ភ្នំពេញៈ ចំនួនអ្នកជាវសេវាទូរស័ព្ទចល័ត និងអ្នកប្រើប្រាស់អ៊ីនធឺណិតបានធ្លាក់ចុះបន្តិចក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២០ នេះ ខណៈការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះមួយកម្រិត។
យោងតាមសិ្ថតិចុងក្រោយបំផុតបានពីនិយតករទូរគមនាគមន៍កម្ពុជា (TRC) ដែលភ្នំពេញប៉ុស្ដិ៍បានទទួលកាលពីថ្ងៃចន្ទ សម្រាប់ប្រតិបត្តិករចំនួន ៦ មានអ្នកជាវសេវាទូរស័ព្ទចល័តសរុបចំនួន ២០ ៤៨១ ០៥៤ នាក់ (ឬស៊ីមកាត) ត្រូវនឹង ១២៤,០៩ ភាគរយ នៃចំនួនប្រជាជនសរុបដោយថយចុះ ០,០៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ខណៈអ្នកជាវសេវាទូរស័ព្ទអចល័តមានខ្សែ និងគ្មានខ្សែបានធ្លាក់ចុះខ្លាំង ២១,៦២ ភាគរយ មកនៅ ៥២ ៤៨០ នាក់។
ជាមួយគ្នានេះក្នុងចំណោមប្រតិបត្តិករចំនួន ៧ ក៏បានរាយការណ៍ពីចំនួនអ្នកជាវអ៊ីនធឺណិតចល័តបានធ្លាក់ចុះ ២,៣៦ ភាគរយ មកនៅត្រឹម ១៤ ៨៦៣ ៤៣៥ នាក់ (ឬស៊ីមកាត) និងនៅក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតចល័តទាំង ៣៧ គឺបានកើនឡើង ៣៣,០៧ ភាគរយ ខណៈអ្នកប្រើហ្វេសប៊ុកកើនជិត ១១ លាននាក់។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ TRC បានឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានប៉ះពាល់បន្តិចបន្តួចដល់ឧស្សាហកម្មនេះ ប៉ុន្តែទោះយ៉ាងណាវាមិនមែនជាការបារម្ភក្នុងការរារាំងការអភិវឌ្ឍវិស័យ ICT នៅក្នុងប្រទេសកម្ពុជានោះទេ។
លោកថ្លែងថា៖ «ការធ្លាក់ចុះតិចតួចចំនួនអ្នកជាវសេវាទូរស័ព្ទចល័ត និងអ៊ីនធឺណិតចល័តក្នុងអំឡុងពេលនេះ គឺដោយសារតែចំនួនអ្នកជាវទូរស័ព្ទចល័តបានកើនឡើងខ្លាំងខ្ពស់រួចទៅហើយកាលពីពេលកន្លងមក គឺជិតដល់ ២០ លាននាក់ ធៀបនឹងចំនួនប្រជាជនសរុបជិត ១៦លាននាក់។ យើងមិនមានការបារម្ភនោះទេ ព្រោះការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់ដល់ការចល័តរបស់ប្រជាជន ជាពិសេសការធ្លាក់ចុះខ្លាំងនៃការមកដល់របស់ភ្ញៀវទេសចរបរទេស ឬជនជាតិបរទេសដែលកំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា»។
លោកបន្ថែមថា៖ «ទោះយ៉ាងណា យើងទទួលបានការកើនឡើងចំនួនអ៊ីនធឺណិតអចល័ត ដោយកើនជាង ៣០ ភាគរយ ដោយសារការកើនឡើងអតិថិជននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ខណៈដែលនិន្នាការអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងកើនឡើងពី ៨ លាននាក់ដល់ជាង ១០ លាននាក់»។
លោកបន្តថា មានការកើនឡើងនៃចំនួនសេវាអនឡាញក្នុងអំឡុងពេលនេះ ដោយសារសាលារៀន និងកន្លែងធ្វើការជាច្រើនធ្វើការតាមអនឡាញ។
លោក វុត្ថា អះអាងថា៖ «ខ្ញុំគិតថាចំនួនអ្នកជាវទូរស័ព្ទចល័តនឹងកើនឡើងបន្ថែមទៀត បើបណ្ដាញ 5G របស់យើងត្រូវបានពង្រីក ខណៈដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតអចល័តនឹងបន្តកើនឡើង ដោយសារចំនួន SMEs បន្តកើនឡើង។ ការរីករាលដាលនៃជំងឺកូវីដ ១៩ នឹងមិនមែនជាឧបសគ្គសម្រាប់ការអភិវឌ្ឍវិស័យនេះទេ»។
កាលពីខែឧសភាដោយសារការរីករាលដាលជំងឺកូវីដ ១៩ ប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជំរុញឲ្យប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកត្រូវចាក់បញ្ចូលមូលធនសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អគុណភាពសេវាអ៊ីនធឺណិតចល័ត ខណៈដែលតម្រូវការកំពុងកើនឡើងដោយសារតែប្រជាជនកាន់តែច្រើនឡើង និងនិន្នាការនៃអ្នកធ្វើការពីផ្ទះ និងសិក្សាតាមអនឡាញ។
យោងតាមទិន្នន័យរបស់ TRC នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នៅកម្ពុជាមានសេវា 4G គ្របដណ្ដប់ប្រមាណ ៥២,៧ ភាគរយ នៅទូទាំងប្រទេស ឬ ៨០,៣ ភាគរយ នៃប្រជាជនសរុប ចំណែកសេវា 3G គ្របដណ្ដប់ ៨៥,១ ភាគរយនៃប្រជាជន និងសេវា 2G គ្របដណ្ដប់ ៩៩,២ ភាគរយនៃប្រជាជនសរុប។ ជាមួយគ្នានេះដែរ ខ្សែកាប្លិ៍អុបទិចដែលកំពុងប្រតិបត្តិការដោយប្រតិបត្តិករចំនួន ៣ (១ គ្រប់គ្រងដោយរដ្ឋ) បានតបណ្ដាញបានជាង ៤៤ ២៥១ គីឡូម៉ែត្រ៕LA