ភ្នំពេញៈ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (A Geographical Indications: GI) នឹងមិនអាចមានផលិតផលណាមួយត្រូវបានចុះបញ្ជីទេនៅក្នុងឆ្នាំ ២០២០ នេះខណៈការដាក់ឯកសារស្នើសុំចុះបញ្ជីមកក្រសួងពាណិជ្ជកម្មក៏មិនមានដែរពេលនេះ។ នេះបើតាមមន្ត្រីនៃក្រសួងពាណិជ្ជកម្ម។
នៅកម្ពុជាបច្ចុប្បន្នមានផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ចំនួន ៣ ដែលត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរួមមានម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចត្លុងកោះទ្រង់ (ក្រចេះ)។
លោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថាការចុះបញ្ជី GI នឹងមិនមានទេក្នុងឆ្នាំនេះ ព្រោះមកដល់ពេលនេះក្រសួងមិនទទួលបានពាក្យស្នើសុំការចុះបញ្ជីណាមួយជាផ្លូវការឡើយ ខណៈការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ អាចជាចំណែកមួយដែលធ្វើឲ្យសកម្មភាពការងារមួយចំនួនត្រូវបន្ថយល្បឿន។ លោកបន្តថា ម្យ៉ាងទៀតដើម្បីអាចឲ្យផលិតផលមួយទទួលបាន GI គេត្រូវការពេលវេលាមិនតិចជាង ២ ឆ្នាំទេ ព្រោះក្រុមអ្នកជំនាញត្រូវការចុះទៅពិនិត្យ និងវាយតម្លៃជាច្រើនលើក។
លោកថ្លែងថា៖ «ការចុះបញ្ជី GI ប្រៀបបានទៅនឹងការធ្វើផ្លូវថ្នល់ដែរ ដោយត្រូវការពេលយូរ ហើយពេលខ្លះត្រូវបរាជ័យនៅពាក់កណ្តាលទីផងដែរ»។
បើតាមលោក រ៉ាឌី ការនាំយកផលិតផលសម្គាល់ភូមិសាស្ត្រទំនិញណាមួយមកចុះបញ្ជីគឺត្រូវការការសហការគ្នាច្រើនចាប់តាំងពីប្រជាកសិករក្នុងសមាគម ដៃគូពាក់ព័ន្ធ អ្នកជំនាញ និងអាជ្ញាធរក្រសួងពាណិជ្ជកម្មជាដើម។ លោកថ្លែងថា៖ «ការចុះបញ្ជី GI នឹងផ្តល់ផលពិសេសជាច្រើនដូចជា ការទទួលបានសិទ្ធិរារាំងទៅកាន់ភាគីណាដែលយកផលិតផលចុះបញ្ជី GI រួចហើយទៅប្រើប្រាស់ ឬផលិតដោយមានរូបរាងប្រហាក់ប្រហែល ឬក្លែងបន្លំដោយគ្មានការអនុញ្ញាត»។
ទោះយ៉ាងណាលោក រ៉ាឌី បញ្ជាក់ថា ផលិតផលដែលបានចុះ GI មានន័យថា ជាផលិតផលកម្រ ហេតុនេះមិនមែនគ្រប់ផលិតផលសុទ្ធតែអាចយកមកស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបានទេ។
ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបានកំណត់ថា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសំដៅដល់ឈ្មោះសញ្ញាសម្គាល់ និង/ឬរូបភាពផ្សេងៗទៀតដែលមានលក្ខណៈញែកដាច់ដែលជាឈ្មោះ ឬតំណាងឲ្យប្រភពដើមនៃតំបន់ភូមិសាស្ត្រមួយ ហើយឈ្មោះសញ្ញាសម្គាល់ និង/ឬរូបភាពនោះសម្រាប់កំណត់អត្តសញ្ញាណទំនិញមានប្រភពក្នុងភូមិសាស្ត្រនោះដែលបានផ្តល់ជាមូលដ្ឋានគ្រឹះដល់គុណភាព កិត្តិសព្ទ ឬចរិតលក្ខណៈផ្សេងទៀតនៃទំនិញដែលកើតចេញពីតំបន់ភូមិសាស្ត្រនោះ»។
លោក សុក សារ៉ង អ្នកជំនាញម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) បាននិយាយថា ប្រសិនបើផលិតផលមួយត្រូវបានចុះបញ្ជី GI វានឹងផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់សហគមន៍ដាំដុះ និងអ្នកពាក់ព័ន្ធ។ ការទទួលបាន GI មានន័យថា ផលិតផលនោះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ លោកប្រាប់ថា៖ «GI នឹងជួយលើកកិត្តិនាមជាផលិតផលមានគុណភាពខ្ពស់ប្រចាំតំបន់ផលិត/ដាំដុះ ជួយទប់ស្កាត់ផលិតផលក្លែងក្លាយទទួលបានតម្លៃខ្ពស់ និងមានការធានាតម្លៃ»។
លោកបន្ថែមថា ការទទួលបាន GI ក៏មិនមែនជាការងាយស្រួលទេ ដោយវាត្រូវឆ្លងកាត់នីតិវិធីជាច្រើន។ លោកអះអាងថា៖ «ដើម្បីសុំចុះបញ្ជី GI បានជាដំបូងគេត្រូវប្រមូលផ្តុំក្រុមដើម្បីបង្កើតសហគមន៍ ការកំណត់តំបន់ភូមិសាស្ត្រ ការស្វែង និងការរៀបចំប្រព័ន្ធត្រួតពិនិត្យជាដើម»។
អ្នកស្រី តឹករ៉េត កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មធ្លាប់បាននិយាយថា កម្ពុជាក៏គ្រោងនឹងយកផលិតផលចំនួន ៦ មុខទៀតទៅចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប (EU) ដែលមានដូចជា ក្រូចពោធិ៍សាត់ អំបិលកំពត ទុរេនកំពត អង្ករថ្មគោល សូត្រភ្នំស្រុក និងពងទាកូនស្រែននោង (ខេត្តតាកែវ)៕ LA