
ក្រុមកម្មកររបស់ក្រុមហ៊ុន Longmate Agriculture កំពុងរៀបចំចេក មុននឹងដាក់ចូលកេសសម្រាប់នាំចេញទៅក្រៅប្រទេស។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបាននាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) សរុបជាង ៥ លានតោននៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ កើនប្រមាណ ៤៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ នេះបើយោងតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យបង្ហាញថាក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ជាផ្លូវការចំនួន ៦៧ មុខទៅប្រទេសចំនួន ៤៦ ក្នុងបរិមាណសរុប ៥,០៥ លានតោន។ ផលិតផលនាំចេញសំខាន់ៗមានដូចជា ដំឡូងមីក្រៀម ១,៣១ លានតោន ផ្លែចេកស្រស់ ៣០០ ១៧៤ តោន ជ័រកៅស៊ូ ២៩០ ៧០០ តោន គ្រាប់ស្វាយចន្ទី ២១៤ ៧២១ តោន និងគ្រាប់ពោតមានចំនួន ១៩៤ ៥០០ តោន។ ចំណែកផ្លែស្វាយស្រស់មាន ៩០ ៨០១ តោន ម្ទេសស្រស់ ៦២ ៤៣២ តោន ល្ង ៥ ៧៩៩ តោន ដំណាប់ស្វាយ ៥ ៧៥៥ តោន ម្រេច ៤ ៩៨២ តោន គ្រាប់ឈូក ៣ ៨១៥ តោន និងម្ទេសក្រៀម ១៨០០ តោន។
លោក វេង សាខុន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ជាមួយនឹងការកំណត់គោលនយោបាយរបស់រដ្ឋាភិបាល និងកិច្ចខិតខំរបស់អ្នកពាក់ព័ន្ធបានធ្វើឱ្យបរិមាណនៃការដាំដុះផលិតផលកសិកម្មនៅកម្ពុជាកើនឡើងជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ការប្រមូលផល និងការបញ្ជាទិញមានកាន់តែច្រើន ស្របពេលការទទួលបានទីផ្សារថ្មីៗបន្ថែមនោះបានធ្វើឱ្យការនាំចេញផលិតផលកសិកម្មកម្ពុជាក្នុងរយៈពេល ១១ ខែនេះកើនឡើងប្រហែល ៤៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន»។
ទោះយ៉ាងណាលោក សាខុន អះអាងថា សម្រាប់ស្ថានភាពជាក់ស្តែងការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅមានបរិមាណលើសពីចំនួននេះ។
លោក ហុង វណ្ណៈ អ្នកទទួលបន្ទុកសេដ្ឋកិច្ចអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ថា វិស័យកសិកម្មបានចូលរួមចំណែកយ៉ាងច្រើនក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះបើវាមានសញ្ញាវិជ្ជមាននោះ គឺជាការល្អណាស់ ព្រោះតាមរយៈកំណើនការនាំចេញនេះ វាក៏បង្ហាញពីការធានាបានភាពរឹងមាំរបស់សន្តិសុខស្បៀងនៅកម្ពុជា និងការបង្កើតការងារសម្រាប់ប្រជាកសិករផងដែរ។
លោកនិយាយថា៖ «ដើម្បីឱ្យផលិតផលកសិកម្មកម្ពុជាកាន់តែមានសក្តានុពលសម្រាប់ការនាំចេញនោះ វាទាមទារចាំបាច់ការចូលរួមរបស់អាជ្ញាធរ និងផ្នែកពាក់ព័ន្ធក្នុងការតម្រង់ទិសពីការប្រើប្រាស់ពូជ ជី និងវិធីសាស្រ្តដាំដុះដល់ប្រជាកសិករផងដែរ ខណៈបច្ចុប្បន្នប្រជាកសិករភាគច្រើនតែងធ្វើតាមគ្នា ឬតាមទម្លាប់»។
ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងថា ដើម្បីឱ្យវិស័យកសិកម្មមានភាពរឹងមាំក៏ដូចជាកសិករមានទំនុកចិត្តលើការដាំដុះនោះ អាជ្ញាធរក៏គួរតែគិតគូរពីការធានាស្ថិរភាពទីផ្សារ និងតម្លៃផងដែរ។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែលវិនិយោគលើកសិដ្ឋានដាំចេកក្នុងខេត្តកំពតលើផ្ទៃដីជាង ១ ពាន់ហិកតាក្នុងខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែតុលាថា កម្ពុជាពិតជាមានសក្តានុពលក្នុងការពង្រីកចង្វាក់ផលិតកម្មលើផលិតផលកសិកម្ម ដើម្បីបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែងការនាំចេញចេកអំបូងលឿងរបស់កម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ចាប់ពីប្រទេសចិនអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់កាលពីឆ្នាំមុន។
លោកថ្លែងថា៖ «ការនាំចេញចេកអំបូងលឿងរបស់យើងកើនឡើងខ្ពស់ ដោយសារចេកយើងមានស្តង់ដាអនាម័យគោរពតាមអ្នកបញ្ជាទិញនៅប្រទេសចិន»។
កាលពីឆ្នាំ ២០១៩ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ជាផ្លូវការក្នុងបរិមាណសរុប ៤ ១៦៤ ៧៦០ តោន។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ LA