
ប្រាក់យន់ត្រូវបានប្រើប្រាស់ប្រហែល ១០ ភាគរយនៃពាណិជ្ជកម្មសរុបរវាង កម្ពុជា និងចិន។ AFP
ភ្នំពេញៈ ការប្រើប្រាស់ប្រាក់យន់ចិន ដើម្បីជាមធ្យោបាយទូទាត់ពាណិជ្ជកម្ម កម្ពុជា-ចិន បានបង្ហាញពីកំណើនធៀបនឹងឆ្នាំកន្លងទៅ ដោយសារគ្រឹះស្ថានធនាគារនៅកម្ពុជាកាន់តែច្រើនបានដំណើរការប្រតិបត្តិទូទាត់ជាប្រាក់យន់ ហើយពាណិជ្ជករចិនចាប់ផ្តើមព្យាយាមកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ។ នេះបើយោងតាមអ្នកជំនាញពីធនាគារជាតិនៃកម្ពុជា (NBC)។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ក្នុងវេទិកាស្ដីពីការប្រើប្រាស់ប្រាក់យន់ក្រោមប្រធានបទ «សេដ្ឋកិច្ចអាស៊ាន និងការធ្វើអន្តរជាតូបនីយកម្មនៃប្រាក់យន់» ដែលត្រូវបានរៀបចំឡើងដោយធនាគារចិន(Cambodia) លោក ឃូ វុឌ្ឍី អគ្គនាយករង បច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ប្រាក់យន់សម្រាប់ការទូទាត់ឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងចិន កំពុងកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ហើយនឹងបន្តការបង្កើនល្បឿននៅពេលអនាគត។
លោកបន្ថែមថា ការទូទាត់ឆ្លងកាត់ព្រំដែនជាប្រាក់យន់ មានចំនួនប្រហែល ១០ ភាគរយនៃពាណិជ្ជកម្មសរុប កម្ពុជា និងចិន កាលពីឆ្នាំមុន។
ចំនួននេះបង្ហាញថា ចំណែកនៃការប្រើប្រាស់ប្រាក់យន់កាន់តែច្រើនឡើងៗ បើធៀបនឹងមុនៗ ខណៈតួលេខបានពី NBC កាលពីឆ្នាំមុន បានបង្ហាញថា គ្រាន់តែក្នុងឆ្នាំ ២០១៦ ការទូទាត់ជាប្រាក់យន់ មានចំនួន ២,៥ ពាន់លានយន់ (៣៧៧ លានដុល្លារ) ឬប្រហែល ៧ ភាគរយនៃពាណិជ្ជកម្មសរុបរបស់ប្រទេសទាំង ២។
លោកបានថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថាការប្រើប្រាស់ប្រាក់យន់ ជាមធ្យោបាយទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែននឹងបន្តកើនឡើងនៅក្នុងប្រព័ន្ធធនាគារកម្ពុជា»។
លោកបន្តថា៖ «ការវិវឌ្ឍនេះវាស្របនឹងនិន្នាការតំបន់ ដែលប្រទេសជាច្រើនកំពុងព្យាយាមកាត់បន្ថយការពឹងខ្លាំងពេកតែលើប្រាក់ដុល្លារតែមួយមុខក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការប្រើប្រាស់រូបិយប័ណ្ណរបស់គេផ្ទាល់ខ្លួន [ជាមួយប្រាក់យ់នចិន]»។
រហូតមកដល់ពេលនេះ NBC បានអនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន ប្រើប្រាស់ប្រាក់យន់ នៅក្នុងប្រតិបត្តិការរបស់ពួកគេ និងអនុញ្ញាតឲ្យធនាគារចិន ២ ដែលប្រតិបតិ្តការនៅកម្ពុជា គឺធនាគារ ចិន និងធនាគារ ICBC ទូទាត់ជាប្រាក់យន់ និងការជួយសម្រួលការទូទាត់ ខណៈធនាគារពាណិជ្ជកម្ម ១៣ ផ្សេងទៀត ក៏ប្រតិបត្តិការជាប្រាក់យន់ផងដែរ។
លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង NBC ដែលបានថ្លែងនៅក្នុងសុន្ទរកថាបើកដំណើរការនៃវេទិកានេះ ឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានចំនួន ៦,០៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ក្នុងចំនួននោះ ទំហំការនាំចូលរបស់កម្ពុជាពីប្រទេស ចិន មានចំនួន ៥,៣ ពាន់លានដុល្លារ ខណៈទំហំការនាំចេញរបស់កម្ពុជា ទៅប្រទេស ចិន បានកើនឡើងដល់ ៧៥៨ លានដុល្លារ។
លោកថ្លែងថា៖ «កំណើនសេដ្ឋកិច្ច និងការភ្ជាប់ទំនាក់ទំនងរបស់វិស័យហិរញ្ញវត្ថុ រវាង ចិន និងកម្ពុជា បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងអំឡុង ២ ទសវត្សរ៍ចុងក្រោយនេះ»។
លោក Chen Changjiang អគ្គនាយកធនាគារចិន បានឲ្យដឹងកាលពីម្សិលមិញថា វេទិកាប្រាក់យន់ ត្រូវបានចាប់ផ្ដើមដើម្បីផ្ដល់ជាទម្រង់មួយនៃការ ធ្វើបច្ចុប្បន្នភាពវិធីសាស្ដ្រ និងនវានុវត្តន៍ និងសមិទ្ធផលប្រាក់យន់។
លោកថ្លែងថា៖ «ក្នុងនាមជាធនាគារពាណិជ្ជកម្មនៃការទូទាត់ប្រាក់យន់ឈានមុខគេនៅកម្ពុជាវាជាការទទួលខុសត្រូវរបស់យើង ក្នុងការរក្សាគ្រឹះស្ថានសាជីវកម្ម និងសាធារណៈ រហូតមកដល់បច្ចុប្បន្នស្ដីពីការប្រើប្រាស់ប្រាក់យន់»៕LA