ភ្នំពេញៈ នៅក្នុងរយៈពេលចុងក្រោយនេះរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូននៅកម្ពុជា ពិសេសនៅក្នុងទីក្រុងភ្នំពេញ ខណៈស្ថានភាពចរាចរណ៍មានស្ថានភាពកាន់តែអាក្រក់។
ទីក្រុងដែលប្រជាជនពេញនិយមដោយមធ្យោបាយធ្វើដំណើរជាលក្ខណៈឯកជនបានធ្វើឲ្យស្ថានភាពចរាចរណ៍ដែលមានផ្លូវតូចស្រាប់របស់ទីក្រុងភ្នំពេញ ណែនណាន់តាន់តាប់ដោយយានជំនិះជំរុញឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
ដើម្បីដោះស្រាយបញ្ហានេះសេវាដឹកជញ្ជូនសាធារណៈត្រូវបានដាក់ឲ្យដំណើរការរថយន្តក្រុង រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការក៏បាននិងកំពុងអភិវឌ្ឍសេវាផ្លូវដែក ដើម្បីសម្រួលការធ្វើដំណើរពីកណ្តាលក្រុងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សេវាដឹកអ្នកដំណើរតាមផ្លូវទឹក ភ្នំពេញ-តាខ្មៅ បានដំណើរការកាលពីថ្ងៃទី ៦ ខែមេសាដែលបង្ហាញថាទីក្រុងនេះកំពុងធ្វើដូចគ្នានឹងទីក្រុងបាងកក។
ខណៈកម្ពុជាមានប្រតិបត្តិការតូចៗច្រើនជាងនៅថៃ គិតមកត្រឹមពេលនេះមានកាណូតដឹកអ្នកដំណើរ ៣ គ្រឿងប៉ុណ្ណោះដែលមានចំណត ៤ កន្លែងនៅទីក្រុងភ្នំពេញ និងនៅជិតក្រុងតាខ្មៅ។
ដាក់ឲ្យដំណើរការដឹកជញ្ជូនដោយមិនគិតប្រាក់ក្នុងដំណាក់កាលដំបូងនេះពិតជាបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋដែលភាគច្រើនមកជិះដើម្បីសាកល្បងជាជាងការធ្វើដំណើរ។
ប្រជាពលរដ្ឋម្នាក់គឺអ្នកស្រី នឹម សូម៉ារី ដែលមកជិះសាកល្បងនូវសេវានេះបង្ហាញពីអារម្មណ៍រីករាយ។ អ្នកស្រីថ្លែងថា៖ «ជាលើកដំបូងរបស់ខ្ញុំដែលជិះកាណូតនេះខ្ញុំរំភើប និងសប្បាយចិត្តក្នុងការជិះដោយមិនគិតប្រាក់»។ អ្នកស្រីកំពុងរង់ចាំឪពុក និងកូនប្រុសរបស់អ្នកស្រីនៅចំណតកាណូតផ្សារចាស់ដើម្បីជិះកាណូតសាធារណៈលើកដំបូងនេះ។
ដោយសារអ្នកស្រី សូម៉ារី គ្រាន់តែជិះដើម្បីសាកល្បង អ្នកស្រីថ្លែងថា ជិះត្រឡប់មកទីក្រុងវិញតាមផ្លូវគោកដោយសារកាលវិភាគចេញដំណើរតាមកាណូតត្រូវរង់ចាំយូរ។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់ដឹងថាតើសេវាកាណូតនេះផ្ដល់ផាសុខភាពយ៉ាងណា? ហើយបន្ទាប់មកខ្ញុំនឹងត្រឡប់មកវិញដោយជិះរថយន្តក្រុង ដើម្បីមើលពីភាពខុសគ្នា»។
អ្នកដំណើរផ្សេងទៀតក៏មានចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងកាណូតនេះ ដោយពួកគេបានត្រឡប់មកជិះជាសេវានេះលើកទី ២ ហើយ។
លោក រស់ សារៀម បានជិះកាណូតនេះច្រើនដងហើយចាប់តាំងពីដាក់ដំណើរការមក ហើយនៅពេលនេះបាននាំសាច់ញាតិ ៤ នាក់មកជិះកាណូតនេះដែរ។
លោក សារៀម ថ្លែងថា៖ «វាជាលើកទី ២ របស់ខ្ញុំ ហើយខ្ញុំសប្បាយក្នុងការជិះកាណូតនេះ ដូច្នេះខ្ញុំបាននាំសាច់ញាតិរបស់ខ្លួនមកមើលទេសភាព និងសប្បាយជាមួយខ្ញុំ»។ លោកបន្តថា៖ «ខ្ញុំចង់ជិះកាណូតនេះ។ ទោះបីត្រូវបង់ប្រាក់ក៏ដោយ ខ្ញុំនៅតែពេញចិត្តក្នុងការជិះវាដែរ»។
កាណូតដែលត្រូវបានបំពាក់ដោយកៅអី និងម៉ាស៊ីនត្រជាក់ជិះដោយមិនគិតប្រាក់រយៈពេល ៣ ខែ ហើយក្រសួង និងក្រុមហ៊ុនប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញនឹងចាប់ផ្ដើមយកប្រាក់សម្រាប់សេវានេះដោយមិនទាន់ដឹងពីតម្លៃនៅឡើយទេ។ ផែនការនេះនឹងបន្ថែមចំណតសរុបចំនួន ១៥ ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT)។
សេវាកាណូតដឹកអ្នកដំណើរនេះជាជម្រើសដឹកជញ្ជូនសាធារណៈផ្សេងទៀតបន្ថែមលើសេវារថយន្តក្រុងសាធារណៈ និងរថភ្លើងទៅព្រលានយន្តហោះ។
លោក ចេង ហេងទ្រី អ្នកបើកបរបានស្វាគមន៍អ្នកដំណើរមុនពេលពួកគេឡើងជិះកាណូតនេះដោយភាពញញឹមក្នុងឯកសណ្ឋានពណ៌សរបស់គាត់។
លោក ហេងទ្រី បានកត់សម្គាល់ថាក្នុងរយៈពេលជាច្រើនថ្ងៃនេះចាប់តាំងពីសេវានេះត្រូវបានបើកដំណើរការ អ្នកដំណើរចង់សាកល្បងកាណូត និងស្រឡាងដែលមានសមត្ថភាពផ្ទុកមនុស្សប្រហែល ៥០ នាក់។ លោកថ្លែងថា៖ «អ្នកដំណើរភាគច្រើនចង់សាកល្បង ប៉ុន្តែយើងមានកម្មករមួយចំនួនដែលជិះផងដែរ»។ លោកថ្លែងថា៖ «អ្នកដំណើរចង់ប្រៀបធៀបរវាងរថយន្តក្រុង និងកាណូត ហើយពួកគេចង់ដឹងអំពីសេវា និងល្បឿនកាណូត»។
លោក ហេងទ្រី កត់សម្គាល់ថាអ្នកដំណើរមួយចំនួនហាក់ដូចជាបារម្ភអំពីសុវត្ថិភាពរបស់កាណូត និងបានសួរសំណួរច្រើនអំពីសុវត្ថិភាពលើផ្ទៃទឹក។ លោកថ្លែងថា៖ «យើងពន្យល់ថាកាណូតយើងមានសុវត្ថិភាព និងឆ្លើយតបតាមស្ដង់ដារបច្ចេកទេស។ ខ្ញុំនឹងនាំយកក្តីបារម្ភទាំងអស់របស់ពួកគេទៅក្នុងកិច្ចប្រជុំដើម្បីរកឲ្យឃើញរបៀបក្នុងការធានាទំនុកចិត្ត និងភាពជឿជាក់លើការជិះ»។
លោក ម៉ៅ ឡេងហេង អ្នកជិះម្នាក់ទៀតបានឲ្យដឹងថា លោកចង់ជិះទៅកាន់ចំណតទាំង ៤ គឺឫស្សីកែវ ផ្សារចាស់ ចតុមុខ និងក្រុងតាខ្មៅ ដើម្បីទទួលបានបទពិសោធជិះកាណូត។ លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលនៅពេលនេះយើងមានជម្រើសសម្រាប់ការធ្វើដំណើរ មិនគ្រាន់តែរថយន្តក្រុងប៉ុណ្ណោះទេ។ ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះប្រទេសកម្ពុជា។ ខ្ញុំនឹងចំណាយពេលវេលានៅពេលថ្ងៃរបស់ខ្ញុំសាកល្បងគ្រប់ចំណតទាំងអស់ ហើយខ្ញុំគ្រោងនឹងសាកល្បងរថភ្លើងព្រលានយន្តហោះផងដែរ»៕ LA