ភ្នំពេញៈ ការនាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ត្រូវ​រំពឹងថា​នឹង​កើន​ដល់​ជាង ៥ ​លាន​តោន ខណៈ​ក្នុង​រយៈពេល ៥ ​ខែ​កន្លងមក​សម្រេច​បាន​ជាង ១,៩ ​លាន​តោន​កើន​ជាង ៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៤,៨៧ លាន​តោន​ ក្នុង​នោះ​ជាង ៤ ​លាន​តោន​ ត្រូវបាន​នាំទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន​ចំនួន ៤៣០ ​ពាន់​តោន​ ទៅ​ប្រទេស​ចិន ២៦១ ​ពាន់​តោន ​ទៅ​ទីផ្សារ​អឺរ៉ុប និង ១៣៥ ​ពាន់​តោន​ទៅ​ប្រទេស​ផ្សេងទៀត​។

ប្រទេស​ទទួល​ទិញ​កសិផល​ពី​កម្ពុជា​មាន​ជាង ៦០ ក្នុង​នោះ​ទីផ្សារ​សហភាព​អឺរ៉ុប​មាន​ ១៧ ​មុខ តំបន់​អាស៊ាន​មាន​ ៤២ ​មុខ និង​ប្រទេស​ចិន ២៦ ​មុខ​។

លោក ងិន ឆាយ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​សប្តាហ៍​មុន​ថា ការនាំចេញ​ផលិតផល​កសិផល​កម្ពុជា​សរុប​នៅក្នុង​ឆ្នាំនេះ​រំពឹង​ថា នឹង​កើនដល់​ជាង ៥ ​លាន​តោន ព្រោះ​គ្រាន់តែ​ក្នុង​រយៈពេល ៥ ​ខែ​ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ចំនួន​ ១,៩ ​លាន​តោន​រួច​ទៅ​ហើយ ដោយ​មាន​កំណើន ៧,៣៥ ​ភាគរយ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដោយ​ការនាំចេញ​អង្ករ​មាន​កំណើន​ខ្ពស់​ជាងគេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការនាំចេញ​ឆ្នាំនេះ​នឹង​មាន​ចំនួន​លើសពី ៥ ​លាន​តោន​»​។

តាម​លោក ងិន ឆាយ ចំនួន​នាំចេញ ៤,៨៧ ​លាន​តោន​នេះ​គឺជា​តួលេខ​ផ្លូវការ ប៉ុន្តែ​ការនាំចេញ​ក្រៅផ្លូវការ គឺ​មាន​ចំនួន​ច្រើន​ថែមទៀត​។

លោក​បន្ថែម​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​មាន​ការរីកចម្រើន ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ផ្តល់​អាទិភាព​ខ្ពស់​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា ទន្ទឹម​នឹង​កំណើន​នាំចេញ​នេះ អ្នក​ដាំដុះ​ក៏​មិនត្រូវ​ភ្លេច​ពី​ការដាំដុះ​ប្រកប​ដោយ​លក្ខណៈ​ស្តង់ដា និង​អនាម័យ​ផងដែរ​។

លោក ប៊ុន ទួនស៊ីម៉ូណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកណ្តាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បើទោះបី​ពេល​នេះ​ខេត្ត​កណ្តាល​មិន​មាន​ផ្ទៃដី​ដាំដុះ​ច្រើន​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម ប៉ុន្តែ​លោក​គិតថា​តាមរយៈ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការលើក​ទឹកចិត្ត និង​ពង្រឹង​ឯករាជ្យ​ផ្នែក​កសិកម្ម ទិន្នផល​កសិផល​កម្ពុជា​នឹង​កើនឡើង​ខ្ពស់​។

លោក​និយាយ​ថា​៖ «​ការជំរុញ និង​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល និង​ក្រសួង​កសិកម្ម ខ្ញុំ​គិតថា ការបង្កបង្កើនផល​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នឹង​កើនឡើង​ខ្ពស់ជាង​មុន​»​។

ការធ្លាក់ចុះ​ផ្ទៃដី​កសិកម្ម​ក្នុង​ខេត្តកណ្តាល​ពេលនេះ ដោយសារ​តំបន់​ខ្លះ​ត្រូវ​បាន​កាត់​ចូល​រាជធានី​ភ្នំពេញ តំបន់​កាន់តែ​ច្រើន​បាន​ក្លាយជា​លំនៅឋាន និង​ការសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាដើម​។ នេះ​បើតាម​លោក​ ទួន ស៊ីម៉ូណា​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​ឧសភា​ថា លោក និង​មន្ត្រី​ជំនាញ​កំពុង​ខិតខំ​លើក​ទឹកចិត្ត និង​បង្ក​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ ឬ​ប្រជាកសិករ​ក្នុង​ការពង្រីក​ការដាំដុះ​ក្នុង​វិស័យ​កសិកម្ម បើទោះបី​លោក​ទទួលស្គាល់​ថា កម្ពុជា​នៅ​មាន​កង្វះ​ប្រព័ន្ធ​ទឹក​សម្រាប់​ស្រោចស្រព​ក៏ដោយ​។

លោក​បន្តថា វិស័យ​កសិកម្ម​កំពុង​ដើរតួនាទី​សំខាន់​នៅក្នុង​ការលើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ ខណៈ​ប្រទេស​ជាច្រើន​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​កង្វះ​អាហារ​ដែល​បណ្តាល​មកពី​កូវីដ​១៩​។

តាម​លោក​រដ្ឋមន្ត្រី ការពង្រីក​វិស័យ​កសិកម្ម​នៅពេល​នេះ​គឺ​មិនមែន​ផ្តោត​តែ​លើ​ការដាំដុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ផ្តោត​ទៅ​លើ​ការធ្វើ​វារីវប្បកម្ម និង​ចិញ្ចឹម​សត្វ​ផងដែរ​៕ LA