ភ្នំពេញ: ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើងជាង ២៣ ភាគរយ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូ។
លោក ឃួន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងនីតិកម្មនៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ការនាំចេញកៅស៊ូរបស់កម្ពុជាក្នុងអំឡុងពេលនេះសម្រេចបាន ១៧៣ ០៧២ តោនកើនឡើង ២៣,៣៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមាន ១៤០ ៣០៣ តោន។
លោកបន្តថា ក្នុងរយៈពេលនេះការនាំចេញកៅស៊ូមានតម្លៃ ២៣១ លានដុល្លារ កើនឡើងជិត ២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាដែលមានប្រមាណ ១៩០ លានដុល្លារ។ លោកថ្លែងថា៖ «ខ្ញុំគិតថា បើមើលតាមការវិវត្តតម្រូវការរបស់ទីផ្សារពិភពលោក ការប្រើប្រាស់កៅស៊ូ យើងឃើញថាតម្លៃវានៅថេរ ឬក៏កើនឡើងតិចតួចរយៈពេល ២-៣ ឆ្នាំទៅមុខទៀត»។
តាមលោក ឃួន ផល្លា ការនាំចេញកៅស៊ូកម្ពុជាភាគច្រើនទៅទីផ្សារប្រទេសចិនដែលមានតម្លៃជាមធ្យម ១ ៣០៣ ដុល្លារ ក្នុងមួយតោនសម្រាប់ខែកញ្ញា។
លោក ម៉ែន សុភក្តិ ប្រធានក្រុមហ៊ុនវិនិយោគសុភក្តិនីកាដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញកៅស៊ូបានឲ្យដឹងថា កំណើននៃការនាំចេញកៅស៊ូពេលនេះ ដោយសារកំណើនដើមកៅស៊ូពេញវ័យត្រូវប្រមូលផលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ទោះបីយ៉ាងណាលោកបន្តថា ការនាំចេញសម្រាប់ក្រុមហ៊ុនលោកក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៩ នេះបានចំនួន ៩ ៥០៥ តោន ធ្លាក់ចុះប្រហែល ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកថ្លែងថា៖ «ការនាំចេញកៅស៊ូសម្រាប់ក្រុមហ៊ុនខ្ញុំបានថយចុះនេះដោយសារខ្វះកម្លាំងចៀរជ័រ»។ លោកបន្តថា ក្រុមហ៊ុនលោកបាននាំចេញកៅស៊ូទៅប្រទេសវៀតណាម ឥណ្ឌា ចិន និងកូរ៉េជាដើម។
លោកបន្ថែមថា ទន្ទឹមនឹងនេះគិតចាប់តាំងពីដើមត្រីមាសទី ៣ ឆ្នាំនេះកៅស៊ូមានតម្លៃចន្លោះពី ១ ៣៣៣ ដុល្លារ ទៅ ១ ៣៥០ ដុល្លារ ក្នុងមួយតោនធ្លាក់ចុះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃប្រហែល ១ ៤០០ ដុល្លារ ក្នុងមួយតោន។ លោកថ្លែងថា៖ «ថ្លៃវាធ្លាក់ចុះមកពីវិបត្តិសេដ្ឋកិច្ចពិភពលោករួមទាំងជម្លោះពាណិជ្ជកម្មប្រទេសមហាអំណាច ២ គឺ ចិន និងអាមេរិកហើយកំណើនសេដ្ឋកិច្ចពិភពលោកថយចុះធ្វើឲ្យតម្រូវការប្រើប្រាស់ថយចុះ។
លោកជឿថា តម្លៃកៅស៊ូអាចនឹងបន្តប្រឈមទៀតចាប់ពីពេលនេះរហូតដល់ដាច់ឆ្នាំ ២០១៩ នេះ ព្រោះប្រទេសអ្នកបញ្ជាទិញមួយចំនួនកំពុងងាកទៅរកប្រទេសក្នុងតំបន់អាហ្វ្រិកដែលមានតម្លៃកៅស៊ូទាបជាងប្រទេសនៅតំបន់អាស៊ី ហើយអាចប៉ះពាល់ដល់ការនាំចេញកៅស៊ូរបស់ប្រទេសកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ប្រទេសតំបន់អាស៊ីយើងជាផ្នែកមួយបានផ្គត់ផ្គង់ជ័រកៅស៊ូលើពិភពលោកប្រហែល ៨០ ភាគរយ ប៉ុន្តែថ្មីនេះនៅខាងប៉ែកអាហ្វ្រិកគេដាំកៅស៊ូបានច្រើន គេផ្គត់ផ្គង់លើទីផ្សារបានតម្លៃថោកដោយសារថ្លៃដើមផលិតគាត់ទាប ដូច្នេះធ្វើឲ្យទីផ្សារងាកទៅរកអាហ្វ្រិក»។
បើតាមទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូ គិតមកដល់ពេលនេះផ្ទៃដីដាំកៅស៊ូសរុប ៤៣៤ ៥៥២ ហិកតា ក្នុងនោះកៅស៊ូប្រមូលផលជាង ២៣០ ០០០ ហិកតា។ បើតាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញកៅស៊ូរបស់កម្ពុជាកាលពីឆ្នាំ ២០១៨ មានតម្លៃប្រមាណ ៣០០ លានដុល្លារ ដែលមានបរិមាណ ២១០ ០០០ តោន៕LA