ភ្នំពេញៈ កម្ពុជា​បាន​នាំចូល​មធ្យោបាយ​ធ្វើដំណើរ​ពី​ក្រៅប្រទេស​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង ឆ្នាំ​ ២០២០ នេះ​មាន​តម្លៃ​សរុប​ជិត ៦៣៥ ​លាន​ដុល្លារ ឬ​ស្មើនឹង ៤១៤ ៧២៥ ​គ្រឿង​ក្នុងនោះ​ការនាំចូល​រថយន្ត​មាន​តម្លៃ​រហូត​ដល់​ទៅ ៥៣១,៦៤ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទើប​ទទួល​បាន​បង្ហាញ​ថា ចាប់ពី​ខែមករា ទៅ​ដល់​ខែមិថុនា ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចូល​មធ្យោបាយ​ធ្វើដំណើរ​មាន រថយន្ត ម៉ូតូ និង​កង់ ក្នុង​តម្លៃ​សរុប ៦៣៤,៩៨ ​លាន​ដុល្លារ​ដែល​ក្នុង​នោះ​ការនាំចូល​រថយន្ត​ទេសចរណ៍​មាន​តម្លៃ ២៨០,៦៥ ​លាន​ដុល្លារ ​ស្មើនឹង​ចំនួន ២៥ ៤៨៣ ​គ្រឿង រថយន្ត​ដឹកទំនិញ មាន​តម្លៃ ១៩៤,៤៧ ​លាន​ដុល្លារ​ ស្មើនឹង ១៣ ៨១២ ​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ មាន​តម្លៃ ២០,៦៨ ​លាន​ដុល្លារ​ ក្នុង​បរិមាណ​ ១ ២១២ ​គ្រឿង និង​រថយន្ត​ផ្សេងទៀត​មាន​តម្លៃ ៣៥,៨៤ ​លាន​ដុល្លារ ​ស្មើ​នឹង ​១ ២៣១ ​គ្រឿង​។ ចំណែក​ការនាំចូល​ម៉ូតូ​មាន​តម្លៃ ៩៩ ​លាន​ដុល្លារ​ ស្មើនឹង ១៨០ ៥៩០ ​គ្រឿង និង​កង់​ក្នុង​តម្លៃ ៤,៣៥ ​លាន​ដុល្លារ​ស្មើ​នឹង ១៩២ ៣៩៧ ​គ្រឿង​។

ភ្នំពេញ​ប៉ុស្តិ៍​មិនមាន​ទិន្នន័យ​នៃ​ការនាំចូល​មធ្យោបាយ​ធ្វើដំណើរ​រយៈពេល ៦ ​ខែ​ដើមឆ្នាំ​ ២០១៩ ទេ ប៉ុន្តែ​សម្រាប់​រយៈពេល​ពេញ ១ ឆ្នាំ​ ២០១៩ ការនាំចូល​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​តម្លៃ ១ ៨៨១,៨៥ ​លាន​ដុល្លារ​ ស្មើ ១ ១២៤ ២១០ ​គ្រឿង​ក្នុង​នោះ​រថយន្ត​ទេសចរណ៍​មាន​តម្លៃ ៨២៧,៤៤ ​លាន​ដុល្លារ​ ស្មើនឹង ៩៥ ០៦៧ ​គ្រឿង រថយន្ត​ដឹកទំនិញ​តម្លៃ ៥៤២,២ ​លាន​ដុល្លារ​ ស្មើ​ ៣៩ ០០៨ ​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​តម្លៃ ១១២,៧៥ ​លាន​ដុល្លារ​ ចំនួន ៧ ៩៩៨ ​គ្រឿង និង​រថយន្ត​ផ្សេងទៀត​មាន​តម្លៃ ១១០,៧៨ ​លាន​ដុល្លារ​ ចំនួន ៤ ៥៩១ ​គ្រឿង​។ ចំណែក​ការនាំចូល​ម៉ូតូ​មាន​តម្លៃ ២៧៨,២៨ ​លាន​ដុល្លារ​ ស្មើ​នឹង ៥១១ ៤៣៤ ​គ្រឿង និង​នាំចូល​កង់​ក្នុង​តម្លៃ ១០,៤ ​លាន​ដុល្លារ ​ស្មើ​នឹង ៤៦៦ ១១២​ គ្រឿង​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការធ្លាក់ចុះ​ចំនួន​ទឹកប្រាក់​ក៏​ដូចជា​បរិមាណ​នាំចូល​មធ្យោបាយ​ធ្វើ​ដំណើរ​នៅក្នុង​ឆមាស​ទី​ ១ ​គឺ​មាន​ជាប់ទាក់ទង​យ៉ាងខ្លាំង​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ជំងឺ​នេះ​បាន​ធ្វើឲ្យ​ចរន្ត​សាច់ប្រាក់​ភាគច្រើន​ត្រូវ​ជាប់គាំង​។

លោក​ថ្លែងថា​៖ «​ការរីករាលដាល​កូវីដ​ ១៩ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ការធ្លាក់ចុះ​តម្រូវការ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ទាំងអស់​»​។

លោក​បន្ថែមទៀត​ថា ទោះបី​យ៉ាងណា​តម្រូវការ​នេះ​នឹង​មាន​សម្ទុះ​ឡើងវិញ​នៅពេល​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្បើយ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ការនាំ​ចូល​នេះ​នឹង​មាន​កំណើន​ឡើងវិញ ប៉ុន្តែ​វា​នឹង​មិន​ស្ទុះ​ឡើងវិញ​គំហុក​នោះទេ​»​។

លោក វណ្ណៈ លើកឡើង​ថា វា​ពិតជា​មាន​ផលប៉ះពាល់​ចំពោះ​ប្រាក់ចំណូល​ជាតិ​។ លោក​អះអាង​ថា​៖ «​ការធ្លាក់ចុះ​ចំណូល​ជាតិ​ពិត​ជា​មាន ជាពិសេស​ប្រាក់ចំណូល​ពន្ធ​ពី​ការ​នាំចូល​រថយន្ត​ពី​បណ្តា​ប្រទេស​នៅក្រៅ​តំបន់​អាស៊ាន ដែល​មាន​អត្រា​ខ្ពស់​ដូចជា អាមេរិក និង​តំបន់​អារ៉ាប់​ជាដើម​»​។

របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹងថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ការនាំចូល​ទំនិញ​ពី​បរទេស​មាន​តម្លៃ​ ១០,១៤ ​ពាន់​លាន​ដុល្លារ​ ធ្លាក់​ចុះ ៥,២២ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ក្នុង​នោះ​ការនាំចូល​យានយន្ត​ធ្លាក់​ចុះ ២ ​ភាគរយ​៕ LA