ភ្នំពេញៈ អេស៊ីលីដានឹងចុះបញ្ជីជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ បន្ទាប់ពីបានបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុនប្រកបដោយជោគជ័យកាលពីពាក់កណ្ដាលខែមីនាកន្លងមក។ ធនាគារនេះនឹងក្លាយជាធនាគារពាណិជ្ជដំបូងគេដែលចុះបញ្ជីលើផ្សារហ៊ុនកម្ពុជា។
វិនិយោគិនប្រហែល ២ ៤៩៧ នាក់បានធ្វើបរិវិសកម្មរួចមកហើយទៅលើមូលបត្រកម្មសិទ្ធិរបស់ធនាគារក្នុងនោះ ៩៥,៦ ភាគរយជាវិនិយោគិនក្នុងស្រុក។ តម្លៃលក់ភាគហ៊ុនចុងក្រោយគឺ ១៦ ២០០ រៀល ឬ ៤,០៥ ដុល្លារ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា ភាគទុនិកសាធារណៈថ្មីៗរបស់ធនាគារនឹងអាចទទួលបានអត្ថប្រយោជន៍ពីកំណើនរបស់ធនាគារតាមរយៈការទទួលភាគលាភ និងមូលធន។
លោកថ្លែងថា៖ «តាមរយៈការចូលរួមក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គលមានឱកាសវិនិយោគនៅក្នុងធនាគារពាណិជ្ជដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង។ IPO របស់ធនាគារអេស៊ីលីដាបានទាក់ទាញក្រុមវិនិយោគិនលក់រាយជនជាតិកម្ពុជាជាច្រើនចូលមកផ្សារមូលបត្រកម្ពុជា (CSX) ជាលើកដំបូង ហើយនឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលធនរបស់ប្រទេសកម្ពុជា»។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរីធី (ខេមបូឌា) ភីអិលស៊ី បានឲ្យដឹងថា ជាមួយនឹងការចុះបញ្ជីភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានឹងកើនឡើង ៣ ដង។
លោកថ្លែងថា៖ «យើងជឿថា ធនាគារអេស៊ីលី ភីអិលស៊ី បានបោះជំហានដំបូងដ៏សំខាន់ ដើម្បីក្លាយជាប្រជាធនាគារដ៏ពិតប្រាកដតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនេះ»។
ជាមួយនឹងបទពិសោធជាង ២៧ ឆ្នាំធនាគារអេស៊ីលីដា ភីអិលស៊ី បានចាប់ផ្តើមដំបូងក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលកាលពីឆ្នាំ ១៩៩៣ ជាមួយដើមទុនវិនិយោគ ៦០០ ០០០ ដុល្លារ។ បច្ចុប្បន្នដើមទុនរបស់ធនាគារនេះ បានកើន ៧០០ ដង ខណៈទ្រព្យសកម្មសរុបមានប្រហែល ៦ ពាន់លានដុល្លារ កើនជាង ៩ ០០០ ដង និងប្រាក់ចំណេញសុទ្ធបានកើនជិត ២ ០០០ ដង។ នេះបើតាមលោក អ៊ិន ចាន់នី៕ LA