់ផែ​​ស្វយ័ត​ក្រុងព្រះសីហនុ​ដោយ​មាន​ការយឺតយ៉ាវ និង​ចំណាយ​មានការ​កើនឡើង​។

លោក​បន្ត​ថា​បញ្ហា​ផ្លូវ​ខូច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការចំណាយ​ថ្លៃដើម​ខ្ពស់ជាង​មុន​ដែល​ត្រូវ​ចំណាយពេល​យូរ​ពី​ ៨ ម៉ោង​ទៅ​​ ១០ ​ម៉ោង​ដឹកទំនិញ​ពី​ភ្នំពេញ​ទៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។

លោក​បាន​ថ្លែង​ថា​៖ «​កាលពី​មុន​ក្នុង​មួយ​កុងតឺន័រ​មាន​កម្ពស់​ ៤០ ​ហ្វីត ​មាន​ថ្លៃ​ដឹក​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ២៦០​ ​ដុល្លារ ឥឡូវ​យើង​ចំណាយ​ប្រមាណ ៣៤០ ​ដុល្លារ​ធ្វើឲ្យ​យើង​ចំណាយ​ច្រើន​»​។

យោង​តាម​លោក ចន្ធី ជា​មធ្យម​ឡាន​កុងតឺន័រ​ប្រមាណ ២ ០០០ ​គ្រឿង​ ក្នុង​មួយថ្ងៃ​ចរាចរ​ចេញពី​ភ្នំពេញ​ទៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។

ទោះបី​ជា​យ៉ាងណា​លោក​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​ខូច​ឲ្យ​ឆាប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​ផ្នែក​បញ្ជូន​ទំនិញ​នេះ​ពិតជា​ប៉ះពាល់​ហើយ ដូច្នេះ​យើង​ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ក៏ដូចជា​ផ្នែក​ពាក់ព័ន្ធ​សូម​យកចិត្ត​ទុកដាក់​ធ្វើយ៉ាងណា​កែប្រែ​ស្ថានភាព​ដែល​កើតមាន​ឲ្យ​ឆាប់​ក្នុង​ការសម្រួល​ដល់​ការនាំ​ទំនិញ​ចេញ​ឲ្យ​បាន​លឿន​»​។

លោក កាន់ គន្ធី អនុប្រធាន​ក្រុមហ៊ុន​នាំចេញ​អង្ករ Amru Rice បាន​ឲ្យ​ដឹងថា បើទោះ​ជា​មាន​ការប៉ះពាល់​ដល់​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ថ្នល់ ក្រុមហ៊ុន​លោក​បានសម្រេច​ដឹកជញ្ជូន​តាម​រថភ្លើង​វិញ​។ លោក​បន្ថែម​ថា​ថ្លៃ​ដឹកជញ្ជូន​មាន​ការកើនឡើង​ប្រមាណ​ ១០ ទៅ ២០ ​ភាគរយ​។

លោក​ថ្លែង​ថា​៖ «​ការដឹក​អង្ករ​តាម​កុងតឺន័រ​ជួប​ការលំបាក​ក្នុង​មួយរយៈ​នេះ​បញ្ហា​ទឹកជំនន់ បញ្ហា​ក្រសួង​រឹតបន្តឹង តែ​យើង​មាន​ជម្រើស​ដឹក​តាម​រថភ្លើង​ដោយ​ដឹក​ចេញ​នៅ​ដើម​សប្តាហ៍ ដើម្បី​ឲ្យ​ទាន់​កប៉ាល់​នៅ​កំពង់ផែ​»​។

បើ​តាម​លោក គន្ធី ការដឹកជញ្ជូន​អង្ករ​របស់ Amru Rice មាន​ប្រមាណ ២០០ កុងតឺន័រ​ក្នុង​មួយខែ​។

លោក គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​ថា បច្ចុប្បន្ន​កំពង់ផែ​កំពុង​មាន​បញ្ហា​ប្រឈម​នឹង​ទីតាំង​សម្រាប់​ដាក់​កុងតឺន័រ​។

លោក​បន្ត​ថា​គម្រោង​ពង្រីក​ទីលាន​ទុក​កុងតឺន័រ និង​បំពាក់​គ្រឿងចក្រ​បន្ថែម នឹង​ធ្វើឲ្យ​សមត្ថភាព​ផ្ទុក​កុងតឺន័រ​អាច​ឆ្លើយតប​នឹង​សភាពការណ៍​បាន​៕LA