ភ្នំពេញៈ ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង​ ៣០ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដោយ​មាន​តម្លៃ​សរុប​ជា​មធ្យម​ជិត​ ៣០០ ​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​នាយកដ្ឋាន​កៅស៊ូ​។

យោង​តាម​តួលេខ​នេះ​កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ ១៨៨ ៨៣២ តោន​កាលពី​ឆ្នាំ​ ២០១៧ កើនឡើង​ ៣០ ​ភាគរយ​ធៀប​នឹង​ចំនួន​ ១៤៥១០០ ​តោន​កាលពី​ឆ្នាំ​ ២០១៦​។ របាយការណ៍​បង្ហាញ​ថា​តម្លៃ​កៅស៊ូ​ជា​មធ្យម​នៅ​ឆ្នាំ​ ២០១៧ មាន​តម្លៃ ១ ៥៨៦ ​ដុល្លារ​ក្នុង​មួយ​តោន​ដែល​កើនឡើង​ពី ១ ២៨៣ ​ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​ឆ្នាំ​ ២០១៦​។

តម្លៃ​សរុប​ជា​មធ្យម​បាន​គណនា​ដោយ​ភ្នំពេញ ​ប៉ុស្ដិ៍​ គឺ ២៩៩,៤៨ ​លាន​ដុល្លារ ដែល​កើនឡើង​ ២៤ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។

លោក ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​កំណើន​នៃ​ការ​ផលិត​កៅស៊ូ​បាន​ជំរុញ​ឲ្យ​មាន​កំណើន​នាំ​ចេញ​ស្រប​ជាមួយ​នឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​នៅ​តែ​ខ្ពស់​។

លោក​បាន​ថ្លែង​ថា​៖ «​ការ​នាំ​ចេញ​កៅស៊ូ​របស់​យើង​បាន​រក្សា​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទោះបី​ជា​តម្លៃ​មិន​ពេញ​ចិត្ត​សម្រាប់​ក្រុមហ៊ុន​កៅស៊ូ​ក៏ដោយ​ឧស្សាហកម្ម​នេះ​នៅ​តែ​មាន​សក្ដានុពល​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​វា​នៅ​តែ​មាន​តម្រូវការ​ពី​ទីផ្សារ​»​។

លោក​បន្ត​ថា​បញ្ហា​ប្រឈម​របស់​ឧស្សាហកម្ម​នេះ​គឺ​ឈ្នួញ​ខុស​ច្បាប់​ដែល​រត់​ពន្ធ​កៅស៊ូ​មិន​ទាន់​កែច្នៃ​ទៅ​ប្រទេស​វៀតណាម​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​។

លោក​ថា​៖ «​យើង​កំពុង​ព្យាយាម​បង្ក្រាប​ឈ្នួញ​រត់ពន្ធ​កៅស៊ូ ទោះបី​វា​នៅ​តែ​ហូរ​ចេញ​តាម​ច្រក​ព្រំដែន​តូចៗ​ដែល​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ក៏ដោយ​»​។

លោក ប៉ុល សុផា បាន​ថ្លែង​ថា​ខណៈ​តម្លៃ​ស្ថិត​ក្នុង​កម្រិត​ល្អ​សម្រាប់​គ្រួសារ វា​នៅ​តែ​ពិបាក​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​រក​ប្រាក់​ចំណេញ​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​តម្លៃ​កៅស៊ូ​តែងតែ​ផ្លាស់ប្តូរ​ដោយសារ​តែ​ទីផ្សារ​អន្តរជាតិ​។ ខណៈ​តម្លៃ​ពេល​នេះ​ល្អ​តែ​សម្រាប់​គ្រួសារ​ដាំ​ដុះ​កៅស៊ូ​ប៉ុណ្ណោះ វា​មិន​ផ្ដល់​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​កៅស៊ូ​នោះ​ទេ​»​។

ទិសដៅ​ទីផ្សារ​កៅស៊ូ​ភាគច្រើន​របស់​កម្ពុជា​គឺ​ប្រទេស ​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និង​អឺរ៉ុប​។ នេះ​បើ​យោង​តាម​លោក ប៉ុល សុផា​។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា​ការ​ដាំដុះ​កៅស៊ូ​បាន​កើន​ឡើង​ ៣៣ ភាគរយ ក្នុង​នោះ​កៅស៊ូ​លើ​ផ្ទៃដី​ ១៧០ ២៣០ ហិកតា អាច​ប្រមូល​ផល​បាន​ក្នុង​ចំណោម​ផ្ទៃដី​ដាំដុះ​កៅស៊ូ​សរុប ២៦៦ ១០៩ ហិកតា​។

លោក ម៉ែន សុភក្ដិ អនុប្រធាន​ក្រុមហ៊ុន​វិនិយោគ​សុភក្ដិ​នីកា​បាន​ថ្លែង​ថា ការ​រត់ពន្ធ​កៅស៊ូ​គឺជា​បញ្ហា​ដ៏សំខាន់​ដែល​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​ក្នុង​ស្រុក​បិទ​អាជីវកម្ម​របស់​ពួកគេ ខណៈ​ក្រុមហ៊ុន​ផលិត​កៅស៊ូ​ក្នុង​ស្រុក​កំពុង​ជម្នះ​ជាមួយ​នឹង​តម្លៃ​ទាប​រួច​ទៅ​ហើយ​។

លោក​បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​នាំ​ចេញ​ក្នុង​ស្រុក​ភាគច្រើន​បង្ខំ​ចិត្ត​បិទ​អាជីវកម្ម ​ដោយសារ​តែ​ពួកគេ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ឈ្នួញ​កៅស៊ូ​ដែល​រត់​ពន្ធ​តាម​ព្រំដែន​ដោយ​មិន​មាន​ការ​បង់​ពន្ធ ខណៈ​យើង​មិន​អាច​រកប្រាក់​ចំណេញ​ពី​តម្លៃ​នៃ​ការ​នាំ​ចេញ​កៅស៊ូ​នេះ​»​។

លោក ធី សំបូរ ប្រធាន​សមាគម​កៅស៊ូ​គ្រួសារ​ត្បូងឃ្មុំ​បាន​ថ្លែង​ថា​កសិករ​កៅស៊ូ​លក្ខណៈ​គ្រួសារ ពេញចិត្ត​នឹង​តម្លៃ​កៅស៊ូ​នេះ ខណៈ​ពួកគេ​អាច​រក​ប្រាក់​ចំណូល​បាន​លើស​ពី​ ១ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។

លោក​បាន​ថ្លែង​ថា​៖ «​ដោយសារ​តែ​អ្វី​ដែល​យើង​បាន​លក់​កាលពី​ឆ្នាំ​មុន​យើង​អាច​និយាយ​ថា​វា​សមរម្យ​ល្មម​សម្រាប់​ពួកយើង ប្រសិន​បើ​តម្លៃ​ដូច​គ្នា​នេះ​បន្ត​មក​ដល់​ឆ្នាំ​នេះ យើង​នឹង​មិន​បារម្ភ​អំពី​ការ​រស់នៅ​របស់​យើង​នោះ​ទេ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​ការ​ដាំដុះ​កៅស៊ូ​នៅ​ជិត​ព្រំដែន ការ​លក់​មាន​តម្លៃ​ប្រសើរ​ដោយសារ​តែ​វា​នៅ​ជិត​ព្រំដែន​ហើយ​ឈ្នួញ​ផ្ដល់​តម្លៃ​កាន់​តែ​ប្រសើរ​ផង​ដែរ​៕ LA