ភ្នំពេញៈ ក្រុមចរចាកម្រិតបច្ចេកទេសរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) បានបើកកិច្ចប្រជុំចែករំលែកនូវធាតុចូលដែលជាវិធានការត្រៀមសម្រាប់ការចរចាលើកទី ៣ នៅពេលខាងមុខដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សម្រាប់កាលានុវត្តភាពនៃការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ។
មន្ត្រីអន្តរក្រសួងស្ថាប័នចំនួន ៩ របស់ភាគីកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសនេះជាមួយនឹងភាគីពាក់ព័ន្ធរបស់ EEC ដែលមានអ្នកចូលរួមប្រមាណ ៣០ រូបដោយភាគីទាំង ២ បានផ្តោតការពិភាក្សាទៅលើប្រធានបទចំនួន ៥ រួមមាន នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម បច្ចុប្បន្នភាពប្រព័ន្ធអនុគ្រោះពន្ធរបស់ EAEU ផ្ដល់ជូនកម្ពុជា និងនីតិវិធីសម្រាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EAEU ស្ដង់ដាបទប្បញ្ញត្តិបច្ចេកទេស និងវាយតម្លៃអនុលោមភាព និងវិធានអនាម័យ និងភូតគាមអនាម័យ គោលនយោបាយកសិឧស្សាហកម្ម និងការដឹកជញ្ជូន។
យោងតាមសេចក្ដីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ កិច្ចប្រជុំមានគោលបំណងពិភាក្សាលើវិស័យសំខាន់ៗសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី ៣ នៃក្រុមការងាររួមរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខឆាប់ៗនេះ»។
ភាគីទាំង ២ បានធ្វើបទបង្ហាញ និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើការត្រៀមសម្រាប់របៀបវារៈកិច្ចប្រជុំរវាងកម្ពុជា និង EEC លើកទី៣ ដែលរួមមាន កាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាគោលដៅយុទ្ធសាស្ដ្រសមាហរណកម្មរបស់ EEC ដល់ឆ្នាំ ២០២៥ គោលនយោបាយប្រកួតប្រជែងរបស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការវិស័យឧស្សាហកម្មជាដើម។
លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំភាគីកម្ពុជាចូលរួមកិច្ចពិភាក្សាត្រៀមតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១០ ខែមីនាជាមួយ EEC ដែលដឹកនាំដោយកញ្ញា GoharBarsegyan ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សមាហរណកម្មបានចាត់ទុកកិច្ចប្រជុំនេះថាមានសារៈសំខាន់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងភាគីទាំង ២។
លោក បូរ៉ា បាននិយាយថា៖ «យើងមានសុទិដ្ឋិនិយមថា កិច្ចប្រជុំនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលរវាងភាគីទាំង ២ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេសដើម្បីអាចឈានដល់ការផ្តួចផ្ដើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និង EAEU នាពេលខាងមុខ»។
របាយការណ៍ស្ដីពី «ការសិក្សាលទ្ធភាពលើ FTA រវាងកម្ពុជា និង EAEU ត្រូវបានចាប់ផ្ដើមដំណើរការដោយក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត (ERIA) កាលពីថ្ងៃទី ៤ ខែធ្នូ នៅក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ ២០១៩»។
លោកបន្តថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង EAEU នឹងអាចឱ្យភាគីទាំង ២ បង្កើតកិច្ចសហការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ការសិក្សានេះបានត្រួតពិនិត្យផលប៉ះពាល់សំខាន់ៗនៃកិច្ចព្រមព្រៀងសេរីរវាងកម្ពុជា និង EAEU លើសេដ្ឋកិច្ចកម្ពុជា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ សុខុមាលភាព និងផលប៉ះពាល់កំណើនលើសេដ្ឋកិច្ចក្នុងស្រុក និងក្នុងតំបន់»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន៕ LA