ក្រុង​វ៉ាស៊ីនតោនៈ ការ​ចាប់ខ្លួន​​លោក Richard Liu ដែល​មហាសេដ្ឋកិច្ច​បច្ចេក​វិទ្យា​ចិន និងជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ JD.com កាល​ពី​សប្តាហ៍​មុន​នៅ​សហរដ្ឋ​អាមេរិក បានកើត​ចេញ​ពី​ការ​ចោទ​ប្រកាន់​ពីរំលោភ​សេពសន្ថវៈ។

លោក Liu ត្រូវបានដោះ​លែង​ដោយ​គ្មានការ​ចោទ​ប្រកាន់ បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពីថ្ងៃ​សុក្រ ហើយ​បាន​វិល​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ។

ក្រុមហ៊ុន JD.com ដែល​លោក Liu បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៨ គឺជាគេហទំព័រ​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​​មួយ​ក្នុង​ប្រទេស​ចិន និង​ជា​ដៃគូ​ចម្បង​របស់​ក្រុមហ៊ុន​ Alibaba។

កាសែត The Journal បានថ្លែង​ថា អាជ្ញាធរ​ក្នុង​រដ្ឋ​មីណេសូតា កំពុង​ស៊ើបអង្កេត​លើ​បណ្តឹង​មួយ​ប្រឆាំង​នឹង​លោក Liu ​ដែល​ដាក់​ដោយ​និស្សិត​ស្រ្តីម្នាក់​មក​ពី​ប្រទេស​ចិន។

លោក Lie អាយុ ៤៥ ឆ្នាំ​បានស្ថិតនៅ​ក្នុង​រដ្ឋនេះ​សម្រាប់​​​ផ្នែក​មួយ​នៃកម្មវិធីសិក្សារ​ថ្នាក់​បណ្ឌិត​មួយ​​ជំនាញរដ្ឋបាល​ពាណិជ្ជកម្ម ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ​មីណេសូតា។

កាសែត The Journal បានរាយការណ៍​ទៀត​ថា ការិយាល័យ​មេធាវី​ប្រចាំ​ខោនធី Hennepin បាន​ឲ្យដឹង​ថា ព្រះរាជអាជ្ញា​កំពុ​ង​រង់ចាំការ​ដាក់​ជូន​សំណុំ​រឿង​ពី​ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​នគរបាល​មុនពេល​សម្រេច​ថា​តើ​ត្រូវ​ចោទ​ប្រកាន់​លោក Liu ឬ​យ៉ាងណា។

នគរបាល​រដ្ឋ​មីណេសូតា មិនអាច​ទាក់ទក់សុំ​ការអត្ថាធិប្បាយបានទេ។

មន្ទីរ​នគរបាល​ប្រចាំ​ទីក្រុង​មីណេអាប៉ូលី​កាលពី​ចុង​សប្តាហ៍​មុនបាន​​​ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​នៅតែ​ធ្វើ​ឡើង ប៉ុន្តែ​នឹង​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពីការ​ចាប់ខ្លួន ឬ​ចោទ​ប្រកាន់​ប្រឆាំង​លោក Liu ឡើងយ៕ AFP/KC