ភ្នំពេញ: រដ្ឋាភិបាល​បាន​ធ្វើការ​កែសម្រួល​តម្លៃ​សេវា​សាធារណៈ​ចំនួន​ ៣ ​ប្រភេទ ដើម្បី​ជំរុញ​ការចុះបញ្ជី​ពាណិជ្ជកម្ម និង​ជំរុញ​ការវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​។

បើ​យោងតាម​ប្រកាស​របស់​អន្តរក្រសួង​គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​សម្រេច​កែសម្រួល​តម្លៃ​សេវាសាធារណៈ​លើ​ប្រភេទ​សេវា​ចំនួន​ ៣ គឺ​ការស្នើសុំ​ចុះឈ្មោះ​នៅក្នុង​បញ្ជីពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដែល​តម្លៃ​សេវា​ថ្មី ១ ០១០ ០០០ រៀល ខណៈ​កាលពីមុន​មានតម្លៃ ១ ៦៨០ ០០០ រៀល​។

រីឯ​សហគ្រាស​ឯកត្តបុគ្គល ឬ​ពាណិជ្ជករ​ត្រូវបាន​ចុះបញ្ជី​ក្នុង​តម្លៃ​ត្រឹម​ ១៨០ ០០០ ​រៀល​ចុះ​តម្លៃ​ពី​ ៣០០ ០០០ ​រៀល និង​ការពិនិត្យ​នាមករណ៍​ក្រុមហ៊ុន សហគ្រាស​មាន​តម្លៃ ២៥០០០ រៀល​ចុះ​ពី ៤០ ០០០ ​រៀល​។ ប្រកាស​នេះ​ឲ្យ​ដឹងថា សេចក្តី​សម្រេច​នេះ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែមេសា តទៅ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការបញ្ចុះ​តម្លៃ​សេវា​សាធារណៈ​នេះ​នឹង​ជួយ​ទាក់ទាញ​ការវិនិយោគ និង​ជំរុញ​ឲ្យ​មាន​ការចុះបញ្ជី​ពាណិជ្ជកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក​ថ្លែងថា​៖ «​ការសម្រួល​តម្លៃ​ឲ្យ​ទាប​នឹង​ជួយ​សម្រួល​ដល់​អ្នករក​ស៊ី​មក​ធ្វើការ​វិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​។ ការបញ្ចុះ​តម្លៃ​សេវា​នៅពេល​នេះ​ក៏​នឹង​បង្ហាញ​ឲ្យ​អ្នក​វិនិយោគ​ជឿជាក់​លើ​រដ្ឋាភិបាល​ដែល​កំពុង​យកចិត្ត​ទុកដាក់​លើ​វិស័យ​ឯកជន​ចំពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ហើយ​ម្យ៉ាងទៀត​ការកំណត់​តម្លៃ​សេវាសាធារណៈ​ច្បាស់លាស់​វា​ក៏​នឹង​ជួយ​ឲ្យ​ការគ្រប់គ្រង​ពន្ធ​របស់​រដ្ឋាភិបាល​កាន់តែ​មាន​ភាពល្អប្រសើរ​ថែមទៀត​»​។

របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​ថ្មី​នៅ​ក្រសួង​បាន​កើនឡើង​ជាង ២៣ ​ភាគរយ​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ ២០១៩ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

របាយការណ៍​បាន​បង្ហាញថា ចាប់ពី​ខែ​មករា​ដល់​វិច្ឆិកា ការចុះបញ្ជី​ពាណិជ្ជកម្ម​កើនឡើង ២៣,៥៤ ភាគរយ​ដោយមាន​ចំនួន ១៦ ២០៨ ក្រុមហ៊ុន​។ ក្នុងចំណោម​នោះ​ការចុះបញ្ជី​ពាណិកម្ម​ក្រុមហ៊ុន​បរទេស​បាន​ធ្លាក់ចុះ ៣៧,៦៩ ​ភាគរយ​ដែល​មាន​ចំនួន ៨១ ​ក្រុមហ៊ុន ខណៈ​ការចុះបញ្ជី​ពាណិជ្ជកម្ម​ក្រុមហ៊ុន​ក្នុងស្រុក​មាន​ចំនួន ៥ ៤៧០ ​កើន​ ៩៥,១៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ដែលមាន​ចំនួន ២ ៨០៣៕ LA