ភ្នំពេញៈ ​ការ​នាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើន​ឡើង ​២៣ ​ភាគរយ​នៅ​ត្រី​មាស​ទី​១ ​​ឆ្នាំ​នេះ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨ ​ខណៈ​តម្លៃ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​។ ​នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​អគ្គ​នាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម។​

ទិន្នន័យ​នេះ​បង្ហាញ​ថា ​កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ ៤៨ ​១៩២ ​តោន​នៅ​ត្រី​មាស​ទី១ ​ក្នុង​ឆ្នាំ ​២០១៩ កើន​ឡើង ​២៣ ​ភាគរយ​បើ​​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន ​ខណៈ​​​ដែល​តម្លៃ​ជា​មធ្យម​ ១ ​២៧៩ ​ដុល្លារ​ក្នុង​ ​១ ​តោន ​ធ្លាក់​ចុះ ​១២ ​ភាគរយ​​។​

ផ្អែក​លើ​តម្លៃ​ និង​បរិមាណ​នៃ​ការ​នាំចេញ ​ឧស្សាហកម្ម​នេះ​​រក​បាន​​ចំណូល​ប្រហែល ​៦១ ​លាន​ដុល្លារ​​នៅ​ត្រីមាស​ដំបូង​ឆ្នាំ​នេះ​​​។​

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​ជា​តម្លៃ​បន្ត​ធ្លាក់​ចុះ​ក៏​ដោយ​ ក៏​រហូត​មក​ដល់​ពេល​នេះ​តម្រូវ​ការ​ទីផ្សារ​នៅ​តែ​មាន​​ស្ថិរភាព​​សម្រាប់​ផលិតផល​កៅស៊ូ​។​

លោក​​ឲ្យ​ដឹង​ថា ​កំណើន​ការ​នាំចេញ ​គឺ​ដោយសារ​តែ​ការ​កើន​ឡើង​ទិន្នផល​កៅស៊ូ ​និង​តម្រូវ​ការ​ទីផ្សារ​នៅ​តែ​មាន​​។​

លោក​ថ្លែង​ថា «​ដើម​កៅស៊ូ​ដែល​​អាច​ប្រមូល​ផល​បាន​កំពុង​កើន​ឡើង ​ដូច្នេះ​វា​ផ្ដល់​ការ​ផលិត​​កាន់​តែ​ច្រើន​បន្ថែម​ទៀត​សម្រាប់​​ការ​នាំចេញ»​។ ​លោក​បាន​បន្ត​ថា​៖ «​ទោះ​​បី​ជា​តម្លៃ​ធ្លាក់ចុះ​​ក៏​ដោយ​ ក៏​កសិករ​យើង [​ក្រុមហ៊ុន​ផលិត​​កៅស៊ូ]​ ត្រូវ​តែ​​​លក់​ចេញ​ដើម្បី​​​ធ្វើ​ការ​ទូទាត់​ដល់​​ការ​ចំណាយ​លើ​ការ​ផលិត​»។​

ការ​ប្រែប្រួល​តម្លៃ​កៅស៊ូ​អាស្រ័យ​​លើ​ទីផ្សារ​អន្តរជាតិ ​ដោយសារ​តែ​​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​ធ្លាក់​​ចុះ​។​ នេះ​បើ​យោង​តាម​​លោក​ ប៉ុល ​សុផា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម​។​ ​លោក​​បញ្ជាក់​ថា​៖ «​​​ប្រសិន​បើ​តម្លៃ​នៅ​តែ​​បន្ត​ធ្លាក់​ចុះ វា​​នឹង​​ពិបាក​​សម្រាប់​ក្រុមហ៊ុន​ផលិត​​កៅស៊ូ​ និង​កសិករ​»។

លោក​​បន្ត​ថា​៖ «​បច្ចុប្បន្ន​តម្លៃ​នេះ​​​មិន​ល្អ​ទេ​សម្រាប់​ឧស្សាហកម្ម​នេះ​ ប៉ុន្តែ​វា​នៅ​តែ​អាច​ទទួល​យក​បាន​​សម្រាប់​​កៅស៊ូ​លក្ខណៈ​គ្រួសារ»។ ​លោក​បន្ថែម​ថា ​ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​នៅ​តែ​ជា​បញ្ហា​​​ប្រឈម​សម្រាប់​វិស័យ​នេះ។

កម្មករកំពុងធ្វើការនៅកន្លែងបណ្តុះកូនកៅស៊ូនៅខេត្ត​រតនគិរីកន្លងមក​​​។ ហេង ជីវ័ន

ប៉ុន្តែ​លោក ​ប៉ុល ​សុផា ​បាន​ឲ្យ​ដឹង​ថា ​កៅស៊ូ​នៅ​តែ​ជា​ផលិតផល​កសិកម្ម​ដ៏​មាន​សក្ដានុពល​ ធៀប​ទៅ​នឹង​ផលិតផល​ផ្សេង​ទៀត​។​ ​​លោក​បន្ត​ថា​ ទីផ្សារ​ទិសដៅ​​សំខាន់ៗ​សម្រាប់​ការ​នាំចេញ​​កៅស៊ូ​របស់​កម្ពុជា ​គឺ​ប្រទេស​ វៀតណាម ​ម៉ាឡេស៊ី ​ចិន ​និង​ប្រទេស ​សិង្ហបុរី​។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ​កាល​ពី​សប្ដាហ៍​មុន ​បាន​ប្រកាស​ថា ​ខ្លួន​បាន​អនុម័ត​​គម្រោង​បង្កើត​​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​មាន​តម្លៃ ​២,៧ ​លាន​​ដុល្លារ​នៅ​ខេត្ត​ត្បូងឃ្មុំ​។

ប៉ុន្តែ​ខណៈ​វិស័យ​នេះ​កំពុង​ប្រឈម​​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ ​លោក​ ​ប៉ុល ​សុផា ​បាន​ឲ្យ​ដឹង​ថា ​វា​​អាច​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​វិស័យ​នេះ​លុះត្រា​តែ​វា​ជា​​រោង​ចក្រ​​​ផលិតផល​​សម្រេច​​​​។ លោក​លើក​​ឡើង​ថា​៖ «​ដើម្បី​ធ្វើ​​ឲ្យ​វិស័យ​​កៅស៊ូ​មាន​ស្ថិរភាព យើង​ចាំ​បាច់​ត្រូវ​មាន​រោងចក្រ​ដើម្បី​កែច្នៃ​វត្ថុ​ធាតុ​ដើម​ ដើម្បី​ផលិត​ជា​​ផលិតផល​សម្រេច​ ដែល​នឹង​ជួយ​ដល់​វិស័យ​ និង​ប្រទេស​នេះ​»​។​

កម្ពុជា​​បាន​នាំចេញ​កៅស៊ូ​ស្ងួត​ ២១៧ ​៥០០ ​តោន​ កាល​ពី​​ឆ្នាំ ​២០១៨ ​កើន​ឡើង​ប្រហែល​ ​១៥ ​​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧ ដោយ​មាន​តម្លៃ​ជា​មធ្យម​ ១ ៣១៩ ​​ដុល្លារ​ក្នុង ​១ ​តោន​។​

លោក ​ម៉ែន ​សុភក្ដិ ​បាន​ឲ្យ​ដឹង​ថា​ តម្លៃ​កៅស៊ូ​នឹង​ពិបាក​កើន​​ឡើង​វិញ​ណាស់ ​ខណៈ​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ទីផ្សារ​ពិភព​លោក​កំពុង​កើន​ឡើង​ជាមួយ​នឹង​តម្រូវ​ការ​ទាប​។​ ​លោក ​សុភក្ដិ ​ឲ្យ​ដឹង​ថា ​កៅស៊ូ​គួរ​តែ​មាន​​តម្លៃ​ចាប់​ពី​ ១ ៥០០ ​ដុល្លារ​ទៅ​ ​១ ៦០០ ​ដុល្លារ​ក្នុង ​១ ​​តោន ​ទើប​ឧស្សាហកម្ម​នេះ​​​អាច​​រក​ប្រាក់​ចំណេញ​បាន​៕LA